ភ្នំពេញៈ ទឹក​ប្រាក់​ប្រមាណ​ជាង ៩៥៧ លាន​ដុល្លារ​ត្រូវ​បាន​កម្ពុជា​ទទួល​បាន​ពី​ការ​នាំ​ចេញ​ស្រូវ-អង្ករ ក្នុង​រយៈពេល ១០​ខែ​ឆ្នាំ ២០២១។ នេះ​បើ​យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CRF កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ ២០២១ កម្ពុជា បាន​នាំ​ចេញ​ស្រូវ និង​អង្ករ ក្នុង​បរិមាណ​សរុប ៣ ១១៩ ៨២៩​តោន ដែល​មាន​តម្លៃ​សរុប ៩៥៧,៣០ លាន​ដុល្លារ។

ក្នុងនោះ​ការ​នាំ​ចេញ​អង្ករ​គ្រប់​ប្រភេទ មាន​ចំនួន ៤៦០ ១៦៩តោន គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន ៣២៣,៤៧​លាន​ដុល្លារ ដោយ​បាន​នាំ​ទៅគោល​ដៅ​ទីផ្សារ ៥៥​ប្រទេស និង​តំបន់​ស្វយ័ត។ ទីផ្សារ​ចម្បង​ចំនួន ៥ បាន​គ្រប​ដណ្តប់ ៧៩,០៣ ភាគរយ​នៃ​បរិមាណ​អង្ករ​នាំ​ចេញ​សរុបរបស់​កម្ពុជា ក្នុង​នោះ​ប្រទេស​ចិន និង​ តំបន់​ស្វយ័ត​ហុងកុង ម៉ាកាវ ចំនួន ២២៩ ១៧៧​តោន (ស្មើ​នឹង ៤៩,៨០ ភាគរយ​នៃ​ចំណែក​ទីផ្សារនាំ​ចេញ​សរុប), បារាំង ៥០ ៩៥១តោន (១១,០៧ ភាគរយ), ហ្កាប៊ុង ៣៦ ៥៨៨តោន (៧,៩៥ភាគរយ), ម៉ាឡេស៊ី ៣០ ៦៥៦តោន(៦,៦៦​ភាគរយ), និង​ប្រទេស​ហូឡង់ ១៦ ៣៣៨​តោន (៣,៥៥ភាគរយ)។

បើតាម CRF ចំពោះ​ប្រភេទ​អង្ករ​នាំ​ចេញ​ក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០២១ នេះ គឺ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ មាន​ចំនួន ៣២៤,៣៦៤តោន ក្រៅពី​នោះ​ជា​ប្រភេទ​អង្ករ​ស​គ្រាប់​វែង, អង្ករ​ចំហុយ និង​អង្ករ​សរីរាង្គ។

ដោយឡែក​ការ​នាំ​ចេញ​ស្រូវ ​គឺ​មាន​បរិមាណ​សរុប ២ ៦៥៩ ៦៦០តោន គិត​ជា​ទឹក​ប្រាក់​ប៉ាន់​ស្មាន​ប្រមាណ ៦៣៣,៨២​ លាន​ដុល្លារ។ សម្រាប់​ខែតុលា ឆ្នាំ២០២១ ការ​នាំ​ចេញ​អង្ករ សម្រេច​បាន​ចំនួន ៤៩,៤៧១តោន កើនឡើង៤,០៨ភាគរយ បើ​ធៀប​នឹង​ខែ​តុលា ឆ្នាំ២០២០។

កាលពីឆ្នាំ២០២០ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប ៦៩០ ៨២៩ តោន ដោយ​មាន​តម្លៃ​ជិត ៥៣៩ លាន​ដុល្លារ កើន​ឡើង ១១,៤០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩។ ចំណែក​ការ​នាំ​ចេញ​ស្រូវ​ក្រៅ​ផ្លូវ​ការ មាន​ចំនួន ២ ២០៨ ១២៦ តោន។ នេះ​បើ​តាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ៕

វីដេអូ៖