ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថ្លែងថា​ «​អក្ខរកម្ម​ឌីជីថល​» កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការទ្រទ្រង់​ដល់​ការងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ចូលរួម​ពង្រឹង​និរន្តរភាព និង​ឧត្តមភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍ តាមរយៈ​ការទាញយក​សក្តានុពល​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​បម្រើឱ្យ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ ក្នុង​ពេលបច្ចុប្បន្ន និង​អនាគត​ស្របតាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។

ការថ្លែង​បែបនេះ​ត្រូវបាន​ធ្វើឡើង​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន​ ដើម្បី​ស្តារ​ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នា​ពិធី​ប្រកាស​ដាក់ឱ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក ថោង ខុន បាន​និយាយថា បច្ចេកវិទ្យា​កំពុង​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​បាន​ជ្រៀតចូល​យ៉ាងជ្រៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច សង្គម ក៏ដូចជា​ទំនាក់ទំនង​រវាង​កោសិកា​គ្រប់ផ្នែក គ្រប់​វិស័យ​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយ​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​កត្តាផលិតកម្ម ឥរិយាបថ​នៃ​ការប្រើប្រាស់ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ រួមទាំង​វិស័យ​ទេសចរណ៍​។

លោក​ថ្លែងថា​៖ «​ជា​ការពិត ការគិតគូរ​ពី​អក្ខរកម្ម​ឌីជីថល គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​បង្ហាញ​នូវ​ជំហាន​ថ្មី​មួយ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត​នៅ​កម្ពុជា តាមរយៈ​ការទាញយក​សក្តានុពល​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា បម្រើ​ដល់​ការគ្រប់គ្រង និង ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាតិ​ឱ្យមាន​ការរីកចម្រើន​»​។

លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​ប្រាប់ថា ដើម្បី​ជំរុញ​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ កម្ពុជា​ត្រូវ​បន្ត​ពង្រឹង​ការបណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ចាប់ពី​ការសិក្សា​នៅ​កម្រិត​មូលដ្ឋាន​។ លោក​បន្តថា​រាល់​អ្នកពាក់ព័ន្ធ​គឺ​ត្រូវ​បន្ត​ជំរុញ​ការស្រូប​យក និង​ការសម្រប​ខ្លួន ដោយ​បំផុស​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែលជា​កោសិកា​សង្គមសេដ្ឋកិច្ច និង​ជា​តួអង្គ​ដែល​មិនអាច​ខ្វះ​បាន​ត្រូវ​ស្រូបយក និង​សម្រប​ខ្លួន​នឹង​បច្ចេកវិទ្យា​ថ្មីៗ​តាមរយៈ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម និង​អាច​ស្វែងរក​ធនធាន​បន្ថែម​ដែលមាន​នៅ​អ៊ីនធឺណិត​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ប្រាប់ថា នៅពេល​ដែលមាន​ការប្រើប្រាស់ និង​ការអនុវត្ត​បច្ចេកវិទ្យា​ក្នុង​ប្រទេស​មាន​ភាពទូលំទូលាយ វា​នឹង​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​សេវាកម្ម​កក់​សំបុត្រ​យន្តហោះ សណ្ឋាគារ និង​សេវាកម្ម​ផ្សេងៗ​ទៀត ដែល​បម្រើ​ក្នុង​វិស័យ​​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន និង​មួយទៀត បច្ចុប្បន្ន​បច្ចេកវិទ្យា​ស្មាតហ្វូន​បាន​និង​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការប្រើប្រាស់​សម្រាប់​ទំនាក់ទំនង​នានា ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផងដែរ​។

លោក​និយាយថា​៖ «​ចំណេះ​ផ្នែក​បច្ចេកវិទ្យា​តាមរយៈ​ការបណ្តុះបណ្តាល​នេះ​នឹង​ជួយ​ដល់​ការផ្សព្វផ្សាយ​ផលិតផល​សេវាកម្ម​ទេសចរណ៍​កម្ពុជា​ទៅដល់​ដៃ​ភ្ញៀវ​នៅក្នុង​រយៈពេល​ខ្លី ដោយ​មិន​ចំណាយ​ថវិកា​ច្រើន ព្រមទាំង​ជួយ​ដល់​ប្រតិបត្តិការ​សេវាកម្ម​ជូន​ភ្ញៀវ មិនឱ្យ​មាន​ការពិបាក​ទាក់ទង ឬ​សួរនាំ​ច្រើនលើក​ច្រើនសា​នោះទេ​»៕ LA