ភ្នំពេញៈ ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីផ្សារ​អន្តរជាតិ រយៈពេល​ ១០ ​ខែ ឆ្នាំ​២០២១ សម្រេច​បាន​ជាង ៩១ ​ម៉ឺន​តោន កើនឡើង​ជាង ៣៤៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដោយ​ក្នុងនោះ​ទីផ្សារ​វៀតណាម គ្របដណ្តប់​ស្ទើរ​ទាំងស្រុង​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។

បើ​យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ​នៃ​ក្រសួងកសិកម្ម​ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​សរុប ៩១៤ ៧៩៥,៧២ ​តោន កើនឡើង ៣៤៣,១៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ចេញទៅ​វៀតណាម​មាន​ចំនួន​ ៩០៦ ៦២០ ​តោន​, ថៃ ៤ ០៨៥,៤០ ​តោន​, ចិន ៣ ៨៩៦,៩៤ ​តោន​, ឥណ្ឌា ៩៨,៦០ ​តោន​, ជប៉ុន ៤៤,១៤ ​តោន​, កូរ៉េ ១៦,៨៨ ​តោន​, អារ៉ាប់ ១៤,៥១ ​តោន​, ហូឡង់ ៨,២១ ​តោន​, បង់ក្លាដែស ៧ តោន​, ឡាវ ៤ ​តោន​, ស្វ៊ីស ០,០២ ​តោន​,​តូហ្គោ ០,០១ ​តោន និង​អារ៉ាប់​រួម ០,០១ ​តោន​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៤ ខែវិច្ឆិកា​ថា ទិន្នផល និង​តម្លៃ​គ្រាប់ស្វាយចន្ទី​នៅ​ខេត្ត​ត្បូងឃ្មុំ​ក្នុង​ឆ្នាំ​នេះ​បាន​កើនឡើង​តិចតួច​បើ​ធៀប​ឆ្នាំ​ ២០២០ ដោយ​គ្រាប់ស្វាយចន្ទី​ភាគច្រើន​ត្រូវ​ឈ្មួញ​ប្រមូល​ទិញ​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម ក្រៅពីនោះ​សម្រាប់​កែច្នៃ​ក្នុងស្រុក និង​នាំចេញ​ជា​ផលិតផល​សម្រេច​។

លោក​ថ្លែងថា​៖ «​ទោះបី​មិនមាន​តួលេខ​នាំចេញ​ជាក់ស្តែង ប៉ុន្តែ​ខ្ញុំ​សង្កេតឃើញថា សកម្មភាព​នាំចេញ​គ្រាប់ស្វាយចន្ទី​តាមរយៈ​ច្រកទ្វារ​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ក្នុងឆ្នាំនេះ ពិតជា​មាន​ចំនួន​ច្រើនជាង​ឆ្នាំមុន​»​។

បើតាម​លោក ពិសិដ្ឋ ផ្ទៃដី​ដាំដុះ​ស្វាយចន្ទី​ក្នុង​ខេត្ត​ត្បូងឃ្មុំ នា​ឆ្នាំនេះ​មាន​ទំហំ​ប្រហាក់ប្រហែល​ឆ្នាំ​ ២០២០ គឺ​ក្នុង​រង្វង់ ៧ ០០០-៨ ០០០ ​ហិកតា​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ លោក តូច សុខន បាន​ប្រាប់ថា ដោយសារ​រដូវ​ប្រមូលផល​ស្វាយចន្ទី​បាន​កន្លងផុតទៅ ៥-៦ ​ខែ​មកហើយ ដូច្នេះ​ការនាំចេញ​គ្រាប់ស្វាយចន្ទី មិនសូវ​មាន​ទៀត​ទេ​នៅពេលនេះ ប៉ុន្តែ​សម្រាប់​រយៈពេល​កន្លងមក​ការនាំចេញ​គ្រាប់ស្វាយចន្ទី​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ គឺ​មាន​ចំនួន​ច្រើនជាង​ឆ្នាំមុន​។ លោក​បន្ថែមទៀតថា អ្វីដែល​គួរកត់សម្គាល់​ឆ្នាំនេះ គឺ​ទាំង​បរិមាណ​នាំចេញ និង​តម្លៃ គឺ​កើនឡើង​ដូចគ្នា​។

