ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​កសិកម្ម​រំពឹងថា ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា ពិសេស​ផលិតផល​សក្តានុពល ១០ ​មុខ​ដែល​បានកំណត់​នឹងមាន​កំណើន​ខ្ពស់​ទៅ​ទីផ្សារ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ​។

ការលើកឡើង​បែបនេះ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចពិភាក្សា​ជាមួយ​វិស័យ​ឯកជន​លើ​ឯកសារ​យុទ្ធសាស្ត្រ​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង-ស្ថាប័ន​នានា ពាណិជ្ជករ និង​វិនិយោគិន​ពី​វិស័យ​ឯកជន​។

លោក សូរស័ក្តិ បាន​ថ្លែងថា ជាមួយ​នឹង​ការខិតខំ ប្រទេស​កម្ពុជា​សម្រេចបាន​ដោយ​ជោគជ័យ​ក្នុង​ការចរចា​លើ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដំបូង​បំផុត​មួយ​ជាមួយ​ប្រទេស​ចិន កាលពី​ថ្ងៃទី​ ១២ ខែតុលា ឆ្នាំ​ ២០២០ ហើយ​បន្ទាប់មក​គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ កាលពី​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២១​។

លោក​បន្តទៀតថា កម្ពុជា​មាន​ទិសដៅ​បន្ត​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​មួយចំនួនទៀត​ដូចជា សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​, សហព័ន្ធរុស្ស៊ី​,​ចក្រភព​អង់គ្លេស​, អាមេរិក​, ជប៉ុន​, ម៉ុងហ្គោលី និង​ឥណ្ឌា បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្កើត​ក្រុមការងារ​មួយ​សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ ប្រមូល​ធាតុចូល​ពី​ផ្នែក​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​ជា​ហត្ថលេខី​»​។

លោក​បន្ថែមថា ផ្អែកលើ​ការសិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បាន​កំណត់​មុខទំនិញ​សក្ដានុពល​ចំនួន ១០ ​ដែល​ត្រូវ​ជំរុញ​ផលិតកម្ម និង​ជំរុញ​ការនាំចេញ មានដូចជា ស្រូវ-អង្ករ​, ដំឡូងមី​, ចេក​, មៀន​ប៉ៃលិន​, ស្វាយចន្ទី​, ស្វាយ​, សាច់សត្វ​, ជ័រកៅស៊ូ​, ម្នាស់ និង​ម្រេច​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​អ្នកវិនិយោគ​លើ​វិស័យ​កសិកម្ម​ដែរនោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៨ ខែតុលា​ថា កម្ពុជា​នឹង​លែង​ទទួល​បាន​ការអនុគ្រោះ​ពន្ធ ឬ EBA ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នាពេល​ណាមួយ​នៅពេល​អនាគត ដូច្នេះ​ការធ្វើ FTA ទ្វេភាគី ឬ​ពហុភាគី​នឹង​ជួយ​រក្សា​កំណើន​នៃ​ការនាំចេញ និង​បង្កើត​ទីផ្សារ​ថ្មី​។

លោក​ប្រាប់ថា​៖ «​ពិតណាស់ ក្រោយពី​យើង​លែង​ទទួលបាន EBA ឬ​ការអនុគ្រោះ​ពន្ធ​ពី​បណ្តា​ប្រទេស​នានា គឺ​យើង​នឹង​រំពឹង​លើ FTA នេះហើយ​ដែល​អាច​ជំនួស​ទីផ្សារ​ចាស់ៗ និង​ទាក់ទាញ​វិនិយោគិន​មក​ប្រទេស​កម្ពុជា​កាន់តែច្រើន ក៏ដូចជា​ផលិត​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​វិញ​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា​ថា FTA នឹង​ជួយ​ធ្វើ​ពិពិធកម្ម​ផលិតផល​នាំចេញ​របស់​កម្ពុជា​។

លោក​អះអាងថា​៖ «​វិស័យ​កាត់ដេរ​ទទួលបាន​ការនាំចេញ​ដោយ​មិន​គិត​ពន្ធ​ទៅ​ប្រទេស​ចិន​ជាច្រើន​ឆ្នាំ​មកហើយ​នៅក្រោម FTA អាស៊ាន-ចិន ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​ ២០០៣​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​នឹង​ជួយ​បន្ថែម​លើ​ការធ្វើ​ពិពិធកម្ម​ផលិតផល​នាំចេញ ហើយ​វិស័យ​អាទិភាព គឺ​ការកែច្នៃ​កសិកម្ម និង​អាហារ​»​។

លោក​បន្ថែមទៀត​ថា​៖ «​បញ្ហា​គុណភាព ស្តង់ដា តម្លៃ និង​ការដឹកជញ្ជូន សុទ្ធតែជា​កត្តារួម​ផ្សំ​ដ៏សំខាន់​។ ការណ៍​នេះ​ទាមទារ​ឱ្យមាន​កិច្ចសហការ​កាន់តែ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព​ក្នុង​ចំណោម​ក្រសួង​ពាក់ព័ន្ធ និង​អ្នក​វិស័យ​ឯកជន​»​។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម បង្ហាញ​ថា ការនាំចេញ​កសិផល​របស់​កម្ពុជា​ (​មិន​រាប់បញ្ចូល​ផលិតផល​ជលផល ផលិតផល​សត្វ ព្រៃឈើ និង​ឈើ​កៅស៊ូ​) ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​តម្លៃ ៤ ០៧១ ៥៧១ ០៩៨,៣៧ ​ដុល្លារ​ដែល​ទីផ្សារ​ទទួល​ទិញ​ផលិតផល​ពី​កម្ពុជា​មាន​ចំនួន ៦៨ ​ប្រទេស​៕ LA