ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ បានបង្ហាញ​សុទិដ្ឋិនិយម​ថា​នឹងមាន​ក្រុមហ៊ុន​មកពី​អាមេរិក​កាន់តែច្រើន​ចូលមក​វិនិយោគ និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​អាមេរិក​រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២១ មាន​ចំនួន​ជាង ៥,៥ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ២៨, ៤៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល ដូចគ្នា​ឆ្នាំ​ ២០២០​។

ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​នឹង​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន​ (US-ASEAN Business Council) ​ដែល​ដឹកនាំ​ដោយ​លោក Amb. Michalak អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង​ប្រចាំ​តំបន់​ក្នុង​គោលបំណង​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ជំរុញ​ការវិនិយោគ​មកពី​សហរដ្ឋអាមេរិក មក​ប្រទេស​កម្ពុជា​។

កិច្ចប្រជុំ​ដែល​រៀបចំ​កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ក៏មាន​ការចូលរួម​ពី​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដូចជា ក្រុមហ៊ុន Conoco Phillips, Ford Motor, Amazon, Walmart, Pernod Ricard, Visa និង​ក្រុមហ៊ុន Jhpiego ជាដើម​។

លោក ប៉ាន សូរស័ក្តិ បាន​លើកឡើងថា ភាពជោគជ័យ​នៃ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការបើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​របស់ខ្លួន​ឡើងវិញ​លើ​គ្រប់​វិស័យ​។ លោក​បន្តថា ក្រៅពីនេះ​កម្ពុជា​ក៏​បាននិង​កំពុង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​កិច្ចការ​ជាច្រើន ព្រមទាំង​ដាក់ចេញ​នូវ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន​ ដើម្បី​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក សូរស័ក្តិ ថ្លែងថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត និង​បន្ត​គាំទ្រ​ព្រមទាំង​សម្របសម្រួល​ដល់​ក្រុមហ៊ុន​អាមេរិក ដែលមាន​សំណូមពរ និង​ចម្ងល់​​ផ្សេងៗ​អាចទាក់ទង​មក​ក្រសួង​ពាណិជ្ជកម្ម ឬ​ខ្ញុំ​ផ្ទាល់​ដើម្បី​ដោះស្រាយ និង​សម្របសម្រួល​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​»​។

ពេល​ថ្មី​នេះ​ប្រទេស​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ដូចជា គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០២១-២០៣៥, ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, ច្បាប់​ស្តីពី​ការការពារ​អ្នកប្រើប្រាស់​,​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​, មុខងារ និង​តួនាទី​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​,​ និង​ជាពិសេស​ការយកចិត្ត​ទុកដាក់​ដល់​ការការពារ​កម្មសិទ្ធិបញ្ញា ជាដើម​។ ក្រៅពីនេះ​កម្ពុជា​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ រួមទាំង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ផងដែរ​។ នេះ​បើតាម​លោក​សូរស័ក្តិ​។

លោក Amb. Michalak បាន​សម្ដែង​ការសាទរ​ចំពោះ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង និង​ការបើក​សកម្មភាព​សេដ្ឋកិច្ច សង្គម​ឡើងវិញ ព្រមទាំង​ថ្លែង​អំណរគុណ​ដល់​កម្ពុជា​ដែល​តែង​យកចិត្ត​ទុកដាក់​សម្របសម្រួល និង​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ដល់​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន​នៅ​កម្ពុជា​។ លោក Michalak ក៏បាន​សន្យាថា​នឹង​ជំរុញ​វិនិយោគិន​អាមេរិក​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ ដើម្បី​ជួយ​គាំទ្រ​ក្នុង​ការស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ ក្រោយ​ជំងឺ​កូវីដ​ ១៩​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៣ ខែវិច្ឆិកា​ថា ការទទួល​បាន​វិនិយោគិន​ពី​ប្រទេស​ធំៗ គឺជា​ក្តី​ប្រាថ្នា​របស់​គ្រប់​ប្រទេស​នៅលើ​ពិភពលោក​។ អាមេរិក​មិន​ត្រឹមតែ​ជា​ប្រទេស​ធំ និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ប្រទេស​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ទៀតផង​។ ការចូលមក​វិនិយោគ​របស់​វិនិយោគិន​អាមេរិក​នឹង​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​មកកាន់​កម្ពុជា​ផងដែរ​។

លោក​លើកឡើង​ថា​៖ «​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​បង្កើន​សក្តានុពល​ក្នុង​ការទាក់ទាញ​វិនិយោគិន​ពី​គ្រប់​ប្រទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​»​។ លោក​បន្ថែមទៀតថា​៖ «​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​, កូរ៉េ និង​តំបន់​ក៏​នឹង​ក្លាយជា​កម្លាំង​ចលករ​ជួយ​ទាក់ទាញ​ការចូល​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​»៕ LA