លោក​អះអាងថា​៖ «​គ្រាប់​ស្វាយចន្ទី​ក្នុង​ឆ្នាំ​ ២០២១ មានតម្លៃ​ពី ១ ៣០០-១ ៥០០ ​ដុល្លារ​ក្នុង​ ១ ​តោន កើនឡើង​តិចតួច​ធៀប​នឹង​ឆ្នាំ​ ២០២០»​។

បន្ថែម​ពីលើ​នេះ ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ លោកស្រី អ៊ិន ឡៃហ៊ួត ដែល​សិប្បកម្ម​នេះ​មាន​ទីផ្សារ​ធំ​នៅ​ប្រទេស​ជប៉ុន​បាន​និយាយថា ក្នុង​ឆ្នាំ​ ២០២១ តម្លៃ​គ្រាប់ស្វាយចន្ទី​បាន​កើនឡើង​តិចតួច​ធៀប​ឆ្នាំ​ ២០២០ ដោយ​នៅពេល​ប្រមូលផល​ដំបូង​អំឡុង​ខែមីនា គ្រាប់ស្វាយចន្ទី​មានតម្លៃ​ជា​មធ្យម ១ ៥០០​ ដុល្លារ​ក្នុង​ ១ ​តោន មុនពេល​ធ្លាក់​មក​នៅ ១ ២៥០ ​ដុល្លារ​ក្នុង​ខែ​ឧសភា​។ លោកស្រី​បន្តថា បច្ចុប្បន្ន​លោកស្រី​ប្រមូល​ទិញ​ពី​កសិករ​ក្នុងតម្លៃ​ជា​មធ្យម ១ ៧០០ ​ដុល្លារ​ក្នុង​ ១ ​តោន​។

លោកស្រី ឡៃហ៊ួត អះអាងថា​៖ «​ផលិតផល​គ្រាប់ស្វាយចន្ទី​កំពុងមាន​ទីផ្សារ​ល្អ ជាក់ស្តែង​សិប្បកម្ម​របស់ខ្ញុំ​ផលិត​មិន​ទាន់​តាម​ការបញ្ជាទិញ​ទេ​នាពេលនេះ​»​។

បើតាម​លោកស្រី ឡៃហ៊ួត ចាប់ពី​ដើមឆ្នាំ​ ២០២១ រហូតមកដល់​ពេលនេះ សិប្បកម្ម​លោកស្រី​ទិញ​គ្រាប់ស្វាយចន្ទី​ពី​កសិករ​ជាង ២៥០ ​តោន​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​និយាយថា ផលិតផល​គ្រាប់​ស្វាយចន្ទី​កម្ពុជា​កំពុង​ក្លាយជា​ទំនិញ​យុទ្ធសាស្ត្រ​ បន្ទាប់ពី​ដំឡូងមី និង​អង្ករ​។ ក្រោយពី​មើលឃើញ​សក្តានុពល​ដំណាំ​ស្វាយចន្ទី បច្ចុប្បន្ន​មាន​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​កាន់តែ​ច្រើន​បាន​ងាក​មក​វិនិយោគ​លើ​ដំណាំ​ស្វាយចន្ទី ព្រមទាំង​សិប្បកម្ម​កែច្នៃ​ខ្នាតតូចៗ ដើម្បី​បម្រើឱ្យ​ការនាំចេញ​។

ទោះយ៉ាងណា លោក​ប្រាប់ថា ការវិនិយោគ​លើ​ស្វាយចន្ទី​ក៏​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា អាកាសធាតុ ការកើនឡើង​តម្លៃ​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​៕ LA