ភ្នំពេញៈ រយៈពេល ១ ​សប្តាហ៍​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​លើ​វិស័យ​ខ្លះ​ឡើងវិញ ចំនួន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុងប្រទេស​មាន​ចំនួន​ជាង ១៧ ​ម៉ឺន​នាក់​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​។

ទិន្នន័យ​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញថា ចរន្ត​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​បាន​បន្ត​កើនឡើង​ជា​បន្តបន្ទាប់ ដោយ​ចាប់ពី​ថ្ងៃទី​ ៦-៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុងប្រទេស​មាន​សរុប ១៧៤ ៥៤៣ ​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ចំនួន ១៦៩ ៥៣២ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ៥ ០១១ ​នាក់​។

យោងតាម​តារាង​ទិន្នន័យ​គោលដៅ​សំខាន់ៗ​ដែល​ទទួលភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​សប្តាហ៍​ទី​ ១ ខែវិច្ឆិកា រួមមាន ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវ ៣៧ ៦៤១ ​នាក់​, រាជធានី​ភ្នំពេញ ៣៥ ២១០ ​នាក់​,​ខេត្តកំពត ១៦ ៥០១ ​នាក់​, ខេត្តសៀមរាប ១៥ ១០០ ​នាក់ និង​ខេត្តពោធិ៍សាត់ ១០ ៤៤៧ ​នាក់​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​លើកឡើងថា ទោះបី​ពុំមាន​ថ្ងៃ​ឈប់សម្រាក​ជា​បុណ្យជាតិ ប៉ុន្តែ​ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នៅតែមាន​ភាពសកម្ម​នៅ​រៀងរាល់​ចុង​សប្តាហ៍​។ លោក​ថ្លែងថា​៖ «​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​បើក​ដំណើរការ​ទទួល​ភ្ញៀវទេសចរ ខណៈ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​បាន​ផ្អាក​សកម្មភាព​កន្លងមក ក៏បាន​រៀបចំ​ទទួល​ភ្ញៀវ​ទេសចរ ក៏ដូចជា​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​នាពេល​ថ្ងៃ​ឈប់​សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខ​ផងដែរ​»​។

បន្ថែម​ពីលើ​នេះ លោក​ប្រាប់ទៀតថា ចំពោះ​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ គឺ​លោក​សង្កេតឃើញថា ទាំង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​ភ្ញៀវទេសចរ គឺមាន​ការយល់ដឹង​កាន់តែ​ប្រសើរ និង​បាន​ចូលរួម​អនុវត្ត​វិធានការ​នានា​កាន់តែ​សកម្ម ពិសេស​វិធានការ «៣​កុំ និង ៣​ការពារ​» ស្រប​ពេលដែល​រដ្ឋបាល​រាជធានី-ខេត្ត និង​មន្ទីរទេសចរណ៍​បាន​បន្ត​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​ (SOP) ឱ្យបាន​គ្រប់​មូលដ្ឋាន​អាជីវកម្ម​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ផ្នែក​ឯកជន​បាន​ត្រៀមខ្លួន​រួចហើយ​ទាំង​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ផលិតផល​ក្នុង​វិស័យ​ទេសចរណ៍ និង​ទីតាំង​កម្សាន្ត​ដែល​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​ (SOP)​។

លោកស្រី​បន្ថែមថា ចាប់ផ្តើម​ពី​អ្នកទេសចរ​ក្នុង​ស្រុក​គេ​សង្កេតឃើញថា វិស័យនេះ​ចាប់ផ្តើម​មាន​ចលនា​ឡើងវិញ​ហើយ បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​អះអាងថា​៖ «​កំណើន​នេះ​នឹង​បង្កើន​ភាពវិជ្ជមាន​បន្ថែមទៀត ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​សេដ្ឋកិច្ច​ឡើងវិញ​ស្ទើរ​ទាំងស្រុង​ទៅហើយ​នៅពេលនេះ​»​។

លោកស្រី​ប្រាប់ទៀតថា កំណើន​សកម្មភាព​ទេសចរ​ផ្ទៃក្នុង​នឹងមាន​សម្ទុះ​កាន់តែខ្លាំង​ថែមទៀត​នៅពេល​ដែល​កម្ពុជា​បើកទទួល​ភ្ញៀវទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​ឡើងវិញ​។

ប្រទេស​កម្ពុជា​បានប្រកាស​ពី​ផែនការ​ចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួចរាល់​ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ​តទៅ​។

ក្នុង​រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ​ ២០២១ ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​មាន​ចំនួន ១១២ ៥៤៤ ​នាក់ ធ្លាក់ចុះ ៩០,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​៕ LA