ភ្នំពេញៈ លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមាន​ប្រវត្តិ​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម​ច្រើន​ប្រភេទ​រួមទាំង​ដំណាំ​ស្វាយ​ផង បានផ្តល់​យោបល់​ឱ្យ​កសិករ​កំពុង​ដាំ​ស្វាយ​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​ចេះ​កែប្រែ​ចម្ការ​ពី​ស្វាយកែវ​រមៀត​ទៅ​ដាំដុះ​ស្វាយ​ផ្សេងៗ​ទៀត ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ជំរុញ​ការនាំចេញ​។

តាមរយៈ​វីដេអូ​ដែល​លោក​បង្កើត​ជិត​ ១០ ​នាទី និង​បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ២ ​ខែ វិច្ឆិកា ឆ្នាំ​ ២០២១ លោក ម៉ុង ឫទ្ធី បាន​ណែនាំ​ឱ្យ​កសិករ​ត្រូវ​កែប្រែ​បច្ចេកទេស​ពី​ការដាំ​ពូជ​ស្វាយ​កែវរមៀត ដោយ​កាត់ត​ទៅ​ជា​ពូជ​ស្វាយកែវ​សាវើយ និង​ស្វាយ​ពូជ​ណាំដកមៃ ទើប​អាចបំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​អាច​នាំចេញ ប៉ុន្តែ​បើក​ដាំ​ពូជ​ស្វាយកែវ​រមៀត​នៅក្នុង​សម័យ​កូវីដ​នេះ កម្ពុជា​ប្រាកដ​ជា​មិនអាច​នាំចេញ​បានទេ លុះត្រាតែ​មានការ​កែច្នៃ​ដោយ​ការសម្ងួត​។

លោក ម៉ុង ឫទ្ធី បាន​បន្តថា បច្ចុប្បន្ន​លោក​បាន​កាត់ត​ប្តូរ​ពូជ​ស្វាយកែវ​រមៀត​ទៅជា​ពូជ​ស្វាយ​ដកម៉ៃ​ប្រមាណ​ ៥ ០០០ ​ដើម ដើម្បីឱ្យ​ក្លាយ​ទៅជា​ពូជ​ ២ ​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ព្រោះ​វា​មាន​រសជាតិ​មិន​ជូរ​ដូច​ស្វាយកែវ​រមៀត​ទេ​។

ទោះយ៉ាងណា លោក​អះអាង​ថា ការកាត់ត​ប្តូរ​ពូជ​ស្វាយ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ និង​ត្រូវមាន​បច្ចេកទេស​ត្រឹមត្រូវ ជាពិសេស​ត្រូវតែ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការថែទាំ ដោយ​ដើរ​បេះ​មែក​ព្រៃចេញ​ទុក​តែ​មែក​ស្រុក និង​នៅពេល​លូតលាស់​សន្លឹក​ត្រូវ​សត្វល្អិត​ចូលចិត្ត​ស៊ី​ណាស់ ដោយ​ទាមទារ​បាញ់ថ្នាំ​ជាប្រចាំ​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវតែ​មាន​ថ្នាំ​សម្រាប់​បាញ់​សត្វល្អិត​កុំឱ្យ​ស៊ី​ត្រួយស្វាយ​របស់​យើង និង​ត្រូវដាក់​ជី​បន្តបន្ទាប់ ព្រមទាំង​ថែទាំ​ឱ្យបាន​ដិតដល់ ដោយ​សា្វយ​ខ្លះទៀត​បើ​មើលថែ​ដិតដល់​អាច​ប្រើពេល​ពី​ ១០ ទៅ​ ១២ ​ខែ អាច​ចេញ​ផ្កា​ខ្លះៗ​។ បើ​មិន​អ៊ីចឹង​ទេ វា​ខូច​អត់​បាន​ផល​ និង​មិនអាច​ផ្គត់ផ្គង់​ទីផ្សារ និង​ការនាំចេញ​បានទេ​»​។

ស្វាយ​ ១ ​ប្រភេទ​ទៀត​ដែល​លោក​បាន​ណែនាំ​គឺ​ពូជស្វាយ​ «​អាយវិន​» ដែល​ពូជ​ស្វាយ​នេះ​ក៏​មាន​ទីផ្សារ​ដែរ ប៉ុន្តែ​ប្រភេទ​ពូជ​ស្វាយ​នេះ​ពិបាក​ថែទាំ​ និង​ត្រូវការ​បច្ចេកទេស​ខ្ពស់​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​ការលើកឡើង​នេះ កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក អ៊ុន សាវឿន ប្រធាន​សហគមន៍​ស្វាយកែវ​រមៀត​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ​ខែវិច្ឆិកា​ថា សហគមន៍​របស់លោក​ក៏​ធ្លាប់​អនុវត្ត​ពិសោធន៍​បច្ចេកទេស​ដាំ​ពូជ​កែវ​សាវើយ​ដែរ ប៉ុន្តែ​មិន​ទទួលបាន​ផល​ទេ​។

លោក​បន្តថា កន្លងមក​សហគមន៍​រំពឹង​ទៅលើ​តែ​ពូជ​ស្វាយកែវរមៀត ប៉ុន្តែ​មិនអាច​ធ្វើ​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បានទេ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​និយាយថា​៖ «​របរ​ដាំ​ស្វាយ បើ​មិន​រក​ទីផ្សារ​នៅក្រៅ​ប្រទេស​ទេ គឺ​មិនអាច​ទៅរួច​ឡើយ ហើយ​បើ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​របស់​យើង ក៏​គ្មាន​អ្នកណា​ទិញយក​ហូប​ដែរ ព្រោះ​គេ​ដាំ​តែ​ ២ ​ដើម​ហូប​មិន​អស់​ផង​»​។

បើតាម​លោក សាវឿន កន្លងមក​ចិន​មាន​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា និង​បាន​អនុញ្ញាតឱ្យ​មាន​ការនាំ​ស្វាយ​ជា​ផ្លូវការ ប៉ុន្តែ​បានតែ​ម្តង​ ឬ​ ២ ​ដង​ប៉ុណ្ណោះ ដោយ​ក្រោយមកទៀត​ហាក់​ដូចជា​ស្ងាត់​ទៅវិញ ខណៈ​កន្លងមក ក៏​មាន​ការនាំចេញ​ក្រៅប្រទេស​បាន​តិចតួច​ប៉ុណ្ណោះ​។

កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ​សរុប​ ១៣១ ៨៩០​ ហិកតា ដោយ​ផ្ទៃដី​ប្រមូលផល​ចំនួន ៩៣ ០៩៩ ហិកតា​៕ LA

វីដេអូ៖