ភ្នំពេញៈ សហគមន៍​ធុរកិច្ច​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​លើ​ការបន្ធូរបន្ថយ​ការរឹតបន្តឹង​សម្រាប់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ដែល​រស់នៅ​កម្ពុជា ដោយ​មិនចាំបាច់​ធ្វើ​ចតា្តឡីស័ក​នៅតាម​សណ្ឋាគារ​ទៀត​ទេ ប៉ុន្តែ​ត្រូវធ្វើ​នៅផ្ទះ​ជំនួស​វិញ​។

ការសម្រេច​នេះ​ធ្វើឡើង​ស្រប​ពេល​រដ្ឋាភិបាល​បានប្រកាស​កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ពី​ការបើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការចាប់ផ្ដើម​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ផងដែរ​។

ការកែប្រែ​កន្លែង​ធ្វើ​ចត្តាឡីស័ក​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ថា សេចក្តី​សម្រេច​នេះ​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃ​ប្រកាស ហើយ​មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​លោក​នោះទេ​។

លោក​មានប្រសាសន៍​ថា​៖ «​ឥឡូវនេះ​អ្នកធ្វើ​ធុរកិច្ច​ខ្មែរ​យើង​មកពី​ក្រៅប្រទេស​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​នាំ​តែ​ពិបាក​ទេ អ្នកណា​ដែលមាន​លទ្ធភាព​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ឱ្យធ្វើ​ទៅដោយ​មិនចាំបាច់​មកសុំ​ច្បាប់​ដល់​ខ្ញុំ​ទេ ចាប់​អនុវត្ត​ពីថ្ងៃ​នេះ​តែម្តង​។ អ្នក​ធុរកិច្ច​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​តែ ៣ ថ្ងៃ​ទេ ហើយ​យើង​គិត​ទាំង​អ្នក​ធុរកិច្ច​ទាំង​ក្នុងស្រុក និង​មកពី​ក្រៅ​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​នេះ ព្រោះ​វា​អាចជួយ​ស្តារ​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​។ ការសម្រេចចិត្ត​ដ៏សំខាន់​លើ​ការធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​សម្រាប់​ការត្រឡប់​មកវិញ​របស់​ពាណិជ្ជករ គឺ​អស្ចារ្យ​ណាស់ ព្រោះ​នឹងធ្វើ​ឱ្យ​អាជីវកម្ម​ត្រឡប់មកវិញ​បន្តិច​ម្តងៗ​ទៅរក​ភាពប្រក្រតី ហើយ​ជាការ​ពិតណាស់​វា​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

លោក​បាន​និយាយថា​៖ «​ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា រដ្ឋាភិបាល​កម្ពុជា​បានជ្រើសរើស​យុទ្ធសាស្ត្រ​បង្ការ​ដ៏ត្រឹមត្រូវ​ទាក់ទង​នឹង​ជំងឺ​កូវីដ​ ១៩​។ យុទ្ធសាស្ដ្រ​ទាំងនេះ​ធ្វើឱ្យ​ប្រាកដថា​កម្ពុជា​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់​វ័យ​ដែល​ត្រូវការ ហើយ​ពួកគេ​ត្រូវ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​រួមទាំង​ដូស​ជំរុញ បូក​នឹង​ការពង្រឹង​វិធានការ​សុខាភិបាល​យ៉ាង​តឹងរ៉ឹង​ ដើម្បី​​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ឱ្យ​បានជា​អតិបរមា​»​។

លោក​បន្តថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​គ្រប់យ៉ាង​ ដើម្បី​គ្រប់គ្រង​រាល់​ឱកាស​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ សម្រាប់​ប្រជាជន​ព្រមទាំង​អ្នក​ដែលមាន​លំនៅ ឬ​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ដោយ​គ្មាន​ការរើសអើង​ណាមួយ​ទេ ព្រោះ​មនុស្ស​ម្នាក់ៗ​មិនអាច​កំណត់ ឬ​បង្ហាញ​ព្រំដែន​នៃ​ការឆ្លង ឬ​ការរីករាលដាល​ជំងឺ​នេះ​បានឡើយ​។

លោក​បន្ថែមថា​៖ «​សរុបមក​រដ្ឋាភិបាល​បានជ្រើសរើស​ធ្វើឱ្យ​កម្ពុជា​មាន​ភាពធន់​នឹង​ការរីករាលដាល​ជំងឺ​កូវីដ-១៩​។ ជាថ្មី​ម្តងទៀត​វា​ជា​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​»​។

លោក Anthony Galliano នាយកប្រតិបត្តិ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បាន​ប្រាប់ថា ការរឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ​យ៉ាង​ឆាប់រហ័ស ខណៈដែល​ប្រជាជាតិ​អាស៊ាន​កំពុង​រីកចម្រើន​ជាមួយ​នឹង​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ដែលមាន​ល្បឿន​លឿន​នា​រយៈពេល​ ២-៣ ​ខែ​ចុងក្រោយ​នេះ​។

លោក​អះអាងថា​៖ «​ការឆ្លើយតប​របស់​កម្ពុជា​ចំពោះ​ការបន្ធូរបន្ថយ​ការរឹតបន្តឹង និង​ការធ្វើ​ចតា្តឡីស័ក គឺមាន​ភាព​វិជ្ជមាន​ច្រើន ហើយ​ដំណើរការ​អាជីវកម្ម​កំពុង​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ខណៈ​ការធ្វើ​ចត្តាឡីស័ក​មាន​រយៈពេល ៣ ថ្ងៃ​សម្រាប់​វិនិយោគិន​ដែល​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​រួច​»​។

លោក​បាន​បន្តថា​៖ «​ការបន្ធូរបន្ថយ​ណាមួយ​សម្រាប់​ប្រជាជន​កម្ពុជា និង​ជនបរទេស​រស់នៅក្នុង​ប្រទេស​កម្ពុជា​នឹងត្រូវ​ទទួលយក​ដោយ​ក្តី​រីករាយ ព្រោះ​ការធ្វើ​អាជីវកម្ម គឺ​ទ្វេភាគី​ដោយ​មិនមែន​ឯកតោភាគី​ទេ​។ ធុរកិច្ច​ក្នុងស្រុក​ជាច្រើន​ដូចជា ក្រុមហ៊ុន​របស់​យើង គឺ​ទាមទារ​ឱ្យមាន​ការធ្វើដំណើរ​ជា​អន្តរជាតិ ព្រោះ​យើង​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ជាច្រើន​នៅ​បរទេស ឬ​តម្រូវការ​សម្រាប់​ការងារ​គម្រោង​នៅក្នុង​បណ្ដា​ប្រទេស​ផ្សេងទៀត​»​។

កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​មនុស្ស​អាយុ​ពី​ ១២-១៧ ​ឆ្នាំ​បាន​ចំនួន ៩៧,៨៩ ​ភាគរយ ឬ​ជាង ១,៨ ​លាន​នាក់ និង​ក្រុមមនុស្ស​អាយុ​ពី ៦-១១ ​ឆ្នាំ បាន ១០១,២២ ​ភាគរយ ឬ​ជិត ១,៩ ​លាន​នាក់​។ ជាមួយ​នឹង​ផែនការ​ចាក់​ជូន​ប្រជាជន​ចំនួន ១៦ ​លាន​នាក់​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ប្រហែល ៨៥ ​ភាគរយ​នៃ​ផែនការ​។ នេះ​បើតាម​ក្រសួង​សុខាភិបាល​៕ LA