ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ថោង ខុន បានលើកឡើង​គន្លឹះ​សំខាន់ៗ​ចំនួន ៦ ដើម្បីឱ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​កោះកុង និង​តំបន់​តារា​សាគរ រៀបចំ​អនុវត្ត​សម្រាប់​ការឈាន​ឆ្ពោះទៅ​បើកទទួល​ភ្ញៀវទេសចរ​វ៉ាក់សាំង​នា​ចុងខែ​វិច្ឆិកា​នេះ​ឱ្យទទួល​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​។

ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង​នៃ​ខេត្ត​ព្រះសីហនុ និង​តំបន់​តារាសាគរ​នៃ​ខេត្តកោះកុង គឺជា​កន្លែង​ដែល​រដ្ឋាភិបាល​បានសម្រេច​ឱ្យ​បើកទទួល​ភ្ញៀវ​ទេសចរ​វ៉ាក់សាំង​មុនគេ​នៅ​កម្ពុជា ដោយ​គ្រោង​ចាប់ផ្តើម​ពីថ្ងៃ​ ៣០ ខែវិច្ឆិកា តទៅ បន្ទាប់ពី​បាន បិទ​មួយរយៈ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង និង​តារា​សាគរ​ (​ខេត្តកោះកុង​) ជា​គោលដៅ​ទទួល​ទេសចរ​វ៉ាក់សាំង​កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ដែល​រៀបចំ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ លោក ថោង ខុន បាន​លើកឡើងថា ដើម្បី​ទទួលជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​គោលដៅ​ទេសចរណ៍​សុវត្ថិភាព គឺ​ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវធ្វើ​កិច្ចការ​មួយចំនួន​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​លើកឡើងថា កិច្ចការ​ទាំងនោះ​មានដូចជា លេខាធិការដ្ឋាន​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​ត្រូវ​សហការ​បន្ទាន់​ជាមួយ​គ្នា​ចាត់តាំង​ក្រុម​ការងារ​ចម្រុះ​ដែល​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ព័ត៌មាន និង​ជា​ក្បាលម៉ាស៊ីន​សម្រេច​កិច្ចការ​នានា​នៅតាម​តំបន់​សុវត្ថិភាព​ដែល​បាន​ចង្អុល​ក្នុង​ «​ផែនការ​យុទ្ធសាស្ត្រ​បើកទទួល​ទេសចរ​វ៉ាក់សាំង​, ត្រូវ​គ្រប់គ្រង​ស្ថិតិ និង​អត្តសញ្ញាណ​អ្នក​ដំណើរ​ចេញ-ចូល​តំបន់​គោលដៅ​សុវត្ថិភាព​ឱ្យ​ច្បាស់លាស់ និង​ត្រូវ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​តាមបែប​បច្ចេកវិទ្យា​, រដ្ឋបាលខេត្ត​ទាំង​ ២ ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ចំពោះ​ការប្រតិបត្តិ​នូវ​លក្ខណវិនិច្ឆ័យ​ទាំងឡាយ​នៃ​ «​ស្តង់ដា​ទីក្រុង​ស្អាត​» ពិសេស​សូចនាករ​ពាក់ព័ន្ធ​នឹង​ភាពស្អាត អនាម័យ និង​ការគ្រប់គ្រង​សំណល់​ឱ្យបាន​ត្រឹមត្រូវ​។

លោក​បន្តថា ចំណែក​ចំណុច​ផ្សេងទៀត​មាន​ដូចជា រដ្ឋបាលខេត្ត​ទាំង​ ២ ត្រូវ​សិក្សា​លទ្ធភាព​អំពី​ការតភ្ជាប់​ជើងហោះហើរ តាម​ជើង​ទឹក និង​ជើងគោក ជាពិសេស​ការតភ្ជាប់រ​វាង​តំបន់​សុវត្ថិភាព​មួយ​ទៅ​តំបន់​សុវត្ថិភាព​មួយទៀត​ «​ក្រុងព្រះសីហនុ​ក្រុង​កោះរ៉ុង​តារាសាគរ​», ត្រូវ​យកចិត្ត​ទុកដាក់​ជំរុញ​ប្រតិបត្តិករ​ទេសចរណ៍​ដែល​ស្ថិតក្រោម​ដែន​សមត្ថភាព​របស់ខ្លួន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ឱ្យ​កាន់តែ​ប្រសើរ​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​ក្នុង​វិស័យ​ទេសចរណ៍​, និង​ត្រូវ​បាន​ការប្រជុំ​តាមដាន​រៀងរាល់​សប្តាហ៍ ដែល​អ្នកទទួលខុសត្រូវ​តាម​ផែន​នីមួយៗ​ត្រូវ​រាយការណ៍​បច្ចុប្បន្នភាព​ការងារ​របស់ខ្លួន​ជាប់​ជាប្រចាំ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ថា ការត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ដើម្បី​ធានា​សុវត្ថិភាព​ទេសចរ​ក៏ដូចជា​អ្នក​ក្នុង​វិស័យ​ទេសចរណ៍ ពិសេស​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ គឺជា​ការចាំបាច់​ព្រោះ​បើ​គ្រប់គ្រង​មិនបាន​ល្អ​វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផែនការ​ទទួល​ភ្ញៀវទេសចរ​បរទេស​។ សម្រាប់​វិស័យ​ឯកជន ការត្រៀម​រៀបចំ​ទីកន្លែង និង​វិធានការ​គឺ​រួចរាល់​អស់ហើយ​៕ LA