ភ្នំពេញៈ ធនាគារ​ហត្ថា របស់​កម្ពុជា​ដែល​ជា​បុត្រសម្ព័ន្ធ​ធនាគារ Ayudhya ជា​ធនាគារពាណិជ្ជ​ធំជាងគេ​ទី​ ៥ នៅ​ប្រទេស​ថៃ​បាន​ជ្រើសរើស​ក្រុមហ៊ុន Temenos Infinity ដើម្បី​រៀបចំ​កម្មវិធី​ផ្តល់​កម្ចី​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ​ដែល​ជា​អតិថិជន​របស់ខ្លួន​។

Temenos Infinity ដែលជា​ក្រុមហ៊ុន​សូហ្វវែរ​ធនាគារ​មាន​មូលដ្ឋាន​នៅ​ស្វ៊ីស គឺជា​ថ្នាល​ធនាគារ​ឌីជីថល​លំដាប់​លេខ​ ១ នៅលើ​ពិភពលោក​។

លោក ហួត អៀងតុង ប្រធាន​នាយកប្រតិបត្តិ ធនាគារ ហត្ថា បានឱ្យ​ដឹងថា ជាមួយ​នឹង​ការសម្រេចចិត្ត​ជ្រើសរើស​នេះ ក្រុមហ៊ុន Temenos នឹង​ជួយ​ធនាគារ​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​កាន់តែ​ប្រសើរ​ជាមួយ​នឹង​ដំណោះស្រាយ​បច្ចេកវិទ្យា​ខ្ពស់​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Temenos ខណៈ​យើង​ពង្រីក​ប្រតិបត្តិ​ការបន្ថែម​។ យើង​នឹង​ផ្តល់​សិទ្ធិ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ជាមួយ​នឹង​សេវាកម្ម​ធនាគារ​បែប​ឌីជីថល​ដែល​មិនចាំបាច់​មាន​ការជួប​ផ្ទាល់​។ ជាមួយ​គ្នានេះ​យើង​នឹង​កសាង​អនាគត​កាន់តែ​ភ្លឺ​ថ្លា​សម្រាប់​អតិថិជន និង​ប្រទេសជាតិ​»​។

លោក Jean-Paul Mergeai ប្រធាន​ផ្នែក​លក់​អន្តរជាតិ​នៃ​ក្រុមហ៊ុន Temenos ឱ្យដឹងថា ក្រុមហ៊ុន​លោក​នឹង​នាំមក​នូវ​បទពិសោធ​ក្នុង​ស្រុក​ដ៏សម្បូរបែប​ដល់​ភាពជា​ដៃគូ​នេះ ជាមួយ​នឹង​ខ្លោដ​ឈានមុខ​គេ​លើ​ទីផ្សារ ដែល​នឹង​បើក​ដំណើរការ​ដោយ​កម្មវិធី API និង​ AI​។

លោក​លើកឡើងថា​៖ «​យើង​មាន​មោទនភាព​ក្នុង​ការចាប់​ដៃគូ​ជាមួយ​ធនាគារ​ហត្ថា​ក្នុង​បេសកកម្ម​ដ៏សំខាន់​មួយ​នេះ ដើម្បី​ធ្វើឱ្យ​ធនាគារ​ឌីជីថល​កាន់តែ​ប្រសើរឡើង និង​មានលទ្ធភាព​ទទួលបាន​សេវាកម្ម​កាន់តែ​ទូលំទូលាយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ក្នុង​ពេលវេលា​ដ៏មាន​សារៈសំខាន់​នេះ​។ ការរួម​គ្នា​នេះ​នឹង​កំណត់​ស្តង់ដា​ថ្មី​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

គិត​ត្រឹម​ចុងឆ្នាំ​ ២០១៩ មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ៥២ ១៥៤ ដោយមាន​បុគ្គលិក​សរុប​ចំនួន ៨២៤ ២៤៥ នាក់​។ នេះ​បើ​យោងតាម​តួលេខ​ចុងក្រោយ​បំផុត​បាន​មកពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៕ LA