ភ្នំពេញៈ ប្រទេស​កម្ពុជា​ បាន​រចនា​ពន្លា​ជាតិ​តាម​ទម្រង់ 3D បានដាក់​តាំង​បង្ហាញ​ផលិតផល​សក្តានុពល រូបភាព​ស្តីពី​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វីដេអូ​ផ្សព្វផ្សាយ​ក្នុង​ពិធី​សម្ពោធ​ «​ពិព័រណ៍​ទំនិញ​នាំចូល​អន្តរជាតិ​ចិន លើក​ទី​ ៤ (The 4th China International Import Expo) និង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ ហុងឈាវ (Hongqiao International Economic Forum)» ដែល​រៀបចំ​នៅ​ក្រុង​សៀងហៃ ប្រទេស​ចិន ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​។

ពិព័រណ៍​ទំនិញ​នាំចូល​អន្តរជាតិ​ចិន លើក​ទី​៤ ដែល​បើក​ដំណើរការ​ជា​ផ្លូវការ ពីថ្ងៃ​ទី​ ៥-១០ ខែ​ វិច្ឆិកា ឆ្នាំ​ ២០២១ នេះ​មាន​ការចូលរួម​ថ្លែង​សុន្ទរកថា របស់​លោក ស៊ី ជីនភីង ប្រធានាធិបតី​សាធារណរដ្ឋ​ចិន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ព្រមទាំង​ថ្នាក់​រដ្ឋមន្ត្រី​របស់​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក​ចំនួន ១០៦ ប្រទេស​។

លោក ស៊ី ជីនភីង បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ប្រទេស​ចូលរួម​ទាំងអស់ និង​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​ត្រូវ​ដើរ​ឱ្យទាន់​និន្នាការ​ទូទៅ​នៃ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច និង​គាំទ្រ​ការបើកចំហ ហើយ​ប្រឆាំង​ឯកតោភាគី​និយម លទ្ធិគាំពារ​និយម និង​ជំរុញ​មនុស្សជាតិ​ឆ្ពោះទៅរក​អនាគត​ដ៏ល្អ​។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​៤ ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទំនិញ​នាំចូល​អន្តរជាតិ​ចិន​កម្រិត​ពិភពលោក​នេះ​។

លោក​បាន​បន្តថា ក្នុង​ការចូលរួម​ពិព័រណ៍​ទំនិញ​នាំចូល​អន្តរ​ជាតិចិន លើក​ទី​ ៤ ឆ្នាំ​ ២០២១​នេះ ពន្លា​ជាតិ​កម្ពុជា​ត្រូវ​បាន​រចនា​ឡើង​តាម​រចនាប័ទ្ម​ខ្មែរ​សម័យ​ទំនើប​តាម​ទម្រង់ 3D​។ ចំពោះ​អ្នកទស្សនា​ដែល​ចាប់អារម្មណ៍​អាច​ចូល​ទស្សនា​ពន្លាជាតិ​កម្ពុជា តាមរយៈ​តំណ​ភ្ជាប់​គេហទំព័រ​របស់​គណៈកម្មការ​រៀបចំ​ពិព័រណ៍ https://country.ciie.org/2021/Cambodia/index.html?lang=zh_CN​។

លោក​ថ្លែងថា​៖ «​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត មិន​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ផ្ទាល់​ទេ ទន្ទឹមនឹងនេះ​ក្រសួង​ពាណិជ្ជកម្ម​បានរៀបចំ​ពន្លា​ជាតិ​មួយ និង​ក្រុមហ៊ុន​កម្ពុជា​ចំនួន ៥ បាន​ចូលរួម​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អនឡាញ និង​បាន​សម្របសម្រួល​ឱ្យ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ដែលមាន​សាខា និង​ផលិតផល​នៅ​ប្រទេស​ចិន​ស្រាប់​ចូលរួម​តាំងពិព័រណ៍​ដោយផ្ទាល់​ផងដែរ​»​។

ពិព័រណ៍​ទំនិញ​នាំចូល​អន្តរជាតិ​នេះ​មាន​ក្រុមហ៊ុន​ចូលរួម ២ ៩០០ មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ១៤៣ រួមទាំង​កម្ពុជា​។ ក្នុងនោះ​មាន​ប្រទេស និង​អង្គការ​អន្តរជាតិ​​ធំៗ​ ៥៨ បាន​សាងសង់​ពន្លាជាតិ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ទំនិញ​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​រួមមាន ផលិតផល​ម្ហូបអាហារ សម្ភារកសិកម្ម យានយន្ត ឧបករណ៍​បច្ចេកទេស ទំនិញប្រើប្រាស់​ទូទៅ ឧបករណ៍​វេជ្ជសាស្ត្រ​ និង​ឱសថ និង​ពាណិជ្ជកម្ម លើ​វិស័យ​សេវាកម្ម​ជាច្រើន​ពាន់​ប្រភេទ​ទៀត​៕ LA