តម្លៃ​មាស​នៅ​សប្តាហ៍​នេះ​កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​ចន្លោះ​តម្លៃ ១ ៨០០ ដុល្លារ ទៅ ១ ៨៨៥ ​ដុល្លារ ក្នុង​មួយ​​អោនស៍ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ខ្ពស់​ដោយមាន​ការជំរុញ​ពី​ការកើនឡើង​នៃ​អត្រា​អតិផរណា​របស់​សហរដ្ឋ​អាមេរិក ដែលជា​អត្រា​ខ្ពស់បំផុត​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​ជាង​។

គេហទំព័រ CNBC បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា​៖ «​អតិផរណា​លើ​ប្រភេទ​ផលិតផល​ជាច្រើន គឺ​ខ្ពស់ជាង​ការរំពឹងទុក​ឆ្ងាយ​ក្នុង​ខែតុលា ដោយ​ឈានដល់​ចំណុច​ខ្ពស់បំផុត​ដែល​ធ្លាប់មាន​តាំងពី​ឆ្នាំ​ ១៩៩១​។ បើ​គិត​ទៅលើ​កម្រិត​មូលដ្ឋាន​ប្រចាំខែ ទិន្នន័យ​ជាក់ស្ដែង​នៃ​សន្ទស្សន៍​ថ្លៃទំនិញ​បាន​កើនឡើង​ដល់​ ០,៩% ខណៈ​ការរំពឹងទុក​​មាន​ត្រឹមតែ ០,៦%​។

ចំណែក ទិន្នន័យ​ជាក់ស្ដែង​នៃ​សន្ទស្សន៍​ថ្លៃទំនិញ​ស្នូល​បាន​កើនឡើង ដល់​ ០,៦% ដែល​ខ្ពស់ជាង​ការរំពឹងទុក ០,២%»​។ យោងតាម​គេហទំព័រ Orbex.com កាលពី​ថ្ងៃ​អង្គារ កាលពី​សប្តាហ៍​មុន ធនាគារកណ្ដាល​សហរដ្ឋ​អាមេរិក​បានទទួល​ស្គាល់​ថា អតិផរណា​ដែល​ខ្ពស់ជាង​ការរំពឹងទុក​ទំនងជា​បន្ដ​អូសបន្លាយ​មួយរយៈ​ទៀត និង​បញ្ជាក់ថា​គោលនយោបាយ​រូបិយវត្ថុ​ទំនងជា​មិន​ផ្លាស់ប្តូរ​ទេ ប្រសិនបើ​អតិផរណា​ពិតជា​ខ្ពស់ជាង​នេះ​។

យ៉ាងណា​ក៏ដោយ វា​មិន​មានន័យថា ឥទ្ធិពល​នៃ​អតិផរណា​នឹងមិន​បាត់ទៅ​វិញ​ទេ​។ ឧទាហរណ៍​៖ ប្រសិនបើ​អត្រា​សញ្ញា​បណ្ណ​នៅតែមាន​ស្ថិរភាព ទិន្នផល​ពិត​នៃ​មូលបត្រ​បំណុល​នឹង​រលាយបាត់ ហើយ​ធ្វើឱ្យ​ប្រាក់​ដុល្លារ​ធ្លាក់ចុះ​»​។

ជាទូទៅ ប្រសិនបើ​អត្រា​អតិផរណា​កើនឡើង​ខ្លាំង ការចំណាយ​របស់​មនុស្ស​នឹង​កើនឡើង​យ៉ាងខ្លាំង ហើយ​តម្លៃ​មាស​នឹង​ឡើងថ្លៃ ចាប់តាំងពី​មាស​ត្រូវបាន​គេ​មើលឃើញថា​ជា​ការការពារ​អតិផរណា​ដោយ​ផ្នែក​ធំ​នៃ​ការវិនិយោគ​។

សម្រាប់​ការវិភាគ​ការជួញដូរ​នៅ​សប្តាហ៍​នេះ វិនិយោគិន​អាច​ពិចារណា​ទិញ​មាស​នៅ​តម្លៃ​ចន្លោះ​ពី ១ ៨០០ ទៅ ១ ៨៤៥ ដុល្លារ​ក្នុង​មួយ​អោនស៍​។