ភ្នំពេញៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) បាន​អំពាវនាវ​ឱ្យ​ម្ចាស់​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ទាំងអស់​ត្រូវតែ​ចូលរួម​គោរព​ច្បាប់ ដើម្បី​មាន​តម្លាភាព និង​អភិបាលកិច្ច​ល្អ​ក្នុងការ​បង់ពន្ធ ដោយ​យក​ក្រុមហ៊ុន​ស្រាបៀរ Heineken Cambodia ធ្វើជា​គំរូ ដែលជា​ការចូលរួមចំណែក​ដល់​ការប្រមូល​ចំណូល​ពន្ធ​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើង​ក្នុង​ពេល​ចូលរួម​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ឧបករណ៍​វាស់​បរិមាណ​ភេសជ្ជៈ និង​ស្រាបៀរ​ក្រុមហ៊ុន​ស្រាបៀរ Heineken នា​ថ្ងៃទី​ ១០ ខែវិច្ឆិកាថា ការដាក់​ឧបករណ៍​វាស់​បរិមាណ​ភេសជ្ជៈ និង​ស្រាបៀរ​របស់​ក្រុមហ៊ុន​ស្រាបៀរ Heineken Cambodia បានបង្ហាញ​ឱ្យឃើញថា ក្រុមហ៊ុន​នេះ​មានការ​អនុលោម​តាមច្បាប់ និង​ដើរតួ​ធ្វើជា​គំរូ​សម្រាប់​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ផ្សេងទៀត​។ Heineken ជា​រោងចក្រ​ផលិត​ស្រាបៀរ​ដំបូង​គេ​ដែល​ដំឡើង​ឧបករណ៍​វាស់​បរិមាណ​នេះ​។

លោក​ថ្លែងថា​៖ «​យន្តការ​វាស់​ស្រាបៀរ និង​ភេសជ្ជៈ​នេះ​សាមញ្ញ​ណាស់​។ ដោយសារ​តែ​អ្នកមាន​រង្វាស់​ស្រាបៀរ និង​ភេសជ្ជៈ​រួចហើយ ហើយ​រង្វាស់​ស្រាបៀរ និង​ភេសជ្ជៈ​ដែល​ដំឡើង​នេះ គឺ​គ្រាន់តែ​ជា​ការបន្ថែម​ទៅលើ​រង្វាស់​ស្រាបៀរ និង​ភេសជ្ជៈ​ដែលមាន​ស្រាប់តែ​ប៉ុណ្ណោះ​។ ទិន្នន័យ​ទាំងអស់​របស់​ឧបករណ៍​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ការិយាល័យ​ខ្ញុំ ដូច្នេះ​ខ្ញុំ​អាច​មើលឃើញ ហើយ​ខ្ញុំ​ចែករំលែក​ព័ត៌មាន​នៅក្នុង​ចំណោម​មន្ដ្រី​នៅ​នាយកដ្ឋាន​ពន្ធដារ​របស់​ខ្ញុំ​សម្រាប់​ការវាយតម្លៃ​»​។

លោក​បន្តថា​៖ «​ក្រុមហ៊ុន​ទាំងអស់​ត្រូវតែ​យល់ថា យើង​គ្មាន​ជម្រើស​ទេ​។ អ្នក​ត្រូវតែមាន​ការកែលម្អ​អភិបាលកិច្ច​សាជីវកម្ម​របស់​អ្នក​ផងដែរ​។ ប្រសិនបើ​អ្នក​មិនមាន​ការរក្សា​ការកត់ត្រា​ទុក​បញ្ជិកា​ឱ្យបាន​ត្រឹមត្រូវ តើ​ការ​គ្រប់គ្រង​រោងចក្រ​ដ៏ធំ​ដែល​អ្នក​បង្កើតឡើង​នេះ​បាន​ត្រឹមត្រូវ​ដូចម្ដេច​?»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​សន្យាថា នឹង​ធ្វើឱ្យ​ប្រាកដ​ថា គ្រប់គ្នា​ត្រូវតែ​គោរព​តាមច្បាប់​ក្នុងនាម​ជា​អ្នក​ប្រកួតប្រជែង​ដោយ​ស្មើភាព​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការបន្ត​ពង្រីក​ការវិនិយោគ​របស់​អ្នក​ [Heineken] និង​បន្តធ្វើ​តួនាទី​ជា​គំរូ​ក្នុង​នាម​ជា​អ្នក​បង់ពន្ធ​ ១ ​រូប​»​។

លោក Samson Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន Heineken Cambodia បានឱ្យដឹងថា ការទទួលបាន​លិខិត​សរសើរ​ដែល​បោះត្រា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​បង់ពន្ធ​លេខ​ ១ ក្នុងប្រទេស​នេះ គឺ​ដោយសារ​តែ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ជាពិសេស​ក៏ឆ្លុះ​បញ្ជាំង​អំពី​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ និង​ការរក្សា​នូវ​អាយុជីវិត​របស់​ប្រជាជន​។

លោក​និយាយថា​៖ «​ការរួមចំណែក​បង់ពន្ធ គឺជា​កត្តាចាំបាច់​បំផុត​ដើម្បី​ជួយ​ដល់​ការស្ទុះ​ងើបឡើង​វិញ​សេដ្ឋកិច្ច​របស់​ប្រទេស និង​សុខុមាលភាព​របស់​ប្រជាជន​។ ក្រុមហ៊ុន Heniken ប្តេជ្ញាចិត្ត​ក្នុង​ការចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តាមរយៈ​ការរួមចំណែក​ផ្សេងៗ​របស់​យើង​ចំពោះ​ប្រទេសមួយ​នេះ​។ យើង​ជឿថា ការដាក់​ឧបករណ៍​វាស់​បរិមាណ​ស្រាបៀរ និង​ភេសជ្ជៈ គឺមាន​ភាពចាំបាច់ នឹង​ធានាបាន​នូវ​ការបង់ពន្ធ​ត្រឹមត្រូវ ស្មើភាព និង​ត្រូវបាន​ប្រមូល​ដោយ GDT»​។

លោក​លើកឡើងថា​៖ «​ដូច្នេះ​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ ដើម្បី​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ចំពោះ GDT លើ​បញ្ហា​នេះ​។ យើង​ជឿថា ក្រុមហ៊ុន​ស្រាបៀរ​ផ្សេងទៀត​ដែល​ទទួល​ខុសត្រូវ​ពិតប្រាកដ និង​មាន​និរន្តរភាព​ធ្វើ​ដូចគ្នានេះដែរ​»​។

កម្ពុជា​បាន​នាំចូល​ស្រាបៀរ ស្រា និង​ស្រាស​ក្នុង​តម្លៃ ១៧,៨៩ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ៤៩,៧៨ ភាគរយ​ធៀប​នឹង ៣៥,៦១ ​លានដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

នៅ​កម្ពុជា​មាន​ប្រតិបត្តិករ​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ចុះបញ្ជី​ចំនួន ១៣​។ នេះ​បើតាម​ទិន្នន័យ​បាន​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៕ LA