ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ផ្តល់​នូវ​សេវា​ធនាគារ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ដល់​អតិថិជន ធនាគារ ព្រីនស៍ ម.ក បាន​ដាក់​ដំណើរការ​ម៉ាស៊ីន​ អេធីអឹម Drive-Through ដំបូងគេ​បង្អស់​នៅ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ហាង​កាហ្វេ Amazon Coffee, Global House Sen Sok ភាគ​ពាយ័ព្យ​នៃ​រាជធានី​ភ្នំពេញ។

ការ​ដាក់​ដំណើរការ​ម៉ាស៊ីន អេធីអឹម ថ្មី​នេះ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅ​វេលា​ម៉ោង ១១:១១ នាទី​ព្រឹក ពី​សំណាក់​លោក ហ៊ន់ សុរចនា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រីនស៍ ម.ក លោក Leslie Lee នាយក​ប្រតិបត្តិ​អាជីវកម្ម និង​លោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋាន​បណ្តាញ​ចែក​ចាយ​ថ្មី ដែល​តំណាង​ឱ្យ​គណៈគ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ធនាគារ ព្រីនស៍។

លោក ហ៊ន់ សុរចនា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រីនស៍ ម.ក បាន​មាន​ប្រសាសន៍​ថា៖ «ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​តែ​បន្ត ហើយ​ស្រប​ពេល​ដែល​យើង​ទាំង​អស់​គ្នា​ក៏​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​រស់នៅ​បែប​សភាព​ធម្មតា​បែប​គន្លង​ថ្មី (New Normal) បាន​ប្រសើរ​ជាង​មុន​ផង​នោះ ការ​កែ​សម្រួល​នៃ​វិធីសាស្រ្ត​ប្រើ​ប្រាស់​សេវា​ធនាគារ​របស់​យើង​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​អតិថិជន»។

«ធនាគារ ព្រីនស៍ ម.ក តែង​តែ​ផ្តោត​សំខាន់​ទៅ​លើ​តម្រូវ​ការ​របស់​អតិថិជន​មុន​ជានិច្ច ហើយ​យើង​ក៏​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​បាន​ថា ពួកគេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដ៏​មាន​សុវត្ថិភាព និង​ប្រកប​ដោយ​ភាព​ងាយ​ស្រួល សម្រាប់​តម្រូវ​ការ​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​មធ្យោបាយ​នៃ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន អេធីអឹម នេះ​ទៀត​សោត​ ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ការពារ​ជំងឺ​កូវីដ១៩ ដែល​មាន​ដូចជា ការ​រក្សា​គម្លាត​សង្គម និង​ជៀស​វាង​កន្លែង​ដែល​មាន​មនុស្ស​អ៊ូអរ​ជាដើម។ ការ​បង្កើត​ម៉ាស៊ីន អេធីអឹម Drive-Through នេះ​ឡើង​គឺ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​ឥត​ឈប់ឈរ​របស់​យើង ​ដើម្បី​បំពេញ​នូវ​គ្រប់​តម្រូវ​ការ​របស់​អតិថិជន​ឱ្យ​កាន់​តែ​ប្រសើរ»។

«ម៉ាស៊ីន អេធីអឹម Drive-Through នេះ​គឺជា​មធ្យោបាយ​ថ្មី​នៃ​ការ​ប្រើប្រាស់​សេវា​ធនាគារ​នៅ​កម្ពុជា ហើយ​យើង​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ក្លាយ​ជា​ធនាគារ​ដំបូង​គេ​បង្អស់​ក្នុង​ការ​នាំ​យក​សេវា​ធនាគារ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​នេះ​មក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា។ ជា​ការ​ពិត​ណាស់​ម៉ាស៊ីន អេធីអឹម Drive-Through នេះ​មាន​ចំនួន​តិច​តួច​តែ​ប៉ុណ្ណោះ​នៅ​តាម​បណ្តា​តំបន់​ប៉ែក​អាស៊ី​អាគ្នេយ៍ ដែល​មាន​ដូចជា ប្រទេស សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និង ឥណ្ឌូនេស៊ី ជាដើម»។

