ភ្នំពេញៈ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-សិង្ហបុរី​ ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ៤ ៣៦៨,៨ លាន​ដុល្លារ កើនឡើង​ ៥១,២៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដែល​មាន ២ ៨៨៨,២ ​លាន​ដុល្លារ​។ នេះ​បើតាម​តួលេខ​ក្រសួង​ពាណិជ្ជកម្ម​។

តួលេខ​បង្ហាញថា ក្នុង​រយៈពេល​ខាងលើ​ការនាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់​ជាង ១១២,៣ ​លាន​ដុល្លារ ថយចុះ ៩៥,៤៧ ​ភាគរយ​ធៀប​ឆ្នាំមុន​ដែលមាន ២ ៤៧៨,១ ​លាន​ដុល្លារ​។ ដោយឡែក​ចំពោះ​ការនាំចូល​ពី​សិង្ហបុរី​វិញ មាន​ទឹកប្រាក់​ជាង ៤ ២៥៦,៤៧ ​លាន​ដុល្លារ កើនឡើង ៩៣៨,១២ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៤១០ ​លាន​ដុល្លារ​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាទូទៅ​ការដោះដូរ​ពាណិជ្ជកម្ម តែងតែ​ប្រែប្រួល​ជា​រឿង​ធម្មតា ដោយ​វា​អាស្រ័យ​ទៅ​លើ​តម្រូវការ​តិច ឬ​ច្រើន ខណៈ​ការនាំចូល​កើនឡើង​ខ្លាំង​បែបនេះ​ ដោយសារ​មុខទំនិញ​សំខាន់​មួយចំនួន​ដូចជា ប្រេងឥន្ធនៈ កៅស៊ូ​ក្រាលថ្នល់ សារធាតុ​គីមីឧស្សាហកម្ម គ្រឿងអគ្គិសនី និង​ភេសជ្ជៈ​។

លោក​ថ្លែងថា​៖ «​មូលហេតុ​មិនធំ​ដុំ​ទេ ព្រោះ​ការធ្វើ​ពាណិជ្ជកម្ម​គឺ​ដូច​តម្លៃ​នៅ​លើ​ទីផ្សារ​អ៊ីចឹង ថ្ងៃ​ខ្លះ​លក់ដាច់​បាន​ច្រើន ថ្ងៃ​ខ្លះ​លក់ដាច់​បាន​តិច ហើយ​វា​មិនអាច​គ្រប់​រឿង​សុទ្ធតែ​ជា​បញ្ហា ឬ​រាល់​ការប្រែប្រួល​សុទ្ធតែជា​បញ្ហា​នោះទេ​»​។

ចំពោះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​នេះ លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយថា មួយរយៈ​ចុងក្រោយ​នេះ​មាន​អ្នកវិនិយោគ​សិង្ហបុរី​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន គួបផ្សំ​នឹង​កិច្ចព្រមព្រៀង​លើកលែង​ពន្ធ​ត្រួតគ្នា​ទើបបាន​ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជកម្ម​បែបនេះ​។

លោក​បាន​បន្តថា កម្ពុជា​ឆ្លងកាត់​សិង្ហបុរី​ច្រើន ហើយ​មួយទៀត​ដោយសារ​ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​ជា​ផលិតផល​កសិកម្ម ដូចនេះ​ទើប​ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​សិង្ហបុរី​គឺមាន​ចំនួន​តិចតួច​ជាង​ការ​នាំចូល​។

លោក​បាន​បន្ថែមថា​៖ «​ទីផ្សារ​សិង្ហបុរី​មិនធំ​ទេ គឺ​ត្រឹមតែ​ជា​ប្រទេស​សម្រាប់​ទំនិញ​ឆ្លងកាត់​ប៉ុណ្ណោះ ដូច្នេះ​ការនាំ​ទៅ​សិង្ហបុរី ខ្ញុំ​ជឿថា​មិនមាន​ប៉ុន្មាន​នោះទេ ម្យ៉ាង​ប្រជាជន​គេ​តិច ហើយ​ផលិតផល​យើង​ភាគច្រើន​គឺ​កសិកម្ម ដូច្នេះ​ការនាំ​ចេញទៅ​សិង្ហបុរី​គឺមាន​ទំហំ​តូច​»​។

លោក​ប្រាប់ថា មួយរយៈ​ចុងក្រោយ​នេះ​មាន​ក្រុមហ៊ុន​សិង្ហបុរី​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន ភាគច្រើន​ផ្នែក​សំណង់ ផ្នែក​វាយនភណ្ឌ​កាត់ដេរ កសិកម្ម និង​សណ្ឋាគារ ជាដើម​៕LA