ភ្នំពេញៈ ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង បាន​អះអាងថា ការអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​វិនិយោគ​ថ្មី ពិតជា​មាន​សារៈសំខាន់ និង​ចំពេល ខណៈ​ប្រទេស​កម្ពុជា​ត្រូវ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​ច្បាប់​នេះ​នឹង​រួមចំណែក​ក្នុង​ការធ្វើ​ឱ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​បានជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​។

ការថ្លែង​របស់​លោក លោក គិត ម៉េង ធ្វើឡើង​ក្នុង​សិក្ខាសាលា​តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ក្រោម​កិច្ចសហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដល់​ថ្នាក់ដឹកនាំ និង​សមាជិកសភា​ពាណិជ្ជកម្ម​កម្ពុជា​ប្រមាណ ៤០០ ​នាក់​ ក្រោម​អធិបតីភាព​លោក​ សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោក គិត ម៉េង បាន​បន្តថា​៖ «​ផ្នែក​ឯកជន​មាន​ការជឿជាក់​យ៉ាង​មុតមាំ​ទៅលើ​ច្បាប់​ស្តីពី​វិនិយោគ​នេះ​ថា នឹងមាន​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​បង្កើតបាន​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​បើកចំហ មាន​តម្លាភាព​អាច​ប៉ាន់ប្រមាណ​ទុកជា​មុន​បាន និង​ប្រកប​ដោយ​ភាពអំណោយផល​ការវិនិយោគ​»​។

លោក សុខ ចិន្តាសោភា បាន​លើកឡើងថា ច្បាប់​វិនិយោគ​ថ្មី​ត្រូវបាន​តាក់តែងឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​, បដិវត្តន៍​ឧស្សាហកម្ម​ទី​៤, បរិវត្ត​ឌីជីថល និង​ការរអាក់រអួល​នៃ​ខ្សែចង្វាក់​តម្លៃ​សកល ដែល​បណ្តាលមកពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​ច្បាប់​វិនិយោគ​ថ្មី​នេះ​ក៏​បាន​គិតគូរ​ដល់​ការលើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​ផងដែរ តាមរយៈ​ការផ្តល់​ការលើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព និង​ជំរុញ​ការតភ្ជាប់​ជាមួយ​សហគ្រាស​ខ្នាត​ធំ​»​។

លោក​បន្ថែមថា ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​គឺជា​រឿង​ចាំបាច់​ក្នុង​ការជួយ​ឱ្យ​សេដ្ឋកិច្ច​រីកលូតលាស់​។

ច្បាប់​ស្ដីពី​វិនិយោគ​ថ្មី​នេះ​ត្រូវបាន​តាក់តែងឡើង​តាម​ការចង្អុលបង្ហាញ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ និង​បាន​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ និង​តាក់តែងឡើង​យ៉ាងហ្មត់ចត់​ដោយ​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ រហូត​បញ្ចប់​នៅ​ចុង​ឆមាស​ទី​១ ឆ្នាំ​ ២០១៩ ស្របតាម​អនុសាសន៍​ណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី​ ១៨ កាលពី​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០១៩​។ ច្បាប់​វិនិយោគ​ថ្មី​នេះ​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា កាលពី​ខែតុលា​កន្លងមកនេះ​។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា ការបណ្តាក់ទុន​ថ្មីៗ​នៅ​កម្ពុជា​មិនទាន់​មាន​ភាពល្អ​ប្រសើរ​នោះទេ ជាក់ស្តែង​ចាប់ពី​ខែមករា ដល់​ខែសីហា មាន​គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រឹម ៧៥ ​គម្រោង​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ (CDC) ​អនុម័ត ដោយបាន​ធ្លាក់ចុះ ៣០ ​គម្រោង បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ គម្រោង​ថ្មីៗ​ទាំងនេះ​បង្កើត​ការងារ​បាន​ប្រមាណ ៥៧ ០០០ ​នាក់ ធ្លាក់ចុះ ៣២,៣ ​ភាគរយ និង​មាន​ទុនវិនិយោគ ១ ១០៦​ លាន​ដុល្លារ ធ្លាក់ ៥២,៥ ​ភាគរយ​៕ LA