ភ្នំពេញៈ ទោះបី​បញ្ហា​កង្វះ​ទូកុងតឺន័រ និង​ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​បាន​ប៉ះពាល់​ទៅដល់​កំណើន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប និង​បស្ចិមប្រទេស ក៏​កម្ពុជា​នៅតែ​អាច​សម្រេច​បាន​គោលដៅ​នាំចេញ​ស្រូវ-អង្ករ​របស់ខ្លួន​ល្អប្រសើរ ដោយ​បាន​នាំចេញ​ជាង ៣ ​លាន​តោន​ក្នុងតម្លៃ​ជាង ៩៥៧ ​លាន​ដុល្លារ​នា​រយៈពេល ១០ ​ខែ​កន្លងមក​។ នេះ​បើ​យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CRF ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២១​ កម្ពុជា​នាំចេញ​ស្រូវ និង​អង្ករ​ក្នុង​បរិមាណ​សរុប ៣ ១១៩ ៨២៩ ​តោន ដែលមាន​តម្លៃ​សរុប ៩៥៧,៣០ ​លាន​ដុល្លារ​។

នៅក្នុង​នោះ​ការនាំចេញ​អង្ករ​គ្រប់​ប្រភេទ​មាន​ចំនួន ៤៦០ ១៦៩ ​តោន គិត​ជា​ប្រាក់​ចំនួន ៣២៣,៤៧ ​លាន​ដុល្លារ ដោយបាន​នាំទៅ​គោលដៅ​ទីផ្សារ ៥៥ ​ប្រទេស និង​តំបន់​ស្វយ័ត​។

ដោយឡែក​ការនាំចេញ​ស្រូវ​គឺមាន​ចំនួន ២ ៦៥៩ ៦៦០ ​តោន គិត​ជា​ប្រាក់​ប្រមាណ ៦៣៣,៨២ ​លាន​ដុល្លារ​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា​ថា កត្តា​អាកាសធាតុ​អំណោយផល និង​ភាពប្រសើរ​ឡើង​នៃ​ប្រព័ន្ធធារាសាស្ត្រ​បាន​ជួយ​ឱ្យ​ការប្រមូលផល​ក្នុង​ឆ្នាំ​ ២០២១ កើនឡើង ហើយ​វា​ក៏បាន​រួមចំណែក​ដល់​សម្ទុះ​នៃ​ការនាំចេញ​ផងដែរ​។

លោក​អះអាងថា​៖ «​ដូច​យើង​ឃើញ​សម្រាប់​ឆ្នាំនេះ​លំហូរ​ទឹកភ្លៀង​ធ្លាក់​មក​ល្អ ដូច្នេះ​វា​បាន​អំណោយផល​ដល់​កសិករ​ឱ្យ​ប្រមូលផល​បាន​ច្រើន​។ ម្យ៉ាងទៀត​ប្រព័ន្ធធារាសាស្ត្រ​យើង ក៏មាន​ភាពល្អប្រសើរ​ជាង​ពេលមុន​ផងដែរ​ក្នុង​ការស្រោចស្រព​ស្រូវប្រាំង ដែល​វា​ជា​ចំណែក​ធ្វើឱ្យ​បរិមាណ​ស្រូវ​របស់​យើង​មានការ​កើនឡើង​»​។

ទោះយ៉ាងណា បញ្ហា​កង្វះ​ទូកុងតឺន័រ និង​ការកើនឡើង​ថ្លៃ​ដឹកជញ្ជូន គឺ​នៅតែ​ជា​ឧបសគ្គ​សម្រាប់​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ឆ្ងាយៗ​ដូចជា​សហគមន៍​អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ នេះ​បើ​យោងតាម​លោក សុង សារ៉ន​។

លោក​បាន​ពន្យល់ថា​៖ «​ស្របពេល​តម្រូវការ​នៃ​ការនាំ​ចេញទៅ​ទីផ្សារ​ផ្លូវ​ឆ្ងាយ​ជួប​ឧបសគ្គ​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន ហេតុដូច្នេះ​យើង​ក៏បាន​បង្វែរ​ទៅជា​ការនាំចេញ​ស្រូវ​ឱ្យបាន​ច្រើន​វិញ ពិសេស​នាំទៅ​ទីផ្សារ​វៀតណាម​ក្នុង​ឆ្នាំ​ ២០២១»​។

លោក​បន្តថា ចិន គឺជា​ប្រទេស​ដែល​បើកទូលាយ​សម្រាប់​ទីផ្សារ​អង្ករ​កម្ពុជា​នៅក្នុង​រយៈពេល​ដ៏លំបាក​នេះ ទោះបី​ការនាំ​ចេញទៅ​ទីផ្សារ​ផ្សេង​មាន​ការធ្លាក់ចុះ ប៉ុន្តែ​មាន​ការកើនឡើង​ច្រើន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

លោក ចាន់ សុខឃាំង ប្រធាន​ក្រុមហ៊ុននាំចេញ​អង្ករ Signature Asia បានលើកឡើង​នូវ​បញ្ហា​កង្វះ​ទូ​កុងតឺន័រ និង​ការឡើងថ្លៃ​ដឹកជញ្ជូន​ថា ជា​រនាំង​យាយី​ដល់​ការនាំចេញ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា​៖ «​ការនាំចេញ​របស់​យើង​នៅតែ​មាន​បញ្ហា​រឿង​កប៉ាល់ និង​តម្លៃ​ការដឹកជញ្ជូន គឺ​វា​ថ្លៃ​ស្ទើរ​គុណ​នឹង​ ៦ ​ដង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​យើង​នាពេលនេះ​»​។

បើតាម CRF ចំពោះ​ប្រភេទ​អង្ករ​នាំចេញ​ក្នុង​រយៈពេល​ ១០ ​ខែ​នេះ គឺ​អង្ករ​ក្រអូប មាន​ចំនួន ៣២៤,៣៦៤ ​តោន ក្រៅពីនោះ​ជា​ប្រភេទ​អង្ករស​គ្រាប់​វែង​, អង្ករ​ចំហុយ និង​អង្ករ​សរីរាង្គ​។

កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០ ៨២៩ តោន​ដោយមាន​តម្លៃ ៥៣៩ ​លាន​ដុល្លារ កើន ១១,៤០ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩​។ រីឯ​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​មាន ២ ២០៨ ១២៦ ​តោន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​៕ LA