ភ្នំពេញៈ កម្ពុជា​ប្រមូលបាន​ប្រាក់​ជិត ៤,១ ​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល​មួយចំនួន​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក វេង សាខុន បានឱ្យ​ដឹងថា លទ្ធផល​នៃ​ការនាំចេញ​កសិផល​ពី​កម្ពុជា​ (​មិន​រាប់បញ្ចូល​ផលិតផល​ជលផល ផលិតផល​សត្វ ព្រៃឈើ​ និង​ឈើ​កៅស៊ូ​) ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​តម្លៃ ៤ ០៧១ ៥៧១ ០៩៨,៣៧ ​ដុល្លារ​ដែល​ទីផ្សារ​ទទួល​ទិញ​ផលិតផល​ពី​កម្ពុជា​មាន​ចំនួន ៦៨ ​ប្រទេស​។

ចំពោះ​ប្រភេទ​មុខទំនិញ​សំខាន់ៗ​រួមមាន ការនាំចេញ​អង្ករ ទទួល​បាន​ទឹកប្រាក់ ៣៩២ ៩៨៤ ៣២៦ ​ដុល្លារ​, ស្រូវ ៤៦៥ ៤៩៨ ២៥០ ​ដុល្លារ កសិផល​ផ្សេងទៀត ២ ៨៣៣ ៧០០ ៦១៣,៣៧ ​ដុល្លារ ក្រៅពីនេះ​ជា​កៅស៊ូ​ធម្មជាតិ​។ ចំណែក​បរិមាណ​នៃ​ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស​មាន​ចំនួន​សរុប ៦ ៣៦៤ ៦០៧,២៤ ​តោន​។

លោក​អះអាងថា​៖ «​ការនាំចេញ​កសិផល​សរុប​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំ​ ២០២១ មាន​កំណើន ៨៧,៥៣ ​ភាគរយ ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មាន​ការកើនឡើង​ចំនួន ១០៦,៦២ ​ភាគរយ រីឯ​ការនាំចេញ​អង្ករ​មាន​ការថយចុះ​ចំនួន​ ១៤,២០ ​ភាគរយ​ដោយសារ​តម្លៃ​នៃ​ការដឹកជញ្ជូន​ទៅកាន់​គោលដៅ​មាន​ការកើនឡើង​ទ្វេដង និង​ជួបប្រទះ​បញ្ហា​នឹង​កង្វះ​ទូ​កុងតឺន័រ ទំហំ ២០ ​ហ្វីត​សម្រាប់​ផ្ទុក​អង្ករ​»​។

ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​សកម្មភាព​នៃ​ការធ្វើ​កសិកម្ម​នៅក្នុង​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​ទូទាំងប្រទេស បាននិង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ខណៈដី​មួយ​ចំនួន​ដែល​គេ​ទុកចោល​កាលពីមុន នៅពេល​នេះ​ត្រូវបាន​ប្រជាកសិករ​នាំគ្នា​ដាំដុះ​ដំណាំ​ជាច្រើន ហើយ​បើ​អំណោយផល​កន្លែង​ខ្លះ​ធ្វើ​ច្រើនដង​ទៀតផង​។ សម្ទុះ​នៃ​កំណើន​ការបង្កបង្កើនផល​ក្នុង​វិស័យ​កសិកម្ម​នៅពេល​នេះ​អាច​បណ្តាល​មកពី​កត្តា​មួយចំនួន​ដូចជា ការដាក់ចេញ​គោលនយោបាយ​របស់​រដ្ឋាភិបាល និង​ការជំរុញ​របស់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ដោយ​ខ្លួនឯង ក៏ដូចជា​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផងដែរ​។

លោក​លើកឡើងថា​៖ «​បើ​និយាយ​ពី​ផ្ទៃដី​ដាំដុះ គឺ​មិន​កើនឡើង​ច្រើន​ទេ ប៉ុន្តែ​ការរៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​ដែល​បង្កលក្ខណៈ​អំណោយផល​សម្រាប់​ការដាំដុះ និង​ធ្វើបាន​ច្រើនដង​ក្នុង​ ១ ​ឆ្នាំ​បាន​ធ្វើឱ្យ​ផល​ទទួលបាន​ច្រើនជាង​មុន​»​។ លោក​បន្តថា​៖ «​នេះ​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​កម្ពុជា​អាច​ផលិត​បាន​ច្រើនជាង​មុន និង​មានឱកាស​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​»​។

កំណើន​ផលិតផល​កសិផល​ពេលនេះ​ក៏​បណ្តាលមកពី​កត្តារួម​ផ្សំ​មួយចំនួន​ទៀត​ដូចជា ការផ្សព្វផ្សាយ និង​ការយល់ដឹង​របស់​ប្រជាកសិករ​ពី​អត្ថប្រយោជន៍​នៃ​ការចង​គ្នា​ជា​សហគមន៍​ផលិត មាន​ទីផ្សារ​ទទួល​ទិញ និង​មានការ​បណ្តាក់ទុន​របស់​វិស័យ​ឯកជន​។ នេះ​បើតាម​លោក ងិន ហ៊ុន​។

ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក កែ មុន្ធីវុធ និយាយថា កំណើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ បាន​ធ្វើឱ្យ​វិស័យ​កសិកម្ម​កម្ពុជា​រីកចម្រើន​ជា​បន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​បន្ទាប់ពី​រដ្ឋាភិបាល និង​ក្រសួងកសិកម្ម បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​ជំរុញ​ការដាំដុះ និង​ការពង្រឹង​លើ​គុណភាព​។

លោក​បាន​បន្តថា ការសិក្សា​ពី​ពូជ​សម្រាប់​ដាំដុះ​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​មាន​គុណភាព​កម្រិតស្តង់ដា និង​បញ្ហា​ភូតគាម​អនាម័យ​សុទ្ធតែ​ត្រូវបាន​កែលម្អ ជាពិសេស​ផលិតផល​ផ្លែឈើ​សម្រាប់​នាំ​ចេញទៅ​ក្រៅ​ប្រទេស​ដូចជា ស្វាយ និង​ចេក ជាដើម​។

លោក​បាន​និយាយថា​៖ «​យើង​នឹង​ឃើញ​កំណើន​ខ្ពស់​បន្ថែមទៀត​ នៅពេល​ខាងមុខ ព្រោះ​ក្រៅពី​មាន​អនុវត្ត​ពិធីសារ​ទៅ​ប្រទេស​មួយចំនួន នៅពេល​នេះ​យើង​ក៏បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ភូតគាម​អនាម័យ និង​ការវេចខ្ចប់​បាន​ត្រឹមត្រូវ​តាម​កម្រិតស្តង់ដា​ផងដែរ​»​។

យោងតាម​ទិន្នន័យ​ក្រសួងកសិកម្ម ក្នុង​ឆ្នាំ​ ២០២០ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ក្នុងតម្លៃ​សរុប​ចំនួន ៤,៣៧ ពាន់​លាន​ដុល្លារ កើន​លើស​ឆ្នាំ​ ២០១៩ ចំនួន ៥០០ លាន​ដុល្លារ​៕ LA