ភ្នំពេញៈ អ្នកក្នុងវិស័យឧស្សាហកម្មហិរញ្ញវត្ថុបានបង្ហាញថា ការរីកលូតលាស់នៃផលិតផលឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដោយអតិថិជនកាន់តែទទួលយកបច្ចេកវិទ្យា ហើយមានបំណងចង់ធ្វើប្រតិបត្តិការតាមពេលវេលា និងពីទីកន្លែងរបស់ពួកគេ។
ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូល Cam-Tech ដែលរៀបចំពីថ្ងៃទី ៨-១២ ខែវិច្ឆិកា ដោយសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) សហការជាមួយនឹងធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ ឱ្យដឹងក្នុងពិធីបើកដំណើរការនេះថា ផលិតផលឌីជីថលជាច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលរួមមាន កម្មវិធីធនាគារចល័ត, កាបូបប្រាក់ឌីជីថល, ប្រឹក្សាយោបល់ដោយមនុស្សយន្ត, សំណើកម្ចីឌីជីថល, ការដាក់ពិន្ទុឥណទាន,ការទូទាត់តាមអនឡាញ, ការបញ្ជាបម្រើសេវាដោយខ្លួនឯង និងកម្មវិធីជាច្រើនផ្សេងទៀត។ កម្មវិធីទាំងនេះបានចំណែកដល់ការសម្រេចបាននូវគោលដៅដាក់បញ្ចូលហិរញ្ញវត្ថុជាតិឆ្នាំ ២០១៩-២០២៥។
លោកថ្លែងថា៖ «នៅពេលដែលផលិតផលឌីជីថល និងការសម្របខ្លួននឹងបច្ចេកវិទ្យារីកចម្រើន ចំណេះដឹងស្តីពីសុវត្ថិភាពអ៊ីនធឺណិត អក្ខរកម្មឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងកាន់តែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ទាំងនោះ ដើម្បីជួយពួកគេឱ្យយល់ដឹងពីហានិភ័យ និងអត្ថប្រយោជន៍ ហើយដូច្នេះពួកគេអាចការពារបានកាន់តែប្រសើរជាងមុន»។
លោកបន្ថែមថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រខ្លោដ ឯកជនភាពទិន្នន័យ ការការពារអ្នកប្រើប្រាស់ លេខសម្គាល់ឌីជីថល E-Kyc ពិតជាមានសារៈសំខាន់ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃផលិតផលឌីជីថល នៅពេលអនាគត។
លោក Baek, Jong Il ហេរញ្ញិក និងជាប្រធានគណៈកម្មាធិការទូទាត់នៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា ដើម្បីលើកកម្ពស់ការទទួលយក និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា កាលពីខែតុលា ឆ្នាំ ២០២០ បានដាក់ឱ្យដំណើរការនូវកម្មវិធីទូទាត់តាមទូរស័ព្ទអន្តរធនាគារ ដែលគេស្គាល់ថា «ប្រព័ន្ធបាគង» ដែលផ្តល់សម្ទុះខ្លាំងដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុតាមតំបន់ជនបទ និងការបណ្ដុះបណ្ដាលបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោកលើកឡើងថា៖ «សមាគមធនាគារនៅកម្ពុជាបានចាត់ទុកការសម្របខ្លួន និងការអភិវឌ្ឍឌីជីថល និងបច្ចេកវិទ្យានៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាគោលបំណងស្នូលមួយ ខណៈយើងមានគោលបំណងលើកកម្ពស់ការបន្តធ្វើទំនើបកម្មនៃប្រព័ន្ធធនាគារកម្ពុជា តាមរយៈការរៀបចំ គ្រប់គ្រង និងចូលរួមនៅគ្រប់សកម្មភាពអន្តរធនាគារទាំងអស់»៕