ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុន ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​ត្រៀមខ្លួន​ឱ្យ​រួចរាល់​ក្នុង​ការទទួល​ភ្ញៀវទេសចរ​វ៉ាក់សាំង ក៏ដូចជា​អនុវត្ត​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP) ​ដើម្បី​រួមជាមួយ​រដ្ឋាភិបាល​ក្នុង​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ឡើងវិញ​។

ការលើកឡើង​នេះ​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៣០ ខែតុលា នៅ​តំបន់​វិស្សមកាល តារាសាគរ​នៃ​ខេត្តកោះកុង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្តកោះកុង តំណាង​ក្រុមហ៊ុន​វិស្សមកាល​តារាសាគរ​, សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​, សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

លោក ថោង ខុន និយាយ​ថា តាម​ផែនការ​កម្ពុជា​នឹង​បើកទទួល​ទេសចរ​វ៉ាក់សាំង​ចាប់ពី​ចុងខែ​វិច្ឆិកា ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ​ទាំងនោះ​មាន​ប្រភពពី​ទីផ្សារ​មាន​សក្តានុពល និង​មាន​ហានិភ័យ​ទាប (​ជំងឺ​កូវីដ​ ១៩)​។ ទន្ទឹមនឹង​ការត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរទេស​នេះ កម្ពុជា​ក៏ត្រូវ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខ្លួន​ឱ្យ​ក្លាយជា​គោលដៅ​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​និរន្តរភាព​តាម​គន្លង​ប្រក្រតីភាព​ថ្មី ស្រប​តាម​ទស្សនទាន «​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​កាលានុវត្តភាព​» ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ស្រប​ជាមួយ​នឹង​ការត្រៀម​ទទួល​ទេសចរ​វ៉ាក់សាំង យើង​ក៏​មិនត្រូវ​ភ្លេច​ជាដាច់ខាត​នូវ​ការខិតខំ​ពង្រឹង​សុវត្ថិភាព​ក្នុង​ទីតាំង​របស់ខ្លួន​តាមរយៈ​ការសម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឱ្យ​បាន​ញឹកញាប់ តាម​គោលដៅ​ក្នុង​តំបន់​របស់​ខ្លួន​ឱ្យ​មាន​ផាសុកភាព ស្របតាម​ផែនការ «​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​» ដែល​ក្រសួង​ទេសចរណ៍ និង​ក្រសួង​សុខាភិបាល​ដាក់ចេញ ពិសេស​ទទួលភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចាក់​វ៉ាក់សាំង​តែប៉ុណ្ណោះ​»​។

បន្ថែម​លើ​នេះ លោក​ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​វិស្សមកាល​តារាសាគរ​ឱ្យ​ខិតខំ​ពង្រីក​សេវាកម្ម​របស់ខ្លួន​ឱ្យបាន​កាន់តែ​សម្បូរបែប ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​បាន​កាន់តែ​ច្រើន ជាមួយ​នឹង​សេវាកម្ម​ល្អ និង​មាន​តម្លៃ​សមរម្យ ដែល​មិន​ត្រឹមតែ​ទទួល​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ​នោះទេ ភ្ញៀវទេសចរ​ផ្ទៃក្នុង​ក៏​អាច​មក​កម្សាន្ត​កន្លែង​មាន​ផាសុកភាព​នេះដែរ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ១ ខែវិច្ឆិកា ថា កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​ដែល​វិស័យ​ទេសចរណ៍​កម្ពុជា កំពុង​ចាប់ផ្តើម​រៀបចំខ្លួន​ឡើងវិញ​ ដើម្បី​ត្រៀម​ទទួល​ទេសចរណ៍​វ៉ាក់សាំង​ឱ្យ​ចូលមក​ទស្សនា​ បន្ទាប់ពី​បាន​បិទ​ជាង ១ ​ឆ្នាំ​។

លោក​អះអាងថា​៖ «​វិស័យ​ឯកជន​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការទទួល​ភ្ញៀវទេសចរ​បរទេស​ឡើងវិញ​។ នេះ​ជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ពី​ការចាប់ផ្តើម​ឡើងវិញ​បន្តិច​ម្តងៗ ខណៈ​វិស័យនេះ​បាន​ជាប់គាំង​ជិត ២ ​ឆ្នាំ​មកហើយ​»​។

កម្ពុជា​មាន​ផែនការ​ទទួល​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​នេះ​តទៅ ដោយ​ចាប់ផ្តើម​នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង​នៃ​ខេត្ត​ព្រះសីហនុ និង​តំបន់​តារាសាគរ​ (​ខេត្តកោះកុង​) មុន​ឈានទៅ​ខេត្តសៀមរាប​ក្នុង​ខែមករា ឆ្នាំ​ ២០២២៕ LA