ភ្នំពេញៈ ស្របពេល​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​នៅតែ​បន្ត​រក្សាបាន​កំណើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​តែង ទាក់ទាញ​នូវ​វិនិយោគិន​ថ្មីៗ​ចូលក្នុង​វិស័យនេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ជាគោលការណ៍ លើ​ការកែតម្រូវ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ «​ការធានារ៉ាប់រង​»​។

សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ «​ការធានា​រ៉ាប់រង​» ​ដែលជា​មូលដ្ឋាន​នៃ​ច្បាប់​ស្តីពី​ការធានារ៉ាប់រង​ត្រូវ​បាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ (​អ.ស.ហ.) ​អនុម័ត​ជា​គោលការណ៍​លើ​ខ្លឹមសារ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ៥ នៃ​អាណត្តិ​ទី​ ១ ជា​ផ្លូវការ​ហើយ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ «​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​»​។

កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​ ៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​លោក លោកស្រី ជា​អនុប្រធាន និង​សមាជិក សមាជិកា​នៃ​ក្រុមប្រឹក្សា អ.ស.ហ។

សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ «​ការធានា​រ៉ាប់រង​» ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ច្បាប់​ស្តីពី​ការធានា​រ៉ាប់រង ដែល​បានអនុម័ត​ក្នុង​ឆ្នាំ​ ២០១៤ អនុក្រឹត្យ​ស្តីពី​ការធានារ៉ាប់រង ដែល​បាន​ដាក់ឱ្យ​អនុវត្ត​ក្នុង​ឆ្នាំ​ ២០០១, គោលការណ៍​គ្រឹះធានារ៉ាប់រង​, និង​ការសិក្សា​អំពី​ច្បាប់ និង​បទប្បញ្ញត្តិ​នៃ​វិស័យ​ធានារ៉ាប់រង​របស់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​។

លោក យក់ ចំរើនរិទ្ធ ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន Forte Insurance ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ធំជាងគេ​នៅ​កម្ពុជា​បាន​សាទរ​ជាមួយ​នឹង​ការកែ​ការសម្រេច​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ «​ការធានារ៉ាប់រង​» នេះ បើទោះបី​មាន​បទប្បញ្ញត្តិ​តឹងរ៉ឹង​ជាង​មុន ប៉ុន្តែ​វា​ធានា​ដល់​ការរីកចម្រើន​នៃ​វិស័យនេះ​ប្រកបដោយ​និរន្តរភាព និង​បរិយាប័ន្ន​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​ ៧ ខែវិច្ឆិកា ថា​៖ «​យើង​សង្កេតឃើញថា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​យើង​មាន​ការរីកចម្រើន​ប្រកបដោយ​សុគត​ភាពល្អ ដែល​ទាមទារ​ឱ្យមាន​ការកំណត់​នូវ Minimum Stanadard មួយ​មាន​ភាពតឹងរ៉ឹង​ជាង​មុន ដើម្បី​ធានា​ធ្វើយ៉ាងណា​ឱ្យ​វិស័យនេះ​បន្ត​ភាព​រីកចម្រើន​របស់ខ្លួន​ប្រកប​ដោយ​និរន្តរភាព និង​បរិយាប័ន្ន​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​មាន ៦ ​ជំពូក និង ១១៥ ​មាត្រា ដែល​តាក់តែងឡើង​ក្នុង​គោលបំណង​កំណត់​នូវ​វិធាន នីតិវិធី និង​និយាម​សម្រាប់​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​សកម្មភាព​ធានារ៉ាប់រង​សំដៅ​ធានា​នូវ​អភិបាលកិច្ច​ល្អ ប្រសិទ្ធភាព ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​ស្មោះត្រង់ ការការពារ​ផលប្រយោជន៍ និង​ការបង្កើន​ទំនុកចិត្ត​ដល់​សាធារណជន​។

ទោះយ៉ាងណា​ក្រុមប្រឹក្សា អ.ស.ហ. ក៏បានផ្តល់​អនុសាសន៍​ឱ្យ​កែសម្រួល​លើ​ចំណុច​គន្លឹះៗ​មួយចំនួន ព្រមទាំង​បាន​ណែនាំ​ឱ្យ​យក​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ដាក់ជូន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ដើម្បី​ជួយ​ពិនិត្យ​មុននឹង​ស្នើសុំ​ការពិនិត្យ​សម្រេច​ពី​ថ្នាក់ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​។

បើ​យោងតាម​សមាគម​ធានារ៉ាប់រង​កម្ពុជា​ (IAC) វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ទទួលបាន​ប្រាក់​បុព្វលាភ​សរុប​ចំនួន ៨៥ ​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំនេះ​កើន ១៦,៣ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។

ក្នុង​ចំណោម​នោះ ប្រាក់​បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ៣៩,១ ​លាន​ដុល្លារ​កើនឡើង ១៩,៥ ​ភាគរយ និង​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​មាន​ចំនួន ៤៤,៦ ​លាន​ដុល្លារ កើនឡើង​ ១៥,៥ ​ភាគរយ​ធៀប​។ ប្រាក់​បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន​ ៤៦ ​ភាគរយ និង​ប្រាក់​បុព្វលាភ​ធានា​រ៉ាប់រង​អាយុជីវិត​មាន​ចំនួន​ ៥៣ ​ភាគរយ​នៃ​ចំនួន​សរុប​។ ប្រាក់​បុព្វលាភ​ធានារ៉ាប់រង​ខ្នាតតូច​មាន ១,២ ​លាន​ដុល្លារ ធ្លាក់ចុះ​ ២៦,៧ ​ភាគរយ និង​មាន​ចំនួន​ ១,៤ ​ភាគរយ​នៃ​ចំនួន​សរុប​។ នេះ​បើ​យោងតាម IAC​។

វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​បាន​ចំណាយ​លើ​ប្រាក់​សំណង​ប្រហែល ១១,៣ ​លាន​ដុល្លារ​ចាប់ពី​ខែ​មករា​ដល់​ខែមីនា ឆ្នាំ​ ២០២១៕ LA