ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ក្រៅពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ ពិភពលោក​បាននិង​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។

នេះ​ជា​ការលើកឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ ក្នុង​ថ្ងៃទី​ ១១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។

លោក ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ប្រកប​ដោយ​វិបុលភាព និង​ជា​ប្រយោជន៍​ដល់​តំបន់​អាស៊ាន​នោះ អាស៊ាន​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​ពហុភាគី​និយម និង​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ ស្របតាម​ទិសស្លោក​ «​យើង​យកចិត្ត​ទុកដាក់​, យើង​ត្រៀមលក្ខណៈ យើង​រីកចម្រើន​»​។

លោក​បន្តថា បន្ថែម​ពីលើ​នេះ​ការជំរុញ​ការធ្វើសមាហរណកម្ម​សហគមន៍​អាស៊ាន តាម​គន្លង​ប្រក្រតីភាព​ថ្មី គឺជា​កិច្ចការ​ចាំបាច់ និង​សមស្រប​ដើម្បី​បង្កើត​ជា​កម្លាំង​មួយ​ដ៏ធំ​សំដៅ​ប្រែក្លាយ​អាស៊ាន​ទាំងមូល​ទៅជា​តំបន់​មួយ​ដែល​មាន​ភាពធន់ ភាព​ប្រកួតប្រជែង និង​បរិយាប័ន្ន​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី ផែនការ​មេ​ស្តីពី​ការតភ្ជាប់​អាស៊ាន នឹង​ដើរតួ​ជា​ផែនការ​គន្លឹះ ដែល​នឹង​ធានា​ការរីកចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច ជាមួយ​គម្លាត​អភិវឌ្ឍន៍​តិចតួច និង​ការតភ្ជាប់​គ្នា​ដោយ​រលូន​រវាង​ប្រទេស​ជា​សមាជិក និង​ជាមួយ​ពិភពលោក តាមរយៈ​ការធ្វើ​ឱ្យ​កាន់តែ​ស៊ីចង្វាក់​គ្នា និង​បរិយាប័ន្នភាព​នៃ​ការតភ្ជាប់​ទាំង​ ៣ គឺ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់​ស្ថាប័ន និង​ការតភ្ជាប់​ប្រជាជន​»​។

ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន ក៏បាន​ជំរុញ​អាស៊ាន​ថា ជំងឺ​កូវីដ​ ១៩ នឹង​បន្ត​បង្អាក់​ប្រតិបត្តិ​ការដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល​ក្នុង​រយៈពេល​វែង​ខាងមុខ​។ ដូច្នេះ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​គួរ​បន្ត​តាមដាន និង​ត្រួតពិនិត្យ​ម៉ឺងម៉ាត់​លើ​ដំណើរការ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព ក្រោម​ក្របខ័ណ្ឌ​ការស្តារ​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន ដោយ​សង្កត់ធ្ងន់​លើ​ការពង្រឹង​ការតភ្ជាប់​ក្នុង​តំបន់ ដើម្បី​ពង្រឹង​សក្តានុពល​នៃ​ទីផ្សារ​។

លោក​មានប្រសាសន៍​ថា​៖ «​ក្នុងន័យនេះ ការជំរុញ​ការដឹកជញ្ជូន​ឆ្លងដែន​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ប្រកប​ដោយ​ភាពរលូន និង​រហ័ស​ទាន់​ចិត្ត នឹងចូលរួម​លើកស្ទួយ​ខ្សែចង្វាក់​ផលិតកម្ម ក្នុង​តំបន់ ប្រកប​ដោយ​ភាពរឹងមាំ និង​និរន្តរភាព​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុកម្ម​កម្ពុជា និយាយ​ថា ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឆ្លងកាត់​តំបន់ និង​តភ្ជាប់​ក្នុង​ប្រទេស​ទាំង​ ១០ ​នៃ​តំបន់ និង​ក្នុងប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​ទាំង​ ៦ នៅតែ​មាន​ប្រក្រតីភាព ប៉ុន្តែ​មាន​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​ការរឹតត្បិត ចំពោះ​ការការពារ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩​។

លោក​បាន​ថ្លែងថា​៖ «​ការដឹកជញ្ជូន​នៅតែមាន​ប្រតិបត្តិការ​ជា​ហូរហែ ទោះបី​មាន​ការរំខាន​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ បញ្ហា​នេះ​នៅតែមាន​ជា​បញ្ហា​មនុស្ស និង​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ធ្វើឱ្យ​មាន​ការកកស្ទះ​។ តាមរយៈ​ការដឹកជញ្ជូន​នេះ វា​បាន​ជួយ​ច្រើនណាស់​ដល់​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​តំបន់ ក៏ដូចជា​ការជួយ​ដល់​អ្នក​ផលិត ប្រជាពលរដ្ឋ និង​កសិករ​ផងដែរ​»៕ LA