ភ្នំពេញៈ កម្ពុជា-បារាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​ការផ្តល់ជំនួយ​បច្ចេកទេស​សម្រាប់​គម្រោង​កសាង​សមត្ថភាព​ក្នុង​វិស័យ​អាកាសចរ​ស៊ីវិល​សំដៅ​ធ្វើឱ្យ​ប្រសើរ និង​លើក​កម្ពស់​ប្រព័ន្ធ​សុវត្ថិភាព និង​បរិស្ថាន​អាកាសយានដ្ឋាន ក៏ដូចជា​បង្កើន​ភាពទាក់ទាញ​អ្នកទេសចរ​តាមផ្លូវ​អាកាស​មក​ប្រទេស​កម្ពុជា​កាន់តែច្រើន​។

កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា នៅ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ (SSCA) ​រវាង​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល និង លោកស្រី Ophelie BOURHIS នាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ (AFD)​។ ក្នុង​ពិធី​នោះ​ក៏មាន​ការចូលរួម​ពី​លោក Damien CAZE អគ្គនាយក​នៃ​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បារាំង​ (DGAC) ​ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី SSCA តាមរយៈ​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​បារាំង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ៤៥០ ០០០ ​អឺរ៉ូ​ ដើម្បី​អនុវត្ត​គម្រោង​កសាង​សមត្ថភាព​ក្នុង​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា សំដៅ​ធ្វើឱ្យ​ប្រសើរឡើង និង​លើកកម្ពស់​ប្រព័ន្ធ​សុវត្ថិភាព និង​បរិស្ថាន​អាកាសយានដ្ឋាន​នៅ​កម្ពុជា ក៏ដូចជា​បង្កើន​ភាពទាក់ទាញ​អ្នកទេសចរ​តាមផ្លូវ​អាកាស​មក​កម្ពុជា តាមរយៈ​ការជួយ​ដល់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល អនុវត្ត​បទប្បញ្ញត្តិ​សុវត្ថិភាព​អាកាសចរណ៍ និង​ពង្រឹង​នូវ​លក្ខខណ្ឌ​សុវត្ថិភាព និង​បរិស្ថាន​ក្នុង​អាកាសយានដ្ឋាន​នៃ​ប្រទេស​កម្ពុជា​។

គម្រោង​នេះ​ផ្តោតលើ​ការងារ​អាទិភាព​ចំនួន​ ៤ រួមមាន ការពង្រឹង​ការគ្រប់គ្រង​បរិស្ថាន​អាកាសយានដ្ឋាន​, ផ្តល់​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​សមត្ថភាព​លើ​ការថែទាំ​បច្ចេកទេស​អាកាសយាន​, ផ្តល់​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​សមត្ថភាព​ពេទ្យ​អាកាសចរណ៍​, និង​ពង្រឹង​សុវត្ថិភាព​អាកាសយានដ្ឋាន​។

លោក ម៉ៅ ហាវណ្ណាល់ បាន​យល់ឃើញថា កិច្ចព្រមព្រៀង​នេះ​គឺ​ពិតជា​ឆ្លើយតប​នឹង​សេចក្តីត្រូវការ និង​ការងារ​ជា​អាទិភាព​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ លោក​ថ្លែងថា​៖ «​ពិធី​ចុះហត្ថលេខា​ថ្ងៃនេះ ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏យូរអង្វែង និង​ជា​ផ្លែផ្កា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​ប្រទេស​ទាំង​ ២»​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា​ថា នេះ​មិនមែនជា​ជំនួយ​លើក​ដំបូង​ដែល​ផ្តល់​ដោយ​សាធារណរដ្ឋ​បារាំង​ដល់​កម្ពុជា​ទេ ពិសេស​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​អាជ្ញាធរ​អាកាសចរស៊ីវិល​ប្រទេស​ទាំង​ ២​។

លោក​ប្រាប់ថា​៖ «​ចាប់តាំងពី​ឆ្នាំ​ ១៩៩៩ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា និង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បារាំង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជំនួយ​បច្ចេកទេស​ជាច្រើន​ ដើម្បី​អនុវត្ត​គម្រោង​ផ្សេងៗ​ដូចជា គម្រោង​កសាង​សមត្ថភាព​តាមរយៈ​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី និង​វែង​ដល់​មន្ត្រី​បច្ចេកទេស​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ការផ្តល់​ជំនាញ​ការរយៈពេល​ខ្លី-វែង​ឱ្យជួយ​រៀបចំ​បទប្បញ្ញត្តិ​បច្ចេកទេស និង​ឯកសារ​ណែនាំ​អាកាសចរស៊ីវិល ក៏ដូចជា​ការជួយ​សិក្សា និង​វិភាគ​ផលប៉ះពាល់​សេដ្ឋកិច្ច​នៃ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​កម្ពុជា​ផងដែរ​»​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹង​កាលពី​ចុងខែ​មិថុនា ឆ្នាំ​ ២០២១ ​ថា រដ្ឋាភិបាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) បាន​សន្យាថា នឹង​បង្កើន​ទំហំ​ឥណទាន​សម្បទាន​ចន្លោះ​ពី ១០០-១២០ ​លាន​អឺរ៉ូ ក្នុង​ ១ ​ឆ្នាំ​មកដល់​ប្រទេស​កម្ពុជា​៕ LA