ភ្នំពេញៈ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក នៅ​អំឡុងពេល ៣ ត្រីមាស​ដំបូង​ឆ្នាំ ២០២១ មាន​ទឹកប្រាក់​សរុប​ជាង ៦,៤ ពាន់លាន​ដុល្លារ កើនឡើង​ជាង ២៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០។ នេះ​បើតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​អាមេរិក។

ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា និង​អាមេរិក មានទឹក​ប្រាស់​សរុប ៦ ៤៧៩,៣ លាន​ដុល្លារ កើនឡើង ២៨,៣៧ ភាគរយ ពី​ចំនួន ៥ ០៤៧,១ លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០​។ ដោយ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក មាន​ទឹកប្រាក់ ៦ ១៧៥,៨ លាន​ដុល្លារ កើនឡើង ២៨,២៦ ភាគរយ ពី​ចំនួន ៤ ៨១៤,៩ លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា មាន​ទឹកប្រាក់ ៣០៣,៥ លាន​ដុល្លារ កើនឡើង ៣០,៧០ ភាគរយ ពី​ចំនួន ២៣២,២ លាន​ដុល្លារ។

ផលិតផល​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ កង់ និង​គ្រឿង​បង្គុំ​អគ្គិសនី។ ដោយឡែក​ផលិតផល​ដែល​អាមេរិក​នាំមក​កម្ពុជា មានដូចជា រថយន្ត គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​អេឡិចត្រូនិក។

ក្នុង​ឆ្នាំ ២០២០ អាមេរិក គឺជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំ​បំផុត​របស់​កម្ពុជា ដែល​តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន ជប៉ុន ចក្រភព​អង់គ្លេស កាណាដា និង​ប្រទេស​កូរ៉េ។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន (US-ASEAN Business Council) ដែល​ដឹកនាំ​ដោយ​លោក Amb. Michalak អនុប្រធាន​ជាន់ខ្ពស់ និង​ជានាយក​គ្រប់គ្រង​ប្រចាំ​តំបន់ កាលពី​ថ្ងៃទី ១ ខែវិច្ឆិកា បាន​លើកឡើងថា កម្ពុជាមាន​សុទិដ្ឋិនិយម​ថា នឹងមាន​ក្រុមហ៊ុន​មកពី​អាមេរិក​កាន់តែច្រើន​ចូលមក​វិនិយោគ និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​អាមេរិក ក្នុង​ឆ្នាំ ២០២០ មានតម្លៃ​សរុប ៦ ៩២១,៣ លាន​ដុល្លារ ឡើង ១៧,៨៩ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មានតម្លៃ ៦ ៥៧៧,៧ លាន​ដុល្លារ កើន ២២,៧៩ ភាគរយ ចំណែក​ការនាំ​ពី​អាមេរិក​មក​កម្ពុ​ជាមាន​តម្លៃ ៣៤៣,៦ លានដុល្លារ ធ្លាក់ ៣៣,១៥ ភាគរយ ពី​ចំនួន ៥១៤ លាន​ដុល្លារ។ នេះ​បើតាម​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​៕