ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា វិស័យ​ដឹកជញ្ជូន​កម្ពុជា​បាន​បង្ហាញ​ពី​ភាពមមាញឹក​ជិត​ដូច​មុនពេល​មាន​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅក្នុង​ថ្ងៃទី​ ១ ខែវិច្ឆិកា​ថា កាលពី​អំឡុងពេល​នៃ​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុងប្រទេស សកម្មភាព​នៃ​វិស័យ​ដឹកជញ្ជូន​បាន​ធ្លាក់​មក​នៅ​ប្រមាណ ៧០ ​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពី​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​ផែនការ​បើក​ប្រទេស​ឡើងវិញ ធ្វើឱ្យ​វិស័យនេះ​កើនឡើង​ជាង​ប្រមាណ ៩០ ​ភាគរយ​។

លោក​ពន្យល់ថា ក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​ ១៩ ខ្លាំង​នៅក្នុង​ប្រទេស​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន​ប្រកាស​ផ្អាក​ដំណើរការ​របស់​ខ្លួន ប៉ុន្តែ​បន្ទាប់ពី​មាន​ភាពធូរស្បើយ និង​រដ្ឋាភិបាល​មាន​ផែនការ​បើក​ប្រទេស​ឡើងវិញ ធ្វើឱ្យ​ក្រុមហ៊ុន​ទាំងនោះ​រៀបចំ​បើក​ដំណើរការ​ឡើងវិញ ខណៈ​ក្រុមហ៊ុន​ខ្លះទៀត​កំពុង​ត្រៀម​ដំណើរការ​។

ទោះយ៉ាងណា លោក​បន្តថា តម្លៃ​នៃ​ការដឹកជញ្ជូន​តាម​កប៉ាល់​ទៅ​ប្រទេស​ក្នុង​តំបន់​មួយចំនួន និង​ប្រទេស​ឆ្ងាយ ដូចជា​តំបន់​អឺរ៉ុប និង​អាមេរិក​នៅតែមាន​ខ្ពស់ និង​ខ្វះ​ទូ​កុងតឺន័រ​សម្រាប់​ផ្ទុកទំនិញ ពិសេស​ទំនិញ​កសិកម្ម​។

លោក​ថ្លែងថា​៖ «​ទោះបី​មាន​ការបិទខ្ទប់​តំបន់​មួយចំនួន និង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​វិស័យ​ដឹកជញ្ជូន​នៅតែ​បន្តសកម្មភាព​របស់ខ្លួន គ្រាន់តែ​មាន​ឧបសគ្គ​ខ្លះៗ​»​។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ឃើញ​ថា វិស័យ​ដឹកជញ្ជូន​កម្ពុជា​នៅមាន​កម្រិត ហើយ​ប្រព័ន្ធ​ដឹកជញ្ជូន​ក៏​នៅមាន​ការខ្វះខាត​ដែរ​ពាក់ព័ន្ធ​នឹង​ផ្លូវ និង​កន្លែង​បែក​ចែក​ទំនិញ​។

លោក​បន្ត​ថា វិស័យនេះ​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការដឹកជញ្ជូន​តម្លៃ​ទាប​។ មួយវិញទៀត ផ្លូវ​ហាយវ៉េ​កម្ពុជា​ក៏​មិនទាន់​ឆ្លើយតប​ទៅនឹង​ការធ្វើ​ចរាចរណ៍​ទំនិញ និង​ការរុញ​ឃ្លាំងទំនិញ​ទៅ​ក្រៅ​រាជធានី​ខេត្ត​ក៏​មិនទាន់​ធ្វើបាន​។

លោក​ថ្លែងថា​៖ «​បញ្ហា​នេះ​បានធ្វើ​រថយន្ត​ដឹកទំនិញ​បង្ខំចិត្ត​ចូលមកក្នុង​ក្រុង​។ ដូច្នេះ​ប្រព័ន្ធ​គ្រប់គ្រង​នៅមាន​កម្រិត ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​ជាមួយ​នឹង​ថ្លៃដើម​ខ្ពស់​»៕ LA