ភ្នំពេញៈ ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​រំពឹង​ថា នៅ​ឆ្នាំ​ ២០២២ ខាងមុខ​តម្លៃ​ម្រេច​នាំចេញ​របស់​កម្ពុជា​នឹង​កើន​ដល់ ២០ ០០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​ដែល​តម្លៃ​នេះ​អាច​ធ្វើឱ្យ​កសិករ​មាន​ទឹកចិត្ត​ក្នុង​ការដាំដុះ និង​មើលថែទាំ​ម្រេច​ឡើងវិញ​។

លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា​ថា មូលហេតុ​ដែល​នឹង​ជំរុញ​ឱ្យ​តម្លៃ​ម្រេច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង​នៅពេល​ខាងមុខ គឺ​ដោយសារ​ប្រជាកសិករ​មួយចំនួន​បាន​បោះបង់​ចោល​ការដាំ​ម្រេច​កាលពី​អំឡុង​ពេលដែល​តម្លៃ​ម្រេច​ធ្លាក់ចុះ​។ ការបោះបង់​ការដាំដុះ​បាន​ធ្វើឱ្យ​ស្តុក​ម្រេច​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ជាហេតុ​ធ្វើឱ្យ​ក្រុមឈ្មួញ​ជួប​ការពិបាក​នៅក្នុង​ការប្រមូល​ទិញ​ម្រេច​យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​នាំចេញ​។ លោក​បន្តថា ទោះបីជា​យ៉ាងណា ដោយ​សង្កេតឃើញ​ម្រេច​ចាប់ផ្តើម​មាន​ទីផ្សារ ធ្វើឱ្យ​កសិករ​ដែល​ធ្លាប់​បោះបង់ចោល​មួយចំនួន​បាន​ងាក​មក​ថែទាំ និង​ដាំដុះ​ម្រេច​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​ទិនុ្នផល​ និង​តម្លៃ​ម្រេច​នៅ​ឆ្នាំក្រោយ​អាច​នឹង​ប្រមូលបាន​ច្រើនជាង​ឆ្នាំនេះ ព្រោះ​នៅពេល​តម្លៃ​កើនឡើង វា​ក៏បាន​ជំរុញ​ឱ្យ​កសិករ​ចាប់ផ្តើម​ថែទាំ​ឡើងវិញ​»​។

លោក ម៉ាក នី ឱ្យដឹងទៀតថា ម្រេច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩ មានតម្លៃ​ជា​មធ្យម​ពី ៦ ០០០ ទៅ ៩ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម និង​ក្នុង​ឆ្នាំ​ ២០២០ តម្លៃ​កើន​ពី ៩ ០០០ ទៅ ១២ ០០០ រៀល ​ក្នុង​ ១ ​គីឡូក្រាម​។ ដោយឡែក​នៅ​ឆ្នាំ​ ២០២១ ម្រេច​មានតម្លៃ​ចន្លោះ​ពី ១២ ០០០ ​ដល់ ១៧ ០០០ ​រៀល និង​រំពឹងថា នៅ​ឆ្នាំ​ ២០២២ ខាងមុខ​តម្លៃ​ម្រេច​នឹង​កើន​ដល់ ២០ ០០០ រៀល ​ក្នុង ១ ​គីឡូក្រាម​។

ទោះយ៉ាងណា​លោក​អះអាងថា​៖ «​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ ខ្ញុំ​មើលឃើញថា នៅពេល​ម្រេច​មានតម្លៃ​ពី ១៤ ០០០ ​ទៅ ១៧ ០០០ ​រៀល​កសិករ​នាំគ្នា​ចាប់ផ្តើម​នាំគ្នា​ថែរក្សា​ដើម​ម្រេច​ឡើងវិញ​។ អ៊ីចឹង​ខ្ញុំ​រំពឹងថា ទិន្នផល​នឹង​កើន​ខ្ពស់​នៅ​ឆ្នាំ​ ២០២២ ខណៈ​តម្លៃនឹង​អាច​ឡើងដល់ ២០ ០០០​រៀល ​ក្នុង​ ១ ​គីឡូក្រាម​»​។

បើតាម​លោក ម៉ាក់ នី ក្នុង​មួយឆ្នាំៗ កម្ពុជា​បាន​នាំចេញ​ម្រេច​ទៅ​ទីផ្សារ​ក្រៅប្រទេស​ក្នុង​រង្វង់​ជិត ២០ ០០០ តោន​ដែល​ភាគច្រើន​គឺ​នាំ​ចេញទៅ​ប្រទេស​វៀតណាម ចន្លោះ​ពី​ ៧០-៨០ ​ភាគរយ ក្រៅពីនោះ​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​ប្រើប្រាស់​ក្នុងស្រុក​មាន​ប្រមាណ ១ ០០០ តោន​ក្នុង​ ១ ​ឆ្នាំ​។

លោក ពោន ប៉ែន កសិករ​ដាំ​ម្រេច​នៅលើ​ផ្ទៃដី ៥ ​ហិកតា​នៅ​ខេត្តកំពង់ធំ និយាយថា ទីផ្សារ​ម្រេច​នាពេល​បច្ចុប្បន្ន​មានតម្លៃ​ប្រមាណ ១៦ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម ខណៈ​កាលពី​ឆ្នាំ​ ២០២០ បានត្រឹមតែ ៦ ០០០ ​រៀល​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា លោក​បន្តថា កសិករ​មួយចំនួន​នៅពេល​ម្រេច​ធ្លាក់​ថ្លៃ​បាននាំគ្នា​បោះបង់​ចោល​ការដាំដុះ និង​ថែទាំ​ដែល​បណ្តាល​ឱ្យ​ងាប់​ដើម​អស់​ជាច្រើន​។ លោក​បន្តថា កសិករ​នឹង​រីករាយ​បើ​ម្រេច​នាំចេញ​មានតម្លៃ ២០ ០០០ រៀល ​ក្នុង​ ១ ​គីឡូក្រាម ប៉ុន្តែ​មិនទាន់​គ្រប់គ្រាន់​ទៅលើ​ការចំណាយ​ថែទាំ និង​ដាំ​ដុះ​ទេ ដោយ​យ៉ាងហោច​ណាស់ កើន​ដល់​ចន្លោះ​ពី​ ២០ ០០០ ទៅ ២៥ ០០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ទើប​ធ្វើឱ្យ​កសិករ​ទទួលបាន​ចំណូល​សមរម្យ​។

លោក​ថ្លែងថា​៖ «​វា​កើន​តម្លៃ​មែនហើយ ប៉ុន្តែ​តម្លៃ​ពលកម្ម និង​ការចំណាយ​ផ្សេងៗ​លើ​ការថែទាំ​ក៏មាន​ខ្ពស់​ដែរ​។ តម្លៃ​នេះ មិនទាន់​ឆ្លើយតប​ទេ​អ៊ីចឹង​កុំ​ឱ្យតែ​ចុះទៅ​វិញ​ទៅបាន​ហើយ​។ រក្សា​ប៉ុណ្ណឹង​បាន​ហើយ​។ ប្រសិនបើ​ចង់ឱ្យ​ប្រជាកសិករ​បាន​រស់​ស្រួល និង​បន្ត​ដាំដុះ​ម្រេច​ទៀត នោះ​តម្លៃ​ចាប់ពី ២០ ០០០ ​រៀល​ឡើង​ទៅជា​ការល្អ​»៕ LA