ភ្នំពេញៈ កម្ពុជា​បាន​បេ្តជ្ញា​នឹង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ជាមួយនឹង​ទីក្រុង​ហុងកុង ព្រមទាំង​បាន​លើកទឹកចិត្ត​ដល់​សហគមន៍​ធុរកិច្ច​ហុងកុង ក្នុងការ​ចូលមក​វិនិយោគ​លើ​វិស័យ​សំខាន់ៗ ដើម្បី​ស្តារ​កំណើនសេដ្ឋកិច្ច​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩ ផងដែរ។

ការប្តេជ្ញា​នេះ​ត្រូវបាន​លោក ពេជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លើកឡើង​នៅក្នុង​កិច្ចពិភាក្សា​ស្តីពី «​ភាពជា​ដៃគូ​រវាង​កម្ពុជា​-​ហុងកុង លើ​ការ​ស្តារឡើងវិញ​ក្នុង​យុគសម័យ​ក្រោយ​វិបត្តិ​កូវីដ ១៩» (Rebuilding in Post-epidemic Era: Hong Kong-Cambodia Partnership) ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា ដោយមាន​ការចូលរួម​ពី​លោក Edward Yau រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហុងកុង ប្រទេស​ចិន តំណាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ព្រមទាំង​តំណាង​សហគ្រិន​មកពី​វិស័យ​ឯកជន​ប្រមាណ ១៩០​នាក់។

លោក ពេជ ឫទ្ធី បាន​និយាយថា ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ជាពិសេស​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស​គ្រប់រូប ប្រកបដោយ​ជោគជ័យ ប្រទេស​កម្ពុជា​បាន និងកំពុង​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់​ក្នុងការ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ចសង្គម រួមជាមួយ​ការខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា។

លោក​បន្ថែមទៀតថា កម្ពុជា​នឹង​ខិតខំ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​ទីក្រុង​ហុងកុង តាមរយៈ​ការបើក​ទីផ្សារ​វិនិយោគ និង​ធុរកិច្ច ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ស្វែងរក​ឱកាស​ភាពជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កម្ពុជា និង​ហុងកុង ក្រោយ​វិបត្តិ​កូវីដ ១៩។

លោក​ថ្លែងថា​៖ «កម្ពុជា​បេ្តជ្ញា​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយ​ហុងកុង តាមរយៈ​ការលើកកម្ពស់ និង​សម្រួល​ដល់​សហគមន៍​ធុរកិច្ច ព្រមទាំង​បាន​លើកទឹកចិត្ត​ដល់​សហគមន៍​ធុរកិច្ច​របស់​ហុងកុង ក្នុងការ​ចូលរួម​វិនិយោគ​បន្ថែមទៀត​លើ​វិស័យ​សំខាន់ៗ រួមមាន​៖ បច្ចេកវិទ្យា និង​នវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល សុខុមាលភាព​សាធារណៈ ក្នុង​ការជួយ​ក្នុង​តំបន់​ដើម្បី​សម្រេចបាន​នូវ​កំណើន​ប្រកបដោយ​បរិ​យាប័ន្ន»។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីក្រុង​ហុងកុង ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១ មាន​ទឹកប្រាក់​សរុប ១០,៤ លាន​ដុល្លារ កើនឡើង​ពី ៥,៧ លាន​ដុល្លារ​កាលពី​ឆមាស​ទី១ ឆ្នាំ ២០២០៕