ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បានអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម​បៀរហ្គាដិន​ឡើងវិញ នៅ​ទូទាំង​ប្រទេស​ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​បៀរហ្គាដិន​។

សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា​ឆ្នាំ​ ២០២១ ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹងថា សេចក្តី​សម្រេច​នេះ មាន​គោលបំណង​ដាក់ឱ្យអនុវត្ត វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​បៀរហ្គាដិន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​លើកកម្ពស់​សុវត្ថិភាព​ទេសចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

អាជីវកម្ម​បៀរហ្គាដិន​ដែល​ត្រូវបាន​ចាត់ទុក​អនុវត្ត​ត្រឹមត្រូវ​ត្រូវ​ទទួលបាន​ «​លិខិតបញ្ជាក់​ទទួលស្គាល់​អាជីវកម្ម​បៀរហ្គាឌិន ដែល​អនុវត្ត​ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​អាជីវកម្ម​បៀរហ្គាដិន​»​។ នេះ​បើតាម​សេចក្តី​សម្រេច​ដោយ​អាជីវកម្ម​អនុវត្តបាន​ចាប់ពី​ ៨០% ​ឡើង​នៃ​ពិន្ទុសរុប និង​បំពេញបាន​គ្រប់​ចំណុច​តម្រូវ​ចាំបាច់​ទាំងអស់​។

សេចក្តី​សម្រេច​នេះ​បន្តថា ប្រតិបត្តិករ​ទេសចរណ៍ ដែលមាន​បំណង​ប្រកប​អាជីវកម្ម​បៀរហ្គាដិន ឬ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍ ត្រូវដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ទេសចរណ៍​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​រាជធានី-ខេត្ត​។

វិធាន​សុវត្ថិភាព​ទេសចរណ៍​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​កាតព្វកិច្ច និង​ជា​លក្ខខណ្ឌ​បន្ថែម​ក្នុង​ការស្នើសុំ​ថ្មី ឬ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​។

អាជីវកម្ម​បៀរហ្គាដិន​ដែល​បាន​បិទ​ផ្អាក​សកម្មភាព​ដោយ​រដ្ឋបាល​រាជធានី-ខេត្ត​ក្នុងអំឡុង​ពេល​វិបត្តិ​កូវីដ​ ១៩ ហើយ​មានបំណង​ប្រកប​អាជីវកម្ម​បៀរហ្គាដិន​ឡើងវិញ ត្រូវដាក់​ពាក់​ស្នើសុំ​អាជ្ញាប័ណ្ណ​ទេសចរណ៍​ថ្មី ដែលមាន​សុពលភាព​រយៈពេល​ ១ ​ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​ដាក់ពាក្យ​ស្នើសុំ​បាន​ពេញលេញ ស្របតាម​បែបបទ និង​នីតិវិធី​ស្នើសុំ​អាជ្ញាប័ណ្ណ​ទេសចរណ៍​ថ្មី​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ​ខែវិច្ឆិកា​ឆ្នាំ​ ២០២១ នេះ ឱ្យដឹងថា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ដល់​អភិបាល​រាជធានី-ខេត្ត​អំពី​ដាក់ឱ្យ​ដំណើរការ​បៀរហ្គាដិន​នេះ​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​មិនទាន់​ឱ្យ​បើក​ខារ៉ាអូខេ រង្គសាល និង​ឌីស្កូតេកទេ ក្រសួង​ឱ្យ​បើក​តែ​បៀរហ្គាដិន ព្រោះ​មាន​លក្ខខណ្ឌ​ខុសៗ​គ្នា​»​។

បើតាម លោក តុប សុភ័ក តួលេខ​បៀរហ្គាដិន​ដែល​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ​មាន​ចំនួន ១៧៣ ទីតាំង និង​មាន​អ្នកបម្រើ​ការងារ​នៅក្នុង​បៀរហ្គាដិន​នេះ​មាន​ជាង ៣ ២០០ ​នាក់​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​ថា មុន​នឹង​អនុញ្ញាត​ឱ្យ​បើក​ដំណើការ​ក៏​ត្រូវ​មាន​ការត្រួតពិនិត្យ​ពី​ក្រសួង​ជំនាញ ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់​ដែរ ថា​តើ​អាជីវកម្ម​បៀរហ្គាដិន​ទាំងនោះ អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ប្រតិបតិ្ត​ស្តង់ដា​អប្បបរមា (SOP) ​ដែរឬ​ទេ​?

លោកស្រី ពេញ សុចេតនា ម្ចាស់​ហាង​ឫស្សី​ស្រស់ បៀរហ្គាដិន​ &ktv នៅ​ទីក្រុង​ភ្នំពេញ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោកស្រី​សម្រេចចិត្ត​មិន​ស្នើសុំ​បើក​ដំណើរការ​ឡើង​វិញ​ទេ បើទោះបី​ក្រសួង​អនុញ្ញាត​ឱ្យ​ដំណើរការ​វិញ​ក៏ដោយ ព្រោះ​រយៈពេល​នៃ​ការបិទ​ជិត​ ២ ​ឆ្នាំនេះ លោកស្រី មិន​ទទួល​បាន​ចំណូល​ពី​អាជីវកម្ម​នេះ និង​មិនមាន​ដើមទុន​ប្រកប​អាជីវកម្ម​នេះ​បន្ត​ឡើងវិញ​ទេ​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ឱ្យ​ដឹង​ដែរ​ថា បៀរហ្គាដិន​គឺជា​ផ្នែក​មួយ​នៃ​សេវា​កម្សាន្ត​ដែល​នៅ​ពាក់កណ្តាល សេវាកម្ម​ម្ហូបអាហារ និង​កម្សាន្ត ហើយ​នៅពេល​ដែល​បើក​ដំណើរការ​ឡើងវិញ​នេះ វា​ជួយ​សេដ្ឋកិច្ច​បាន​ច្រើន​ដោយ​ផ្តល់​ចំណូល​ប្រចាំខែ​ដល់​បុគ្គលិក​កម្មករ​ និង ជួយ​ជំរុញ​សេដ្ឋកិច្ច​ផ្នែក​ខ្លះទៀត​ទៅលើ​ម្ហូបអាហារ និង​ភេសជ្ជៈ​។

លោក​បន្តថា មួយរយៈ​ដែល​រាជរដ្ឋាភិបាល​បិទ​នេះ​បាន​ធ្វើឱ្យ​មនុស្ស​ជាច្រើន​គ្មាន​ការងារ​ធ្វើ និង​បាត់បង់​ប្រាក់ចំណូល​ដល់​មនុស្ស​ជាច្រើន មិន​ត្រឹមតែ​អ្នកបម្រើ​សេវាកម្ម​ម្ហូបអាហារ ប៉ុន្តែ​សូម្បី​នារី​ដែល​កំដរ​ភ្ញៀវ​ក៏​បាត់​ចំណូល​ច្រើន​ដែរ​៕ LA

វីដេអូ៖