ភ្នំពេញៈ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ក្រសួង​ទេសចរណ៍​នឹង​ដាក់ឱ្យអនុវត្ត​នូវ​ «​កម្មវិធី​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​» ​នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ខាងមុខ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងទេសចរណ៍ ឱ្យដឹងថា កម្មវិធី​នេះ​នឹងធ្វើ​ឡើង​ក្រោម​កិច្ចសហការ​វាង​ក្រសួង​ទេសចរណ៍ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​មជ្ឈមណ្ឌល​កម្ពុជា​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​និយាយថា ការដាក់ឱ្យ​ដំណើរការ​ «​កម្មវិធី​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​» នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ទាំង​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ឱ្យ​ដើរ​លឿន​ទៅមុខ​។

លោកស្រី​បាន​ពន្យល់ថា វិស័យ​ទេសចរណ៍​ត្រូវការ​ជា​ចាំបាច់ និង​ដើរ​ឱ្យទាន់​សភាពការណ៍​ (​ឧស្សាហកម្ម ៤.០) ព្រោះ​ក្នុង​បរិបទ​នេះ ភ្ញៀវទេសចរ​មិនអាច​ធ្វើដំណើរ​ទៅណា​បាន​ឆ្ងាយ​ឡើយ ពិសេស​ការធ្វើ​ទំនាក់ទំនង​ភ្ញៀវ​តាម​បណ្តាញ​ឌីជីថល គឺ​មាន​សារៈសំខាន់​ណាស់ ព្រោះ​អាច​ធ្វើ​បច្ចុប្បន្នភាព​ផលិតផល​ទេសចរណ៍ ក៏ដូចជា​ការដាក់​កញ្ចប់​តម្លៃ​នឹង​ផ្សព្វផ្សាយ​នានា​ចំណាយពេល​តិច និង​ទៅ​ដល់ដៃ​អតិថិជន​។

លោកស្រី​បាន​ថ្លែងថា​៖ «​បើ​អត់​ប្រើ​ឌីជីថល ទម្រាំ​លក់បាន​ ១ ​កញ្ចប់ គឺ​ទាមទារ​ឱ្យ​មាន​ការបកស្រាយ​ជាច្រើន​ ប៉ុន្តែ​បើ​តាមរយៈ​ឌីជីថល​គឺ​យើង​ធ្វើ​ក្នុង​រយៈពេល​ខ្លី ដោយ​យើង​អាច​ផ្ញើ​ព័ត៌មាន​ទៅ​ភ្ញៀវ និង​ទូលំទូលាយ​ទាំង​ការផ្សព្វផ្សាយ និង​ចាប់យក​ភ្ញៀវ​ដោយ​មិនឱ្យ​ភ្ញៀវ​មាន​ការសង្ស័យ​ព្រោះ​គាត់​ទទួលបាន​ព័ត៌មាន​ជុំជិត​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ប្រាប់ថា ក្រសួង​ទេសចរណ៍​បាន​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​ឧស្សាហកម្ម ៤.០ នេះ​ជាមួយ​នឹង​វិស័យ​ឯកជន​ជាយូរ​មកហើយ ព្រោះ​វិស័យនេះ​ត្រូវគេ​យល់ថា នឹង​រួមចំណែក​ទាក់ទាញ​ទេសចរណ៍ និង​សម្រួល​ដល់​ភ្ញៀវ​ដែល​មកលេង​កម្សាន្ត​នៅ​កម្ពុជា​។

លោក​បន្តថា ការដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ដើរ​ឱ្យទាន់​សភាពការណ៍​សកល ព្រោះ​កម្មវិធី​នេះ​នឹង​ជួយ​លើ​សេវាកម្ម​ទំនាក់ទំនង​ភ្ញៀវ​ពាក់ព័ន្ធ​នឹង​ការកក់​សំបុត្រ និង​សណ្ឋាគារ​ជាដើម​។

បើតាម លោក ស៊ីណាន សម័យ​នេះ​ជា​សម័យ​បច្ចេកវិទ្យា​គេ​លែង​សូវ​ប្រើ​ទូរស័ព្ទ​សម្រាប់​ «​ខល​» ​ហើយ គឺ​គេ​ប្រើ​បណ្តាញ​ទំនាក់ទំនង​ដែល​វា​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ការរីកចម្រើន​ទាំង​ផ្នែក​សេវាកម្ម និង​ប្រតិបត្តិការ​នានា​នៅក្នុង​វិស័យ​ទេសចរណ៍​។ ម្យ៉ាងទៀត​វា​នឹង​ជួយ​សម្រួល​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការធ្វើ​ទីផ្សារ​នៅក្នុង​វិស័យ ផ្នែក​នេះ​បាន​មួយកម្រិត​ទៀតផង​។

បើ​យោងតាម​អង្គការ UNESCO «​អក្ខរកម្ម​ឌីជីថល​» ​សំដៅ​ដល់​សមត្ថភាព​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ឧបករណ៍​ឌីជីថល​ដើម្បី​ស្វែងរក ប្រើប្រាស់ គ្រប់គ្រង វាយតម្លៃ បង្កើត និង​ចែករំលែក​ព័ត៌មាន​ដោយ​សុវត្ថិភាព និង​មាន​ភាពត្រឹមត្រូវ​ដែល​ទាមទារ​ទាំង​ជំនាញ​បច្ចេកទេស និង​ការយល់ដឹង​សំដៅ​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​សង្គម​កាន់តែ​ប្រសើរ​៕ LA