
លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំដែលរៀបចំធ្វើឡើងនៅក្រសួងពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២ ខែវិច្ឆិកា។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាជាមួយក្រុងហុងកុង រំពឹងថានឹងកើនឡើងក្នុងពេលឆាប់ៗ ខណៈថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មសន្យានឹងជួយលើកទឹកចិត្តដល់ធុរកិច្ចហុងកុងក្នុងការចូលមកវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកក្នុងស្តារកំណើនសេដ្ឋកិច្ចក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩។
នេះគឺជាការលើកឡើងរបស់លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី «ភាពជាដៃគូរវាងកម្ពុជា ហុងកុងលើការស្តារឡើងវិញក្នុងយុគសម័យក្រោយវិបត្តិកូវីដ ១៩» ដែលរៀបចំធ្វើឡើងនៅក្រសួងពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២ ខែវិច្ឆិកា។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចហុងកុង តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ព្រមទាំងតំណាងសហគ្រិនប្រមាណ ១៩០ នាក់។
លោក ពេជ ឫទ្ធី បាននិយាយថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ប្រកបដោយជោគជ័យកម្ពុជាបាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រថ្មីៗក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយនឹងការខិតខំធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
លោកបន្ថែមទៀតថា កម្ពុជានឹងខិតខំជំរុញការធ្វើពាណិជ្ជកម្មជាមួយហុងកុង តាមរយៈការបើកទីផ្សារវិនិយោគ និងធុរកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងហុងកុង ក្រោយវិបត្តិកូវីដ ១៩។
លោកថ្លែងថា៖ «កម្ពុជាបេ្តជ្ញានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយហុងកុង តាមរយៈការលើកកម្ពស់ និងសម្រួលដល់សហគមន៍ធុរកិច្ច ព្រមទាំងបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចរបស់ហុងកុងក្នុងការចូលរួមវិនិយោគបន្ថែមទៀតលើវិស័យសំខាន់ៗ ដូចជា បច្ចេកវិទ្យា និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល សុខុមាលភាពសាធារណៈក្នុងការជួយក្នុងតំបន់ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយបរិយាប័ន្ន»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៧ ខែវិច្ឆិកាថា ទោះបីពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុងនៅមានកម្រិតទាប ប៉ុន្តែតាមរយៈទំនាក់ទំនងល្អទាំងផ្នែករដ្ឋ និងឯកជនលោករំពឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់ភាគីទាំង ២ នឹងកើនខ្ពស់ក្នុងពេលឆាប់ៗ។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏នឹងដើរតួនាទីជំរុញឱ្យទំហំពាណិជ្ជកម្មនេះកើនឡើងផងដែរ។ លោកបន្តថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជាក៏ធ្លាប់បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក៏ដូចជាពាណិជ្ជករមកពីក្រុងហុងកុង ដើម្បីពិភាក្សាអំពីកិច្ចសហការ និងភាពទាក់ទាញរបស់កម្ពុជាជាបន្តបន្ទាប់។
លោកអះអាងថា៖ «ទោះបីការធ្វើពាណិជ្ជកម្មរវាងភាគីទាំង ២ នៅមានកម្រិតទាប ប៉ុន្តែតាមរយៈកិច្ចសហការល្អ ខ្ញុំគិតថា ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានកំណើនបន្ថែមទៀតក្នុងពេលឆាប់ៗ»៕ LA