«ជាង​នេះ​ទៅ​ទៀត ដោយសារ​តែ​ភាព​ជឿនលឿន​នៃ​បច្ចេក​វិទ្យា​ក្នុង​ការ​ផ្ទៀងផ្ទាត់ ដូចជា​ប្រព័ន្ធ biometrics និង geolocation អតិថិជន​អាច​ប្រើ​ប្រាស់​សេវា​ធនាគារ​កាន់​តែ​មាន​សុវត្ថិភាព និង​មាន​ភាព​ងាយស្រួល​ពី​ចម្ងាយ (ពី​គេហដ្ឋាន​ផ្ទាល់) ពី​យាន​ជំនិះ ឬ​នៅ​តាម​បណ្តា​សាខា​ណា​មួយ​ដែល​នៅ​ជិត​ពួកគេ​ជាដើម។ ហើយ​អតិថិជន​ក៏​អាច​ប្រើប្រាស់​សេវា​ធនាគារ​ទាំងនេះ​បាន​កាន់​តែ​ងាយ​ស្រួល​ផងដែរ​តាម​រយៈកម្មវិធី PRINCE Mobile របស់​យើង ឬ​តាម​រយៈ​ម៉ាស៊ីន ដក-ដាក់​ប្រាក់​របស់​យើង​នៅ​ទូទាំង​ផ្ទៃ​ប្រទេស»។

លោក​បន្ថែម​ទៀត​ថា ធនាគារ ព្រីនស៍ម.ក នឹង​បន្ត​ស្វែង​រក​សេវាកម្ម​ធនាគារ​ថ្មីៗ ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត មាន​សុវត្ថិភាព និង​ភាព​ងាយស្រួល​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បំពេញ​នូវ​គ្រប់​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​របស់​អតិថិជន ដែល​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ។

ម៉ាស៊ីន អេធីអឹម Drive-Through ដំបូង​របស់ ធនាគារ ព្រីនស៍ នេះ នឹង​ផ្តល់​នូវ​សេវាកម្ម​ជាច្រើន​ដល់​អតិថិជន​ រួម​មាន ការ​ដកប្រាក់ ទូទាត់​ប័ណ្ណ​ឥណទាន ផ្ទេរ​ប្រាក់ ការ​បញ្ចូល​កាត​ទូរស័ព្ទ ពិនិត្យ​សមតុល្យ​គណនី និង សេវាកម្ម ជាច្រើន​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ​ អតិថិជន​របស់​ធនាគារ​ផ្សេង ក៏​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម Drive-Through នេះ​បាន​ដូច​គ្នា ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​នូវ​ប័ណ្ណ​ម៉ាស្ទ័រកាត វីសា UnionPay និង ប័ណ្ណ CSS របស់​ពួកគេ។

លោក ហ៊ន់ សុរចនា បន្ថែម​ទៀត​ថា៖ «ម៉ាស៊ីន អេធីអឹម ថ្មី​នេះ ត្រូវ​បាន​បំពាក់​បន្ថែម​នូវ​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​ដល់​អតិថិជន ដោយ​ពួកគេ​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់ពី​លើ​យាន​ជំនិះ​របស់​ពួកគេ​នៅ​រាល់​ពេល​ដែល​ពួកគេ​មាន​តម្រូវ​ការ​សាច់​ប្រាក់ ឬ ចង់​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​ណា​មួយ​លើ 24/7 ។ លើស​ពី​នេះ​ទៅ​ទៀត អតិថិជន​នឹង​អស់​កង្វល់​លើ​ការ​ស្វែង​រក​ចំណត​យានយន្ត ដើម្បី​ដើរ​ទៅ​កាន់​ម៉ាស៊ីន អេធីអឹម ហើយ​ពួកគេ​នឹង​រីករាយ​ជាមួយ​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​បាន​លឿន​ជាង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន អេធីអឹម ធម្មតា ជាពិសេស នៅ​ពេល​ដែល​មាន​ការ​តម្រង់​ជួរ ឬ​នៅ​ក្នុង​បរិយាកាស​កកស្ទះ​ណា​មួយ​កើត​ឡើង។ មធ្យោបាយ​នៃ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន អេធីអឹម ថ្មី​នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​គម្លាត​សង្គម និង​ជា​វិធីសាស្រ្ត​ការពារ​ខ្លួន​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ផងដែរ»។

លោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋាន​បណ្តាញ​ចែក​ចាយ​ថ្មី បាន​មាន​ប្រសាសន៍​ថា លោក​ពិត​ជា​មាន​ភាព​រីករាយ​ណាស់​ដែល​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​លោក និង ក្រុម​ការងារ​ក្លាយ​ជា​ការ​ពិត ហើយ​ពិត​ជា​មាន​សេចក្តី​សោមនស្ស​ជា​ពន់​ពេក​ដែល​អាច​ផ្តល់​នូវ​សេវាកម្ម​ដ៏​មាន​ភាព​ងាយស្រួល​មួយ​ទៅ​កាន់​អតិថិជន។

បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ មាន​ទីតាំង អេធីអឹម ចំនួន ៧១ កន្លែង​ទូទាំង​ប្រទេស ដែល​រាប់​ទាំង​ម៉ាស៊ីន អេធីអឹម Drive Through ដំបូងគេ​នៅ​កម្ពុជា។ ម៉ាស៊ីន អេធីអឹម ផ្សេង​ទៀត​របស់​យើង​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តា​សាខា​ទាំង ៣២ ក៏​ដូចជា នៅ​តាម​ផ្សារ​ទំនើប ហាង​លក់​ទំនិញ ស្ថានីយ៍​ប្រេង​ឥន្ធនៈ និង​ម៉ាស៊ីន​អេធីអឹម​នៅ​ក្រៅ​សាខា ដែល​ស្ថិត​នៅ​ទី​ប្រជុំជន​ដ៏​មាន​សក្តានុពល​ខ្ពស់​ដើម្បី​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​របស់​អតិថិជន​របស់​យើង។

ដើម្បី​ស្វែង​រក​ទីតាំង​នៃ​ម៉ាស៊ីន​អេធីអឹម Drive-Through របស់​ធនាគារ ព្រីនស៍ ដំបូង​បង្អស់​នេះ សូម​ចូល​ទៅ​កាន់​តំណរ​ភ្ជាប់ Google Map ខាង​ក្រោម ៖ (https://goo.gl/maps/UyzPozWqcwUzqz4TA)។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនាគារ ព្រីនស៍ ឬ​អំពី​សេវាកម្ម​របស់​យើង សូម​ទាក់​ទង​មក​កាន់​លេខ 1800 20 8888 ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.princebank.com.kh ឬ​ទៅ​កាន់​សាខា​របស់​យើង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទូទាំង​ប្រទេស។

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន ក្នុង​ឆ្នាំ ២០១៥ ក្នុង​នាម​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​មួយ ដែល​មាន​ឈ្មោះ​ចាស់​ថា “គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយ​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ធនាគារ​ពាណិជ្ជ ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបតិ្តការ​ធនាគារ​លេខ ធ៤៦ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨។  ដោយ​មាន​មូលដ្ឋាន​ដើម​ទុន​ដ៏​រឹងមាំ ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប ប្រកប​ដោយ​ជំនាញ​ច្បាស់​លាស់ និង​ការ​យល់​ដឹង​យ៉ាង​ទូលំទូលាយ​អំពី​ទីផ្សារ​ក្នុង​ស្រុក ធនាគារ ព្រីនស៍ ម.ក មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​ក្លាយ​ជា​គ្រឹះស្ថាន​ឈាន​មុខ​ក្នុង​វិស័យ​ធនាគារ ដោយ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​ច្រើន​ជម្រើស និង​សម្បូរ​បែប​ដល់​អតិថិជន​របស់​យើង តាម​រយៈ​សេវាកម្ម និង​ផលិតផល​ជាច្រើន​ប្រភេទ ដែល​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ ជូន​អតិថិជន​របស់​យើង។​ យើង​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍ សហគ្រាស​ធុនតូច និង​មធ្យម ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អតិថិជន​គោល​ដៅ​របស់​យើង។ បច្ចុប្បន្ន​នេះ យើង​មាន​សាខា​ចំនួន ៣២ និង​ទីតាំង អេធីអឹម ចំនួន ៧១ នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា៕