ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី​នឹង​ក្លាយជា​ឧបករណ៍​ដ៏សំខាន់ មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​ក្នុង​ការស្ដារ​ឡើងវិញ​នូវ​សង្គម​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ​ ១៩ និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទិសដៅ​ដ៏ទាក់ទាញ​សម្រាប់​វិនិយោគិន​នានា​។

ការលើកឡើង​របស់​លោក ប្រាក់ សុខុន ធ្វើឡើង​កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក្នុង​សិក្ខាសាលា​តាម​ប្រព័ន្ធ​វីដេអូ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​ការបរទេស ដើម្បី​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី​ជូន​ដល់​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

លោក ប្រាក់ សុខុន ក៏បាន​រំលេច​ពី​បច្ច័យ​អវិជ្ជមាន​ដែល​កើតចេញពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​សកល និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទូទាំង​ពិភពលោក​មាន​ការធ្លាក់​ចុះ គួរឱ្យ​កត់សម្គាល់ ព្រមទាំង​ការប្រកួតប្រជែង​អំណាច​របស់​មហាអំណាច​ដែល​ធ្វើឱ្យ​ប្រែប្រួល សណ្តាប់ធ្នាប់​អន្តរជាតិ និង​បានដាក់​សម្ពាធ​ដល់​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​ប៉ះពាល់​ដល់​មជ្ឈភាព និង​សាមគ្គីភាព​អាស៊ាន និង​ទំនាក់ទំនង​របស់​អង្គការ​តំបន់​នេះ​ជាមួយ​ដៃគូ​ខាងក្រៅ​។

លោក​ ប្រាក់ សុខុន ត្រូវបាន​ដកស្រង់​សម្តី​យ៉ាង​ដូច្នេះ​ថា​៖ «[​ខ្ញុំ​] ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការប្រកាស​ឱ្យប្រើ​ច្បាប់​វិនិយោគ​នេះ​នឹង​ក្លាយជា​ឧបករណ៍​មួយ​ដ៏សំខាន់​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ក្នុង​ការស្ដារ​ឡើងវិញ​នូវ​សង្គមសេដ្ឋកិច្ច​ ក្រោយ​វិបត្តិ​កូវីដ​ ១៩ និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទិសដៅ​ដ៏ទាក់ទាញ​មួយ​សម្រាប់​វិនិយោគិន ស្រប​ពេលដែល​រាជរដ្ឋាភិបាល​សម្រេច​ឱ្យមាន​ការបើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច និង​ប្រទេស​ឡើងវិញ​ជា​បណ្ដើរៗ ដើម្បី​ទទួល​ស្វាគមន៍​វិនិយោគិន​បរទេស និង​ភ្ញៀវទេសចរ ជាពិសេស​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​»​។

លោក សុក ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចាត់ទុក​ការផ្សព្វផ្សាយ​ច្បាប់​នេះ​ចំពោះ​បណ្ដា​អង្គទូត​កម្ពុជា​ប្រចាំ​ស្ថាន​បេសកកម្ម​ការទូត​នៅក្រៅ​ប្រទេស​ថា​ជា​យុទ្ធសាស្ត្រ​ដ៏មុតស្រួច​ក្នុង​ការបង្ហាញ​ពី​កាលានុវត្តភាព​នៅ​កម្ពុជា​សំដៅ​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​ប្រកប​ដោយ​គុណភាព​បន្ថែមទៀត​។

លោក​បាន​គូសបញ្ជាក់ថា កិច្ចសហការ​ជាប្រចាំ​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ព្រមទាំង​ស្ថាន​បេសកកម្ម​ការទូត​កម្ពុជា​ប្រចាំ​នៅក្រៅ​ប្រទេស​ដែល​ជានិច្ចកាល​តែង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជំរុញ​វិនិយោគ​ និង​ផ្សព្វផ្សាយ​ពី​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​ជូន​ដល់​វិនិយោគិន​បរទេស​។

លោក​បាន​ថ្លែងថា​៖ «[​ខ្ញុំ​] ​មាន​សុទិដ្ឋិនិយម​ថា​ឯកឧត្តម​លោកជំទាវ​ដែលជា​តំណាង​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ទាំងអស់​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ពី​អត្ថប្រយោជន៍​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ​ ដើម្បី​ឱ្យ​អ្នកវិនិយោគ​នៅក្រៅ​ប្រទេស​បាន​យល់​កាន់តែច្បាស់​ និង​ធ្វើការ​សម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា​ដែល​ជា​ទីតាំង​វិនិយោគ​ប្រកបដោយ​សក្តានុពល​»​។

ច្បាប់​ស្ដីពី​វិនិយោគ​នេះ​ត្រូវបាន​តាក់តែងឡើង​តាម​ការចង្អុលបង្ហាញ​របស់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥ និង​បាន​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ​ និង​តាក់តែងឡើង​យ៉ាង​ហ្មត់ចត់ ដោយ​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៥ ​រហូត​បានបញ្ចប់​នៅ​ចុង​ឆមាស​ទី​១ ​នៃ​ឆ្នាំ​ ២០១៩ ​ស្របតាម​អនុសាសន៍​ណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​ ១៨ ​កាលពី​ថ្ងៃទី​ ២៩ ​ខែ មីនា​ ឆ្នាំ​ ២០១៩​។ ច្បាប់​វិនិយោគ​ថ្មី​នេះ​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​កាលពី​ថ្ងៃទី​ ៩ ខែកញ្ញា​ឆ្នាំ​ ២០២១ នេះ​។

គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៧៥ ​គម្រោង ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ​ ២០២១ ធ្លាក់ចុះ​ជិត ៣០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​ថ្មីៗ​នេះ​៕ LA