
អាជីវកម្មបៀរហ្គាឌិន នឹងមិនអនុញ្ញាតឱ្យបើក បើមិនអនុវត្តស្តង់ដាអប្បបរមា (SOP)។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ បណ្តាមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ បាននិងកំពុងធ្វើការផ្សព្វផ្សាយនូវនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិនដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក៏ដូចជាធានាបាននូវសន្តិសុខ សុវត្ថិភាពភ្ញៀវ និងទីតាំងគោលដៅអាជីវកម្មសុវត្ថិភាព។
ការផ្សព្វផ្សាយនេះធ្វើឡើងក្រោយពី លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានរៀបចំពិធីផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិន ទៅដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ដើម្បីធ្វើការផ្សព្វផ្សាយបន្តតាមរយៈប្រព័ន្ធ Zoom កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមក។
លោក ប៉ាក់ សុខុម បានឱ្យដឹងថា បៀរហ្គាឌិន គឺជាសេវាកម្មទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅពេលរាត្រីតាមតំបន់គោលដៅទេសចរណ៍នានា ដែលឆ្លើយតបនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង។
លោកបានបន្តថា ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មបៀរហ្គាឌិនឡើងវិញ ការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិននេះនឹងក្លាយជាកត្តាចម្បងដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបានសុវត្ថិភាពភ្ញៀវជាតិ-អន្តរជាតិ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅថ្ងៃទី ១០ ខែវិច្ឆិកា នេះមន្ទីរនឹងចុះផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិនទាំង ៣០ ទីតាំងនៅខេត្តសៀមរាបអំពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី។
លោកលើកឡើងថា៖ «ជារួមយើងឃើញម្ចាស់អាជីវកម្មទាំងនោះកំពុងតែរៀបចំត្រៀមបើក តែយើងនឹងធ្វើការផ្សព្វផ្សាយស្តង់ដា (SOP) នេះជាមុនសិន ដើម្បីឱ្យគាត់បានយល់ដឹងបន្ថែម ហើយក្នុងករណីគាត់មិនអនុវត្តតាម យើងមិនអនុញ្ញាតឱ្យគាត់ដំណើរការអាជីវកម្មទេ»។
ចំណែក លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបាននិយាយថា សម្រាប់ខេត្តព្រះសីហនុថ្វីដ្បិតមានសក្តានុពលទេសចរណ៍ខ្លាំង តែសម្រាប់អាជីវកម្មបៀរហ្គាឌិន គឺមិនសូវមានការវិនិយោគទេ ដូច្នេះហើយទោះជាមិនទាន់មានកូវីដ ១៩ អាជីវកម្មបៀរហ្គាឌិន មានត្រឹមតែ ៤ ទៅ ៥ កន្លែងប៉ុណ្ណោះ។
លោក សុចិត្រគ្រឹស្នា បានបញ្ជាក់ថា៖ «សម្រាប់ខេត្តព្រះសីហនុយើងគឺងាយស្រួលទេ ដោយសារតែអាជីវកម្មបៀរហ្គាឌិនមានតិច ដូចនេះការផ្សព្វផ្សាយគឺលឿន ហើយការអនុវត្តរបស់ម្ចាស់បៀរហ្គាឌិនក៏មិនជាបញ្ហាដែរ»។
នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិន គឺផ្តោតទៅលើចំណុចសំខាន់ចំនួន ៦ រួមមាន គោលការណ៍ណែនាំសម្រាប់សុវត្ថិភាពភ្ញៀវ, គោលការណ៍ណែនាំសម្រាប់សុវត្ថិភាពបុគ្គលិក, គោលការណ៍នៃការរៀបចំបរិវេណទីតាំងអាជីវកម្មបៀរហ្គាឌិន, គោលការណ៍ការរៀបចំនៅកន្លែងទទួលទានអាហារ និងភេសជ្ជៈ, គោលការណ៍ការរៀបចំផ្ទះបាយ និងបុគ្គលិកផ្នែកចម្អិន, និងគោលការណ៍ការរៀបចំយន្តការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល។
រយៈពេល ១ សប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកប្រទេសលើវិស័យខ្លះឡើងវិញ ចំនួនភ្ញៀវទេសចរដើរកម្សាន្តក្នុងប្រទេសមានប្រមាណជាង ១៧ ម៉ឺននាក់។ នេះបើតាមទិន្នន័យពីក្រសួងទេសចរណ៍។
ទិន្នន័យរបស់ក្រសួងទេសចរណ៍បង្ហាញថា ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី ៦ ដល់ ៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ភ្ញៀវទេសចរដើរកម្សាន្តមានចំនួនសរុប ១៧៤ ៥៤៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៦៩ ៥៣២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ៥ ០១១ នាក់៕ LA