
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ រូបថត សហការី
ភ្នំពេញៈ សេចក្តីព្រាងអនុក្រឹត្យស្តីពី «ការធានារ៉ាប់រង» ដែលជាមូលដ្ឋាននៃច្បាប់ស្តីពីការធានារ៉ាប់រង ត្រូវបានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ. ស. ហ.) អនុម័តជាគោលការណ៍លើខ្លឹមសារនៅក្នុងកិច្ចប្រជុំលើកទី៥ នៃអាណត្តិទី១ ជាផ្លូវការហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ «ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ»។
កិច្ចប្រជុំនេះបានរៀបចំឡើង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សា អ. ស. ហ។
សេចក្តីព្រាងអនុក្រឹត្យស្តីពី «ការធានារ៉ាប់រង» ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានអនុម័តក្នុងឆ្នាំ ២០១៤, អនុក្រឹត្យស្តីពីការធានារ៉ាប់រង ដែលបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ ២០០១, គោលការណ៍គ្រឹះធានារ៉ាប់រង, និងការសិក្សាអំពីច្បាប់និងបទប្បញ្ញត្តិនៃវិស័យធានារ៉ាប់រងរបស់បណ្តាប្រទេសក្នុងតំបន់។
យោងតាមសេចក្តីប្រកាសព័ត៌មាន សេចក្តីព្រាងអនុក្រឹត្យនេះមាន ៦ ជំពូក និង ១១៥ មាត្រា ដោយតាក់តែងឡើងក្នុងគោលបំណងកំណត់នូវវិធាន នីតិវិធី និងនិយាមសម្រាប់ការគ្រប់គ្រង និងការត្រួតពិនិត្យសកម្មភាពធានារ៉ាប់រងសំដៅធានានូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ ការការពារផលប្រយោជន៍ និងការបង្កើនទំនុកចិត្តដល់សាធារណជនក្នុងវិស័យធានារ៉ាប់រង។
ទោះយ៉ាងណា ក្រុមប្រឹក្សា អ. ស. ហ. ក៏បានផ្តល់អនុសាសន៍ឱ្យកែសម្រួលលើចំណុចគន្លឹះៗមួយចំនួន ព្រមទាំងបានណែនាំឱ្យយកសេចក្តីព្រាងអនុក្រឹត្យនេះដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីជួយពិនិត្យ មុននឹងស្នើសុំការពិនិត្យសម្រេចពីថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល៕