ប្រព័ន្ធ​អប់រំ​ឌីជីថល​នៅ​លើ​អនឡាញ​របស់​ក្រុមហ៊ុន មិត្តហ្វូន ត្រូវ​បាន​ផ្ដល់​ចំណាត់​ថ្នាក់​​ជា​«ដំណោះ​ស្រាយ​បច្ចេក​វិទ្យា​ព័ត៌មាន​ធុរកិច្ច​ល្អ​បំផុត​ប្រចាំ​ឆ្នាំ» ដោយ​ស្ថាប័ន Globee Awards ដែល​ជា​កម្មវិធី​ផ្ដល់​ពាន​រង្វាន់​និង​ចំណាត់ថ្នាក់​ធុរកិច្ច​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ។

ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន មិត្តហ្វូន ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ដោយ​សហការ​ជាមួយ​ក្រសួង អប់រំ យុវជន និង​កីឡា​។

យោងតាម​ផែនការ SIS នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​សាលារៀន​ចំនួន ១០០០​កន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​នៅ​ដំណាក់​កាល​ដំបូង ប្រព័ន្ធ​នេះ​ត្រូវ​បាន​សាលា​រៀន​ចំនួន ៣០០កន្លែង បាន​ប្រើ​ប្រាស់​រួច​ជាស្រេច​ហើយ ដោយ​ក្នុង​នោះ​មាន​សិស្ស​ចំនួន​ជាង ៣០០ ០០០នាក់ និង​គ្រូ​ជាង ២០ ០០០​នាក់។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​គណៈគ្រប់គ្រង​របស់​មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់គឿង អគ្គនាយក​ក្រុមហ៊ុន​ មិត្តហ្វូន បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ SIS ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ Globee Awards ថា​ជា​កម្មវិធី​អប់រំ​ឌីជីថល​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​កម្មវិធី​លំដាប់​កំពូលៗ​នៅ​លើ​ពិភពលោក។

លោក​បាន​ថ្លែង​ថា៖ «រួមគ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​យក្ស​នៅ​លើ​ពិភពលោក ដូចជា IBM, HP និង Samsung ដែរ ក្រុមហ៊ុន​មិត្តហ្វូន​ប្រចាំ​កម្ពុជា សម្រេច​បាន​នូវ​ចំណាត់​ថ្នាក់​លំដាប់​កំពូល នៅ​ក្រោម​ចំណាត់​ប្រភេទ​នៃ​ពាន​រង្វាន់​ធុរកិច្ច​ឆ្នើម​អន្តរជាតិ ដោយ​ទទួល​បាន​ទាំង​ពានរង្វាន់​មាស​និងប្រាក់ សម្រាប់​ប្រព័ន្ធ​អប់រំ​ឌីជីថល​របស់ខ្លួន»។

លោក​បាន​បន្ថែម​ថា៖ «ពាន​រង្វាន់​ទាំង​នេះ​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​អំពី​ភាព​ឈាន​មុខ​គេ​របស់​មិត្តហ្វូន នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ឌីជីថល។ ហើយ​សមិទ្ធផល​នេះ កាន់តែ​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​បន្ថែម​ទៀត ក្នុង​ការ​នាំ​មក​នូវ​នវានុវត្តន៍​ផ្នែក​បច្ចេក​វិទ្យា​និង​ឌីជីថល​ច្រើន​ថែម​ទៀត​មក​ក្នុង​ទីផ្សារ​កម្ពុជា»។

យោង​តាម​ក្រុមហ៊ុន មិត្តហ្វូន បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ SIS ផ្ដល់​នូវ​អត្ថប្រយោជន៍ ៣ សំខាន់ៗ ដល់​អ្នក​ប្រើ​ប្រាស់។ ទីមួយ ប្រព័ន្ធ​នេះ​ផ្ដល់​នូវ​កម្មវិធី​អនឡាញ​មួយ​ដែល​អ្នក​ប្រើប្រាស់​អាច​ចូល​ប្រើ​វា​បាន​ដោយ​ប្រើ​អ៊ីនធឺណិត។ ទីពីរ ប្រព័ន្ធ​នេះ​ផ្ដល់​កម្មវិធី​សិក្សា​បត់បែន​បាន​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​សាលារៀន និង​ទីបី វា​ផ្ដល់​នូវ​អត្ថប្រយោជន៍​ផ្នែក​ត​ភ្ជាប់​ដោយ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរសព្ទ​មិត្តហ្វូន អាច​ចូល​ប្រើ​ប្រព័ន្ធ SIS ដោយ​មិន​គិត​ថ្លៃ​អ៊ីនធឺណិត។

គម្រោង SIS បង្កើត​ឡើង​ក្នុង​គោលដៅ​ចូល​រួម​ចំណែក​ដល់​កិច្ច​អភិវឌ្ឍន៍​នៃ​វិស័យ​អប់រំ​របស់​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​សេវាកម្ម​ឌីជីថល​ដល់​សាលារៀន​ជាង ១០០០កន្លែង នៅ​ទូទាំង​ប្រទេស។

គម្រោង​ឌីជីថល​មួយ​នេះ​មាន​គោល​បំណង​លើក​កម្ពស់​បទ​ពិសោធន៍​របស់​សិស្សានុសិស្ស តាម​រយៈ​ការ​បង្ក​លក្ខណៈ​ឱ្យ​សិស្ស​ចូល​ប្រើ​តាម​រយៈ​កម្មវិធី​អេប​ទូរសព្ទ​ដៃ ឬ​កម្មវិធី​នៅលើ​អនឡាញ, ជួយ​ផ្តល់​ជម្រើស​សម្បូរ​បែប​សម្រាប់​ការសិក្សា​តាម​អនឡាញ​ ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​តាមដាន​លទ្ធផល​សិក្សា​របស់​សិស្ស និង​ពង្រឹង​កម្មវិធី​អន្តរាគមន៍ និង​ផ្ដល់​លទ្ធភាព​ដល់​បុគ្គលិក​សិក្សា​ក្នុង​ការ​រៀបចំ​ចាត់​ចែង​ថ្នាក់​រៀន​នៅលើ​អនឡាញ៕