ភ្នំពេញៈ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ នៅក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​សរុប ៥,៩៧ ​ពាន់​លាន​ដុល្លារ កើន ១៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់ ៥,០៨ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​។

យោងតាម​របាយការណ៍ ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​មានតម្លៃ ៦៨៧ ​លាន​ដុល្លារ ធ្លាក់ចុះ ២៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៩៥៨ ​លាន​ដុល្លារ ចំណែក​ការនាំ​ពី​ប្រទេស​ថៃ​មកវិញ​មានតម្លៃ ៥,២៨ ​ពាន់​លាន​ដុល្លារ កើនឡើង ១៤ ​ភាគរយ​ពី ៤,៦១ ​ពាន់​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ខែកញ្ញា ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​​ទ្វេភាគី​មាន​ចំនួន ៧៣២ លាន​ដុល្លារ កើនឡើង​ ៤៨ ​ភាគរយ​ធៀប​នឹង​ខែកញ្ញា ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់ ៤៩៥ ​លាន​ដុល្លារ​។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​បាន​ឱ្យដឹងថា ទោះបី​មាន​ការបិទខ្ទប់ ឬ​ការរឹតបន្តឹង​លើ​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំង​ ២ ប៉ុន្តែ​ការដោះដូរ​ទំនិញ​ឆ្លងដែន​នៅតែ​បន្ត​ធ្វើជា​ប្រក្រតី​។

លោក​ថ្លែងថា​៖ «​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ថៃ​នៅតែ​កើនឡើង ដោយសារ​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ ​រឹតត្បិត​តែ​ការធ្វើ​ដំណើរ ប៉ុន្តែ​ពុំបាន​រឹតត្បិត​ការធ្វើ​ពាណិជ្ជកម្ម ពោលគឺ​សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​នៅតែ​បន្តធ្វើ​រៀងរាល់​ថ្ងៃ​»​។

លោក សុធា សម្បត្តិ ប្រធាន​សមាគម​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​ (CBC) បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា​ថា ការកើនឡើង​នៃ​ការដោះដូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា ថៃ​ក្នុង​រយៈពេល​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការតាំងចិត្ត​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ ក្នុង​ការជួយ​សម្រួលកា​រដោះ​ដូរ​ទំនិញ​អំឡុងពេល​ដ៏លំបាក​នៃ​ការផ្ទុះ​កូវីដ ១៩ ក្នុង​សហគមន៍​។

លោក​និយាយថា​៖ «​កំណើន​នេះ​ជា​សញ្ញា​ល្អ ខណៈ​ប្រទេស​ទាំង​ ២ ​បាន​ពុះពារ​ក្នុង​ការជំរុញ​ការដោះដូរ​ទំនិញ​ក្នុង​កាលៈទេសៈ​ដ៏លំបាក​នៃ​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​»​។

បើតាម​លោក សម្បត្តិ CBC កំពុង​ព្យាយាម​ធ្វើ​ទំនាក់ទំនង និង​បើក​ទីផ្សារ​សម្រាប់​ផលិតផល​ខ្មែរ​ចូលទៅ​ទីផ្សារ​ប្រទេស​ថៃ​ឱ្យបាន​កាន់តែច្រើន ដើម្បី​ធ្វើយ៉ាងណា​ជួយ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ទាក់ទាញ​វិនិយោគ​ពី​ថៃ​មកកាន់​កម្ពុជា​។

លោក​និយាយថា​៖ «​ឥឡូវនេះ CBC បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​​ធំៗ​ ២ ​នៅ​ប្រទេស​ថៃ​ឱ្យជួយ​នាំ​ផលិតផល​ខ្មែរ​ទៅ​ដាក់លក់​នៅ​ទីផ្សារ​ថៃ នេះ​គឺជា​តួនាទី​របស់​យើង​ក្នុង​រយៈពេល​ខ្លី​ដែល​ទើប​បង្កើត​នេះ​»​។

លោក​បន្តថា ស្របពេល​ប្រទេស​ទាំង​ ២ ​បាន​ប្រកាស​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​ដោយមាន​ការអនុញ្ញាត​ឱ្យ​មានការ​ធ្វើដំណើរ​ឡើងវិញ​នោះ CBC ក៏​កំពុង​រៀបចំ​វេទិកា​ជំនួញ​មួយ​រវាង​កម្ពុជា-ថៃ ស្តីពី​វិស័យ​កសិកម្ម​នាពេលខាងមុខ​នេះ​។

យោងតាម​របាយការណ៍​ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ថៃ រួមមាន វាយនភណ្ឌ កសិផល ត្បូងថ្ម​មានតម្លៃ វត្ថុធាតុដើម និង​ពាក់កណ្តាល​សម្រេច ចំណែក​ទំនិញ​នាំ​ពី​ប្រទេស​ថៃ មាន​ដូចជា ថាមពល ត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ស៊ីម៉ងត៍ និង​គ្រឿងឧបភោគ បរិភោគ​៕ LA