តម្លៃ​ប្រេងឆៅ​នៅ​សប្តាហ៍​នេះ​មាន តម្លៃ​ចន្លោះ​ពី ៨០ ទៅ ៨៥ ដុល្លារ​ក្នុង​ ១ ​បារ៉ែល ដែល​បង្ហាញ​ពី​ជំហរ​រឹងមាំ​សម្រាប់​រយៈពេល​វែង បន្ទាប់ពី​បាន​បង្កើត​កំណត់ត្រា​ខ្ពស់បំផុត​ចាប់ពី​ឆ្នាំ ២០១៤​។ កត្ដា​នេះ​បណ្ដាល​មកពី​កង្វះខាត​ការផ្គត់ផ្គង់​សកល និង​តម្រូវការ​ខ្ពស់​នៅ​សហរដ្ឋអាមេរិក​ ដែល​ជា​ប្រទេស​ប្រើប្រាស់​ប្រេងឆៅ​ធំ​បំផុត​របស់​ពិភពលោក​។

គេហទំព័រ CNBC បាន​លើកឡើងថា​៖ «​តម្លៃ​ប្រេងឆៅ​ហាក់ដូចជា​នៅតែ​អាច​កើនឡើង​ខ្ពស់ ខណៈ​វិនិយោគិន​មួយ​ចំនួន​កំពុង​រង់ចាំ​ការបញ្ជាក់ បន្ទាប់ពី​បញ្ជី​សារពើភណ្ឌ​ប្រេងឆៅ EIA ទាំង​ ២ ដែលមាន​តម្រូវការ​ផលិតផល​ច្រើន​​បំផុត កំពុងស្ថិត​ក្នុងទិសដៅ​ត្រឹមត្រូវ ស្រប​ពេលដែល​ផលិតកម្ម​របស់​សហរដ្ឋអាមេរិក​មិនមាន​កំណើន ហើយ​អង្គការ OPEC+ នៅតែ​ប្រកាន់ខ្ជាប់​នូវ​ផែនការ​ផលិត​ប្រេង ៤០០ ០០០ ​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​ដដែល ទោះបីជា​មាន​ការអំពាវនាវ​ឱ្យមាន​ប្រេង​កាន់តែ​ច្រើន​ពី​ប្រទេស​ប្រើប្រាស់​សំខាន់ៗ​ក៏ដោយ​។

ចំណែក Oilprice.com កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់ថា​៖ «​នៅ​មានរឿង​ជាច្រើន​សម្រាប់​តម្លៃ​ប្រេង​ ដើម្បី​បន្ដ​កើនឡើង ខណៈ​តម្រូវការ​កំពុង​ស្ថិត​ក្នុង​ដំណើរ​លឿន​ជាង​ការផ្គត់ផ្គង់​ពេញ​ ១ ​ឆ្នាំ​។ ឥឡូវនេះ អ្នកវិភាគ​ជាច្រើន​កំពុង​រៀបចំ​សម្រាប់​តម្លៃ ១០០ ដុល្លារ ខណៈ​ការបំពេញ​តម្រូវការ​ទំនង​ជា​មិន​កើតឡើង​ឆាប់ៗ​នេះ​ទេ​។

ទោះ​យ៉ាងនេះ​ក្ដី ក្រាប​តារាង​តម្លៃ​ប្រេងឆៅ​កំពុង​បង្កើត​សញ្ញា​នៃ​ការធ្លាក់ចុះ បន្ទាប់ពី​បង្កើត​កម្រិត​របាំង​ដ៏ធំ​មួយ​នៅ​តម្លៃ ៨៥ ​ដុល្លារ និង​កម្រិត​របាំង​តូច​នៅ​តម្លៃ ៨៤ ​ដុល្លារ ដែល​អាច​ងាក​ទៅរក​​តម្លៃ ៨០ ​ដុល្លារ​វិញ​។

សម្រាប់​ការវិភាគ​ជួញដូរ​នៅ​សប្តាហ៍​នេះ វិនិយោគិន​អាច​បន្ត​ទិញ​ប្រេងឆៅ ប៉ុន្ដែ​ប្រសិនបើ​តារាង​តម្លៃ​បង្ហាញ​កាន់តែ​ច្បាស់​ថា​នឹង​ធ្លាក់ចុះ​នោះ វិនិយោគិន​អាច​ពិចារណា​លក់​ក្នុង​តម្លៃ ៨៥ ដុល្លារ​ដោយ​កំណត់​មុខងារ​បញ្ឈប់​ហានិភ័យ ៩១ ​ដុល្លារ និង​មុខងារ​​កាត់​យកប្រាក់​ចំណេញ​នៅ​តម្លៃ ៧៥ ដុល្លារ​៕