ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ស្នើឱ្យ​ជប៉ុន​ជួយ​ជំរុញ​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​របស់ខ្លួន និង​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​កាន់តែច្រើន ខណៈ​កម្ពុជា​នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ​តទៅ​។

សំណើ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ស្ថានទូត​ជប៉ុន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១០ ខែវិច្ឆិកា​។

លោក ថោង ខុន បាន​លើកឡើងថា កម្ពុជា​ពិតជា​ចង់ឱ្យ​ភ្ញៀវទេសចរ​ជប៉ុន​ធ្វើដំណើរ​មក​ទស្សនា​កម្ពុជា​ឡើងវិញ​ឱ្យបាន​ច្រើន ក្រោម​យុទ្ធសាស្ត្រ​ទេសចរ​វ៉ាក់សាំង ដែល​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​នាពេល​ថ្មីៗ​នេះ​។ លោក​បន្តថា ក្នុងនាម​ក្រសួងទេសចរណ៍​លោក​ស្នើឱ្យ​លោក Mikami Masahiro ជួយ​ជំរុញឱ្យមាន​ជើងហោះហើរ​ត្រង់​កម្ពុជា-ជប៉ុន​បន្ថែមទៀត ខណៈ​វិបត្តិ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ការហោះហើរ​អន្តរជាតិ​ត្រូវ​ផ្អាក​ស្ទើរ​ទាំងស្រុង​។

ចាប់ពី​ថ្ងៃទី​ ៣១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ កម្ពុជា​នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​គ្រប់ដូស​ដោយ​ផ្តើមដំបូង​នៅ​គោលដៅ​ចំនួន​ ៣ រួមមាន ក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង និង​តំបន់​តារាសាគរ​។ ផែនការ​បន្ទាប់ គឺ​នៅក្នុង​តំបន់​សៀមរាប​អង្គរ ចាប់ពី​អំឡុង​ខែមករា ឆ្នាំ​ ២០២២​។

លោក ថោង ខុន ថ្លែងថា​៖ «​សូម​ស្នើឱ្យ​លោក Mikami Masahiro ជួយ​ជំរុញ​ការបើក​ឱ្យមាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា-ជប៉ុន​បន្ថែមទៀត ក្នុង​នោះ​នឹង​មាន​ការរៀបចំ​ពិសេស​សម្រាប់​ការធ្វើដំណើរ​របស់​ទេសចរ​ជប៉ុន​មកកាន់​តំបន់​គោលដៅ​ទាំង​ ៣ ​ខាងលើ​»​។

បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ភាគី​ជប៉ុន​ពិនិត្យ​លទ្ធភាព​ក្នុង​ការអនុញ្ញាត​ឱ្យ​ប្រតិបត្តិករ​ទេសចរណ៍ និង​ភ្ញៀវទេសចរ​កម្ពុជា​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ផងដែរ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ១១ ខែវិច្ឆិកា​ថា ការរូតរះ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មីៗ និង​ការជំរុញ​ឱ្យមាន​ជើង​ហោះហើរ​ផ្ទាល់ពី​ជប៉ុន​មក​កម្ពុជា គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការសម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ ក៏ដូចជា​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​ថមថយ​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។ លោក​បន្តថា កម្ពុជា​ទទួល​ស្វាគមន៍​គ្រប់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់ ខណៈ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ផលិតផល និង​ទីតាំង​ទេសចរណ៍​ថ្មីៗ​ត្រូវបាន​បង្កើត​ឡើងជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​ភ្ញៀវទេសចរ​ជប៉ុន​ត្រូវបាន​គេ​ដឹងថា មាន​លក្ខណៈ​សុភាពរាបសារ មាន​សុជីវធម៌​រស់នៅ​ល្អ និង​ភាគច្រើន​ចំណាយពេល​ស្នាក់នៅ​កម្ពុជា​ក្នុង​ចន្លោះ​ពី ៣-៥ ​យប់​»​។

ទោះជា​យ៉ាងណា លោក ស៊ីណាន បាន​កត់សម្គាល់​ថា ភ្ញៀវទេសចរ​ជប៉ុន គឺ​ពួកគាត់​ចូលចិត្ត​ធ្វើការ​តែ​ជាមួយ​នឹង​ក្រុមហ៊ុន​ជប៉ុន​ដូចគ្នា​ប៉ុណ្ណោះ​។

ទិន្នន័យ​ក្រសួងទេសចរណ៍​ឱ្យដឹងថា រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២១ ភ្ញៀវទេសចរ​ជប៉ុន​ធ្វើដំណើរ​មក​កម្ពុជា​មាន​ចំនួន ៨៨៦ ​នាក់ ធ្លាក់ចុះ ៩៧,៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​៕ LA