ធនាគារព្រីនស៍ ម.ក កាលពី​ថ្ងៃទី៣ ខែ​វិច្ឆិកា​បាន​ចុះ​ហត្ថលេខា​វិនិយោគ​ទឹកប្រាក់​ចំនួន ១៥​លាន​ដុល្លារ​អាមេរិក លើ​សញ្ញា​បណ្ណ​សាជីវកម្ម​ឯកជន​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី (NPPIA) ដែល​ចេញ​ដោយ​ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ។

អាកាសយានដ្ឋាន​ថ្មី​នេះ​មាន​ទីតាំង​​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រាជធានី​ភ្នំពេញ នៅ​ក្នុង​ខេត្ត​កណ្តាល​ដែល​មាន​ផ្ទៃ​ក្រឡា​លាត​សន្ធឹង​នៅ​លើ​ផ្ទៃដី​ជាង ២៦០០ ហិកតា។ បន្ទាប់ពី​បញ្ចប់​​​ការ​សាងសង់​ជា​ស្ថាពរ​អាកាស​យានដ្ឋាន​ថ្មី​នេះ​នឹង​ក្លាយ​ជា​អាកាសយានដ្ឋាន​ដ៏​ធំជាងគេ​ទី ៩ នៅលើ​ពិភព​លោក​និង​ជា​អាកាសយានដ្ឋាន​ដ៏​សំខាន់​មួយ​របស់​ទីក្រុង​ភ្នំពេញ​ដែល​នឹង​មក​ជំនួស​ឱ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចាស់។

ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិន​វេស​មិន​ ឯ.ក (CAIC) គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា​និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា។ សម្រាប់​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ក្រុមហ៊ុន​ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បាន​ទទួល​​សិទ្ធិ​សម្បទាន​ផ្តាច់​មុខ​លើ​អាកាសយានដ្ឋាន​នេះ​ដែល​រួម​មាន​សិទ្ធិ​កម្មសិទ្ធិ​ការ​រចនា​ការ​សាង​សង់​ហិរញ្ញប្បទាន​ប្រតិបត្តិការ​ការ​ថែទាំ​និង​ការ​គ្រប់គ្រង​គម្រោង​ជា​ដើម។

លោក ហ៊ន់ សុរចនា ប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​នាយក​គ្រប់គ្រង​នៃ​ធនាគារព្រីនស៍ ម.ក បាន​មាន​ប្រសាសន៍​ថា៖ «យើង​ពិត​ជា​មាន​សេចក្តី​សោមនស្ស​និង​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​សម្រាប់​ព្រះ​រាជាណាចក្រ​កម្ពុជា។ ជាមួយ​នឹង​គម្រោង​នេះ​ផងដែរ​វា​ពិត​ជា​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ របស់​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន ហើយ​អាច​ជា​កំលាំង​ចលករ​មួយ​​ក្នុង​ការ​គាំទ្រ​និង​ជំរុញ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ផងដែរ​បន្ថែម​ពី​នេះ​ វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​ធនាគារព្រីនស៍​ បាន​ក្លាយ​ជា​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ដែល​ជា​ក្រុម​ហ៊ុន​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​និង​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​យូរ​ជាងគេ​នៅ​កម្ពុជា»។

លោក ហ៊ន់ សុរចនា បាន​បន្ថែម​ទៀត​ថា៖ «ការ​ចូលរួម​នេះ​ផងដែរ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ដោយ​ប្រយោល​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​តាម​រយៈ​ការ​ផ្តល់​នូវ​ជំនួយ​ដល់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​នានា​ហើយ​ជាក់​ស្តែង​យើង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុងការ​គាំទ្រ​ដល់​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​របស់​អតិថិជន​របស់​យើង​លើ​គ្រប់​វិស័យ​មិន​ថា​ពួកគេ​ជា​អតិថិជន​បុគ្គល​អតិថិជន​សហគ្រាស​ធុន​តូច​និង​មធ្យម​​ នៅ​កម្ពុជា និង ក្រុមហ៊ុន​ធំៗ​ ដូចជា ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា (OCIC) ជាដើម ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ឱ្យ​កាន់​តែ​ប្រសើរ»។

ពិធី​ចុះហត្ថលេខា​រវាង គណៈគ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន OCIC CAIC និងធនាគារ ព្រីនស៍។

ពិធី​ចុះ​ហត្ថលេខា​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់​អ្នក​ឧកញ៉ា​បណ្ឌិត ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា (OCIC) និង​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និង​លោក ហ្គុយឆាយ អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ​ព្រីនស៍ ម.ក ក៏​ដូចជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា (OCIC) ក្រុមហ៊ុន ​ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និង​ធនាគារព្រីនស៍ ផងដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនាគារព្រីនស៍ ម.ក សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើង​តាម​រយៈ https://www.princebank.com.kh/ ឬ​ចូលទៅ​កាន់​ ឆាណែល Telegram ផ្លូវការ​របស់​យើង​តាម https://t.me/Princebankproducts ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ​និង​លម្អិត​អំពី​ផលិតផល​ឬ​ប្រូម៉ូសិន (ការ​ផ្សព្វផ្សាយ) នានា៕

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន ក្នុង​ឆ្នាំ ២០១៥ ក្នុង​នាម​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​មួយ ដែល​មាន​ឈ្មោះ​ចាស់​ថា «គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី» ហើយ​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ធនាគារ​ពាណិជ្ជ ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបតិ្តការ​ធនាគារ​លេខ ធ 46 ពី​ធនាគារជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ ២០១៨។  ដោយ​មាន​មូលដ្ឋាន​ដើម​ទុន​​ដ៏​រឹងមាំ ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប ប្រកប​ដោយ​ជំនាញ​ច្បាស់​លាស់ និង​ការ​យល់​ដឹង​យ៉ាង​ទូលំ​ទូលាយ​អំពី​ទីផ្សារ​ក្នុង​ស្រុក ធនាគារ ព្រីនស៍ ម.ក មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​ក្លាយ​ជា​គ្រឹះស្ថាន​ឈាន​មុខ​ក្នុង​វិស័យ​ធនាគារ ដោយ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​ច្រើន​ជម្រើស និង​សម្បូរ​បែប​ដល់​អតិថិជន​របស់​យើង តាម​រយៈសេវាកម្ម និង​ផលិតផល​ជាច្រើន​ប្រភេទ ដែល​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ ជូន​អតិថិជន​របស់​យើង។​ យើង​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍ សហគ្រាស​ធុនតូច និង​មធ្យម ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អតិថិជន​គោលដៅ​របស់​យើង។ បច្ចុប្បន្ន​នេះ យើង​មាន​សាខា​ចំនួន ៣២ និង​ទីតាំង​អេធីអឹម ចំនួន ៧០ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។