
ភ្ញៀវទេសចរដើរកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី។ ហុង មិនា
ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម.) ឆ្នាំ ២០២១-២០៣៥ ដើម្បីប្រែក្លាយខេត្តភូមិភាគឦសានមួយនេះទៅជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចេញអនុក្រឹត្យសម្រេចបង្កើតគណៈកម្មាធិការ (គ.ជ.ផ.ម.) ដើម្បីដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ ដែលបានអនុម័តកាលពីថ្ងៃទី ១២ សីហា ឆ្នាំ ២០២១ ដោយបានប្រគល់ភារកិច្ចទៅឱ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្វើជាប្រធាន។
ក្រៅពីនេះមាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធាន និងមានថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នជាច្រើនជាសមាជិក។
គណៈកម្មាធិការនេះនឹងដើរតួនាទីជាយន្តការស្ថាប័នរឹងមាំ និងអចិន្ត្រៃយ៍ ដើម្បីដឹកនាំអនុវត្តផែនការមេ រួមជាមួយការពិនិត្យ អនុម័តគម្រោងវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍ និងការគាំទ្រអន្តរវិស័យពាក់ព័ន្ធក្នុងខេត្តដូចចង្អុលក្នុងផែនការសកម្មភាពនៃផែនការមេ។
អភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែវិច្ឆិកាថា ជារឿងដ៏ល្អណាស់ដែលរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មាធិការ (គ.ជ.ផ.ម.) ដើម្បីដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនាពេលនេះ គឺនៅចំពេលស្ថានភាពជំងឺកូវីដ ១៩ បានធូរស្រាលបន្តិច ខណៈផែនការមេនេះនឹងអាចជួយជំរុញកំណើនទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីទ្វេដង។ លោកបន្ថែមថា បញ្ហាប្រឈមមួយចំនួនដែលខេត្តកំពុងជួបប្រទះ គឺវិស័យម្ហូបអាហារ ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។
លោក ម៉េងហ៊ាង បញ្ជាក់ថា៖ «បច្ចុប្បន្នខេត្តយើងនៅមានខ្វះខាតខ្លះ ដោយយើងមានមហិច្ឆតាធំក្នុងការអភិវឌ្ឍខេត្ត ជាពិសេសពេលនេះយើងកំពុងអភិវឌ្ឍទៅលើវិស័យទឹកស្អាត ដោយយើងកំពុងស្តារបឹង ២-៣ ក្នុងខេត្ត ហើយយើងនៅខ្វះខាត ដោយសារផ្លូវទៅតាមរមណីយដ្ឋានមួយចំនួនយើងនៅមិនទាន់ធ្វើឱ្យបានសមស្រប ព្រោះថវិកាមានការខ្វះខាត»។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បាននិយាយថា ផែនការមេមិនត្រឹមតែជួយដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែជាផែនការសម្រាប់អនុវត្តជាអន្តរវិស័យផងដែរ។ លោកអះអាងថា៖ «ផែនការមេហ្នឹងសំខាន់ព្រោះមានការអភិវឌ្ឍច្រើន មិនមែនតែវិស័យទេសចរណ៍នោះទេ គឺអន្តរវិស័យមានដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធនធានទឹក អគ្គិសនី សេវាកម្មស្នាក់នៅ និងម្ហូបអាហារ ក៏នឹងរីកចម្រើនទៅតាមហ្នឹងដែរ»។
រដ្ឋាភិបាលកម្ពុជាកន្លងមកបានប្រកាសពីផែនការកសាងព្រលានយន្តហោះខ្នាតតំបន់លើផ្ទៃដីប្រហែល ៣០០ ហិកតាក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយតាមការប៉ាន់ស្មានអាចមានតម្លៃ ៨០ លានដុល្លារ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា កាលពីខែកុម្ភៈនិយាយថា កាលបរិច្ឆេទសាងសង់គម្រោងនេះអាចចាប់ផ្តើមនៅឆ្នាំ ២០២២៕ LA