ភ្នំពេញៈ កម្ពុជា​ទទួលបាន​ប្រាក់​ជាង ៦,១ ​ពាន់​លាន​ដុល្លារ​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​ក្នុង​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០២១ កើន​ឡើងជា ២៨ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​ការនាំ​ពី​អាមេរិក​មាន​ទឹកប្រាក់​ជាង ៣០០ ​លាន​ដុល្លារ កើន​ជាង ៣០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​អាមេរិក​។

ទិន្នន័យ​ចេញផ្សាយ​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា​ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​ទឹកប្រាក់ ៦ ៤៧៩,៣ ​លាន​ដុល្លារ កើន ២៨,៣៧ ​ភាគរយ ពី​ចំនួន ៥ ០៤៧,១ ​លាន​ដុល្លារ​នារយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក មាន​ទឹកប្រាក់ ៦ ១៧៥,៨ ​លាន​ដុល្លារ កើន​ ២៨,២៦ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មាន​ទឹកប្រាក់ ៣០៣,៥ ​លានដុល្លារ កើនឡើង ៣០,៧០ ​ភាគរយ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភាកម្ពុជា​) លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា ថា ការកើនឡើង​ទំហំ​ពាណិជ្ជកម្ម​នេះ​បញ្ជាក់ថា ក្រៅពី​ទំនិញ​កម្ពុជា​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អាមេរិក ប្រទេស​ទាំង​ ២ ក៏មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​គ្នា​ដែរ​។ តាម​ទិន្នន័យ​នេះ កម្ពុជា​រំពឹង​ថា​នឹង​មាន​អ្នកវិនិយោគ​កាន់តែ​ច្រើន​ចូលមក​បណ្តាក់ទុន​សម្រាប់​ផលិត​នាំទៅ​លក់​នៅ​ទីផ្សារ​អាមេរិក​។

លោក​លើកឡើង​ថា​៖ «​ការចាប់ផ្តើម​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ​របស់​ប្រទេស​ជាច្រើន គឺជា​ហេតុផល​មួយ​ដែល​ធ្វើឱ្យ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​កម្ពុជា​មាន​ផល​ជា​វិជ្ជមាន​ជា​បន្តបន្ទាប់ ពិសេស​សម្រាប់​ផលិតផល​វាយនភណ្ឌ និង​ផលិតផល​ធ្វើដំណើរ​។ កន្លងមក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា មាន​ឧស្សាហកម្ម​កាត់ដេរ​ជាច្រើន​បាន​ផលិត​សម្រាប់​នាំទៅ​ទីផ្សារ​អាមេរិក​»​។

ទោះយ៉ាងណា លោក វណ្ណៈ បាន​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវខិតខំ​ធ្វើ​ពិពិធកម្ម​លើ​ការផលិត ផលិតផល​ផ្សេងៗ​ក្រៅពី​អ្វីដែល​កំពុងមាន​នាពេលនេះ​។

ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃទី​ ២៤ ខែកញ្ញា បាន​បើក​ការិយាល័យ​ក្រសួង​កសិកម្ម (USDA) ដំបូង​របស់ខ្លួន​នៅ​កម្ពុជា​។ ការិយាល័យ​នេះ​ស្ថិត​នៅក្នុង​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ ដោយមាន​តួនាទី​ទ្រទ្រង់​កិច្ចសហការ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ផ្នែក​កសិកម្ម​។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy បាន​ចាត់ទុក​ការបើក​ការិយាល័យ​នេះ​ជា​ការល្អ​សម្រាប់​ប្រទេស​ទាំង​ ២ ហើយក៏​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​អាមេរិក​ក្នុង​ការធ្វើឱ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​ទំនិញ និង​សេវា​ប្រកប​ដោយ​គុណភាព​ពី​អាមេរិក​។

លោក​និយាយថា​៖ «​នៅ​កម្ពុជា គេ​ចូលចិត្ត​ផលិតផល និង​បច្ចេកវិទ្យា​កសិកម្ម​ពី​អាមេរិក ហេតុនេះ​ការិយាល័យ​ថ្មី​របស់ USDA នឹង​ជំរុញ​កិច្ចការ​នេះ​ដើម្បីឱ្យ​អតិថិជន និង​ផលិតករ​កម្ពុជា​ទទួល​បាន​ផលិតផល និង​បច្ចេកវិទ្យា​ទាំងនោះ​ឱ្យបាន​កាន់តែ​ច្រើន​ពី​អាមេរិក​»​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​អាមេរិក​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៦ ៩២១,៣ លាន​ដុល្លារ ឡើង ១៧,៨៩ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ ៦ ៥៧៧,៧ លាន​ដុល្លារ កើន ២២,៧៩ ​ភាគរយ ចំណែក​ការនាំ​ពី​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ ៣៤៣,៦ លាន​ដុល្លារ ធ្លាក់ ៣៣,១៥ ​ភាគរយ​។ នេះ​បើ​យោងតាម​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​៕ LA