ភ្នំពេញៈ ក្រុមហ៊ុន B.Grimm Power Plc (BGRIM) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​បាន​ទទួល​មូលនិធិ​ថ្មី ២៨,១ ​លាន​ដុល្លារ​ ដើម្បី​ជំរុញ​គម្រោង​ថាមពល​សូឡា​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។

កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ក្រុមហ៊ុន BGRIM បាន​ចុះកិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​ជាមួយ​លោក Pramote Laocharoenwong ដើម្បី​ទិញ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន Ray Power Supply Co Ltd នៅ​កម្ពុជា​ក្នុងតម្លៃ ៣០០ ០០០ ​ដុល្លារ​។ កាសែត Bangkok Post បាន​រាយការណ៍​កាលពី​ថ្ងៃទី​ ៦ ខែវិច្ឆិកាថា ក្រុមហ៊ុន BGRIM ទទួលបាន​ឥណទាន​រួម ២៨,១ ​លាន​ដុល្លារ​ (៩៣៨ ​លាន​បាត​) ​ពី​ធនាគារ​ធំៗ ៣ ​របស់​ប្រទេស​ថៃ​ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​លើ​គម្រោង​ថាមពល​សូឡា​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។

ស្ថិតក្រោម​កិច្ចព្រមព្រៀង​រយៈពេល ១៥ ​ឆ្នាំ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២៨ ខែតុលា ធនាគារ​កសិករ (KBank) ធនាគារ​នីហរ័ណអាហរ័ណ​របស់​ប្រទេស​ថៃ​ (Exim Thailand) និង​ធនាគារ​បាងកក​ (Bangkok Bank) ​បានផ្តល់​មូលនិធិ​ឱ្យ Ray Power Supply Co (RPS) ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុមហ៊ុន B.Grimm Solar Power 1 Co​។

ក្រុមហ៊ុន RPS ប្រតិបត្តិការ​រោងចក្រ​ផលិត​ថាមពល​សូឡា​ទំហំ ៣៩ ​មេហ្គាវ៉ាត់​នៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ដំណើរការ​កាលពី​ខែធ្នូ ឆ្នាំមុន​។

ប្រធាន BGRIM លោក Harald Link ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត Bangkok Post បាន​លើកឡើង​ថា​៖ «​ប្រាក់កម្ចី​នេះ​គឺជា​ការបោះឆ្នោត​ផ្តល់​ទំនុកចិត្ត​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​របស់​ថៃ​ដល់​ក្រុមហ៊ុន BGRIM នៅពេលដែល​ការរៃអង្គាស​ប្រាក់​ជាទូទៅ​ត្រូវបាន​រំខាន​យ៉ាងខ្លាំង​ដោយ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩»​។

លោក​ថ្លែងថា​៖ «​រោងចក្រ​ថាមពល​សូឡា​របស់​ក្រុមហ៊ុន RPS ត្រូវបាន​ចាត់ទុកថា ជា​ជោគជ័យ​មួយ​សម្រាប់​ការបញ្ចប់​តាម​ការគ្រោងទុក ចំពេល​មានការ​រឹតបន្តឹង​ជាច្រើន រួមទាំង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ និង​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​សំណង់​មួយ​នេះ​ពេញ​ ១ ​ឆ្នាំ​ ២០២០»​។

យោងតាម​របាយការណ៍​ពី Bangkok Post រោងចក្រ​នេះ​បានចាប់ផ្តើម​ផ្គត់ផ្គង់​បណ្តាញ​អគ្គិសនី​ដល់​អគ្គិសនី​កម្ពុជា​ (EDC) កាលពី​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២០ ក្រោម​កិច្ចព្រមព្រៀង​រយៈពេល ២០ ​ឆ្នាំ​។

លោក Tipakorn Saiphatana អនុប្រធាន​ប្រតិបត្តិ​នៃ​ធនាគារ​កសិករ បានឱ្យដឹងថា ប្រាក់កម្ចី​ដល់​ក្រុមហ៊ុន RPS គឺ​ស្របតាម​គោលនយោបាយ​របស់​ធនា​គារ​ក្នុងការ​លើកកម្ពស់​ការវិនិយោគ​សម្រាប់​និរន្តរភាព និង​គាំទ្រ​ការផ្លាស់ប្តូរ​របស់​អតិថិជន​ទៅរក​សេដ្ឋកិច្ច​គ្មាន​ការបំភាយ​ឧស្ម័ន​។

លោក​ថ្លែងថា​៖ «​ធនាគារ​កសិករ​ជឿថា គម្រោង​នេះ​នឹង​ដើរតួ​សំខាន់​ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សេវាកម្ម និង​ឧបករណ៍ប្រើប្រាស់​អគ្គិសនី​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គួរឱ្យ​ទុកចិត្ត ដែលជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​»​។

លោក Niraman Laisatit អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​ធនាគារ​សាជីវកម្ម​នៅ​ធនាគារ​បាងកក បាន​កត់សម្គាល់ថា ធនាគារ​បាន​គាំទ្រ​ក្រុមហ៊ុន BGRIM រួចហើយ​ក្នុងការ​អភិវឌ្ឍ​គម្រោង​ផ្សេងៗ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ក្នុង​រយៈពេល​ជាង ២៦ ​ឆ្នាំ​មកហើយ ដោយ​ចាប់ផ្តើម​ជាមួយ​ផែនការ Amata B. Grimm Power 1 កាលពី​ឆ្នាំ​ ១៩៩៥៕ LA