The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់

ជប៉ុន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់

Content image - Phnom Penh Post
កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​ជប៉ុន លើក​ទី​ ១៩ ដែលមាន​ការចូលរួម​ពី​លោក Nakayama Norihiro រដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន ដែល​ជា​សហប្រធាន​កិច្ចប្រជុំ និង​ការចូលរួម​របស់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន ។

ជប៉ុន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់

ភ្នំពេញៈ ប្រទេស​ជប៉ុន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏សំខាន់​សម្រាប់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយក៏​ជា​ដៃគូ​ឈានមុខ​ក្នុង​ការលើក​កម្ពស់​ការតភ្ជាប់​ក្នុង​តំបន់​ផងដែរ​។ នេះ​ជា​ការលើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​ជប៉ុន លើក​ទី​ ១៩ ដែលមាន​ការចូលរួម​ពី​លោក Nakayama Norihiro រដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន ដែល​ជា​សហប្រធាន​កិច្ចប្រជុំ និង​ការចូលរួម​របស់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល ដែល​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​បាន​លើកឡើងថា ប្រទេស​ជប៉ុន​កំពុង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន ដែលជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏សំខាន់ សម្រាប់​អាស៊ាន និង​ជា​ដៃគូ​ឈានមុខ​ក្នុង​ការលើកកម្ពស់​ការតភ្ជាប់​ក្នុង​តំបន់ តាមរយៈ​ការផ្តល់​ធនធាន​យ៉ាងច្រើន​ក្នុង​ការគាំទ្រ​ដល់​ការអនុវត្ត​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​ ២០២៥​។

លោក​ថ្លែងថា​៖ «​ក្នុង​វិស័យ​ដឹកជញ្ជូន ទំនាក់ទំនង​រវាង​អាស៊ាន និង​ជប៉ុន​នាពេលនេះ បាន​ឈានដល់​កម្រិត​នៃ​ភាពចាស់ទុំ និង​ការយោគយល់​ថ្មី​មួយ ដោយសារ​ការទំនាក់ទំនង​ទៅវិញ ទៅមក​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ ទំនាក់ទំនង​កាន់តែ​រឹងមាំ និង​ទូលំទូលាយ​កំពុង​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការធ្វើ​សមាហរណកម្ម​ស្ថាប័ន ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការរីកចម្រើន​លើ​គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន​សំខាន់ៗ​»​។

លោក​លើកឡើង​ទៀតថា ជា​ការកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ សកម្មភាព កម្មវិធី និង​គម្រោង​ផ្សេងៗ​ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​ក្រោម​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ដឹកជញ្ជូន​អាស៊ាន-ជប៉ុន (AJTP) ដោយ​ផ្តោត​ជា​សំខាន់​លើ​សសរស្តម្ភ​សំខាន់ៗ​ចំនួន ៤ គឺ​កិច្ច​សម្រួលការ​ដឹកជញ្ជូន​, ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, ការដឹកជញ្ជូន​ប្រកបដោយ​និរន្តរភាព និង​គុណភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស​៕

អត្ថបទគួរចាប់អារម្មណ៍