ភ្នំពេញៈ កម្ពុជា​រំពឹងថា ផែនការ​បំពាក់​គ្រឿង​បរិក្ខារ​សម្រាប់​ត្រួតពិនិត្យ​ទំនិញ​ដោយ​កាំរស្មី​អ៊ិច​នៅ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់ នឹង​ជួយ​ជំរុញ​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​នាំចេញ នាំចូល​រវាង​ប្រទេស​កម្ពុជា-ថៃ ​កាន់តែ​មាន​កំណើន​បន្ថែម​ទៀត​។

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកាថា គ្រឿង​ម៉ាស៊ីន​ត្រួតពិនិត្យ​កាំរស្មី​អ៊ិច​នឹង​ត្រូវ​ដាក់​នៅ​របង​ច្រកព្រំដែន និង​មួយទៀត​ដាក់​នៅ​កន្លែង​គយ​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ចេញចូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់​។

លោក​បាន​បន្តថា ការបំពាក់​គ្រឿង​ម៉ាស៊ីន​បរិក្ខារ​ត្រួតពិនិត្យ​កាំរស្មីអ៊ិច គឺ​ដើម្បី​ឱ្យមាន​សុវត្ថិភាព​ទំនិញ និង​ស្វែងរក​ទំនិញ​ដែល​ខុសច្បាប់​ឱ្យបាន​លឿន ខណៈ​ស្ទឹង​បត់ គឺជា​ច្រក​អន្តរជាតិ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​​ជាមួយ​ប្រទេស​ថៃ​។

លោក​ថ្លែងថា​៖ «​វា​លឿន​នៅក្នុង​ការឆែក​រក​ទំនិញ​ខុសច្បាប់ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ X-RAY អាចធ្វើ​ឱ្យមាន​សុខ​សុវត្ថិភាព ក្នុង​ការដឹកទំនិញរ​វាង​ប្រទេស​ទាំង​ ២​។ នេះ​គឺជា​ជំហាន​ទី ២ ប៉ុណ្ណោះ ដោយ​ជំហាន​ទី ១ ​យើង​កំពុង​សាងសង់​អគារ​ជាមុន​សិន​»​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បាន​និយាយថា គម្រោង​បំពាក់ X-RAY នៅ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់​នេះ​ទទួលបាន​ផលចំណេញ​ច្រើន​ទាំង​ពេលវេលា​ និង​ការធ្វើ​អនុលោមភាព​លើ​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម ព្រោះ​ការប្រើ​មនុស្ស​ទៅ​បើក​កុងតឺន័រ និង​ពិនិត្យ​ដោយ​ភ្នែក គឺ​មិនអាច​កំណត់​ពេលវេលា និង​គ្រប់គ្រង​លំហូរ​ពាណិជ្ជកម្ម​បានល្អ​ទេ​។

លោក​បន្តថា បើ​ពិនិត្យ​ដោយ​ភ្នែក​ពី​សំណាក់​មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រកព្រំដែន​អន្តរជាតិ វា​ក៏​មិន​អនុលោមភាព​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែរ ប៉ុន្តែ​បើ​ប្រើប្រាស់​បំពាក់​បរិក្ខារ​ម៉ាស៊ីន​ត្រួតពិនិត្យ​បែបនេះ គឺអាច​កំណត់​ពេលវេលា​បាន និង​ធ្វើឱ្យ​លំហូរ​នៃ​ការដឹកជញ្ជូន​ទំនិញ​មាន​ល្បឿន​លឿន មិន​កកស្ទះ​ជាពិសេស​វា​ស្របតាម​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​នេះ​ជា​ការល្អ ដែលមាន​នីតិវិធី​ត្រួតពិនិត្យ​ដោយ​ស្វ័យប្រវត្តិ វា​នឹង​មាន​ប្រសិទ្ធភាព ហើយ​ចំណេញ​ពេល​ជាង​ការប្រើប្រាស់​ដោយផ្ទាល់​ភ្នែក ឬ​ផ្ទាល់ដៃ​។ ខ្ញុំ​សូម​គាំទ្រ​ចំពោះ​យន្តការ​នេះ​»​។

ទោះជា​យ៉ាងណា លោក ចន្ធី អះអាងថា លោក​ក៏​កំពុង​រង់ចាំ​មើល​ការដាក់​តម្លៃ​ត្រួតពិនិត្យ​សិន ព្រោះ​បើ​ខ្ពស់​ពេក​គេ​នឹងមិន​ដឹក​តាម​ច្រក​នេះ​ទេ​។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង (NEDA) សហការ​ជាមួយ​នឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា បាន​ពិភាក្សាគ្នា​លើ​ការប្រើ​បច្ចេកវិទ្យា​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន ជាពិសេស​គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​តភ្ជាប់​មក​ផ្លូវជាតិ​លេខ​ ៥​។

គម្រោង​នេះ​នឹងមាន​បំពាក់​គ្រឿង​ម៉ាស៊ីន​បរិក្ខារ​ត្រួតពិនិត្យ X-RAY ដែល​តម្រូវឱ្យ​អាជ្ញាធរ​គយ​កម្ពុជា និង​ថៃ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​បរិក្ខារ​ស្កេន​ទំនិញ​ឱ្យមាន​លក្ខណៈ​បច្ចេកទេស និង​ស្តង់ដា​ដូចគ្នា ដើម្បី​ធានា​ឱ្យ​ប្រតិបត្តិការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​ ២ ​ដំណើរការ​ទៅដោយ​រលូន ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​។

ក្នុង​កិច្ចពិភាក្សា​នេះ លោក យិត បុណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​គយ​កម្ពុជា និង​អាជ្ញាធរ​គយ​ថៃ​សហការគ្នា​ឱ្យបាន​ជិតស្និទ្ធ​ដើម្បី​ធានាថា ការបំពាក់​គ្រឿង​ម៉ាស៊ីន​បរិក្ខារ​ស្កេន​ទំនិញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ឱ្យមាន​បច្ចេកទេស និង​ស្តង់ដា​តែមួយ​ដើម្បី​កុំឱ្យ​ការត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​ព្រំដែន​មាន​ភាពយឺតយ៉ាវ និង​ភាពស្មុគស្មាញ​។

ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ថៃ​រយៈពេល​ ៩ ​ខែ ដើមឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​សរុប ៥,៩៧ ​ពាន់​លាន​ដុល្លារ​កើន ១៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់ ៥,០៨ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ថៃ​៕ LA