ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) និង​ធនាគារ​មីហ្សូហូ បាន​រៀបចំ​សិក្ខាសាលា​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ និង​ធុរជន​ជប៉ុន​អំពី​ច្បាប់​វិនិយោគ​ថ្មី ខណៈ​ច្បាប់​នេះ​ត្រូវ​រំពឹងថា​នឹង​អាច​ទាក់ទាញ​បាន​ការចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​នៅក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

សិក្ខាសាលា​ដែល​បាន​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​កន្លងមក​មាន​ការចូលរួម​ពី​លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, លោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​,​លោក អ៊ុង រចនា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​, លោកស្រី ម៉ារីសា ហារ៉ូតា តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO), តំណាង​ធនាគារ​មីហ្សូហូ ព្រមទាំង​តំណាង​ក្រុមហ៊ុន​ជប៉ុន​នៅក្នុង និង​ក្រៅប្រទេស​ជប៉ុន និង​ក្រុមហ៊ុន​ដែលមាន​វត្តមាន​នៅ​កម្ពុជា​ស្រាប់​ប្រមាណ​ជិត ៤០០ ​ក្រុមហ៊ុន​។

លោក សុខ ចិន្តាសោភា បាន​លើកឡើងថា ច្បាប់​វិនិយោគ​ថ្មី​នេះ​ត្រូវបាន​តាក់តែងឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ជាក់ស្តែង​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​តម្រូវការ​ជាក់ស្តែង​របស់​វិនិយោគិន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ​ និង​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ភាពតានតឹង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​, បដិវត្ត​ឧស្សាហកម្ម​ទី​ ៤, បរិវត្តកម្ម​ឌីជីថល​, និង​ការរអាក់រអួល​នៃ​ខ្សែ​ច្រវាក់​តម្លៃ​សកល​ដែល​បណ្តាលមកពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​តាមរយៈ​សិក្ខាសាលា​នា​ថ្ងៃនេះ​សហគមន៍​ធុរកិច្ច​ជប៉ុន និង​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា និង​បាន​យល់​កាន់តែច្បាស់​ និង​ស៊ីជម្រៅ​ពី​ច្បាប់​នេះ ហើយនឹង​ជួយ​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ជប៉ុន​ពី​ក្រៅប្រទេស​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​»​។

ជា​ការឆ្លើយបត លោក ម៉ាសាហ៊ីរ៉ុ មីខាមី បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បាន​តាក់តែង​ច្បាប់​ថ្មី​ស្តីពី​វិនិយោគ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​បាន​ទទួលយក​មតិ​ព្រមទាំង​សំណូមពរ​ពី​តំណាង​ផ្នែក​ឯកជន និង​សហគមន៍​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​ច្បាប់​ថ្មី​ស្តីពី​វិនិយោគ​នេះ​។

លោក​និយាយថា​៖ «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ការប្រកាស​ឱ្យប្រើ​នូវ​ច្បាប់​នេះ​នឹង​ក្លាយជា​យុទ្ធសាស្ត្រ​មួយ​ដ៏មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ក្នុង​ការស្តារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​សង្គម​ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទិសដៅ​ដ៏ទាក់ទាញ និង​ប្រកួតប្រជែង​ខ្ពស់​មួយ​នៅក្នុង​តំបន់ សម្រាប់​ការវិនិយោគ​ប្រកប​ដោយ​គុណភាព និង​ចីរភាព​»​។

បន្ថែម​ពីលើ​នេះ លោក​ក៏បាន​អះអាង​ពី​ការចូល​រួមសហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចជំរុញ និង​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន​មក​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព និង​វិបុលភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​៕