ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា លោក Park Heung-Kyeong បាន​សន្យា​នឹង​ខិតខំ​ជួយ​ជំរុញ​ភ្ញៀវទេសចរ​កូរ៉េ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន ខណៈ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មាន​អត្រា​ខ្ពស់​ក្នុង​ការទទួល​បាន​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ពេញលេញ​ដូចគ្នា ហើយ​ប្រទេស​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​សម្រាប់​ទាក់ទាញ​វិស័យ​ទេសចរណ៍​ផងដែរ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ថោង ខុន នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០២១ លោក Park Heung-Kyeong បានប្រកាស​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កម្ពុជា លើ​ការបើក​ទទួល​ទេសចរណ៍​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ពេញលេញ និង​បាន​សន្យា​ជួយ​ជំរុញ​ភ្ញៀវទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត ដោយសារ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មាន​អត្រា​ខ្ពស់​ក្នុង​ការទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ​ដូចគ្នា​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ដល់​ការរៀបចំ​របស់​ក្រសួង​ទេសចរណ៍ ជាពិសេស​លើ​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ការលើកកម្ពស់ និង​ការស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​អំឡុង និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩ តាមរយៈ​ការដាក់ចេញ​នូវ​ផែនការមេ និង​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​»​។

ក្នុង​ន័យ​ស្តារ​វិស័យ​ទេសចរណ៍​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ឡើងវិញ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ទេសចរណ៍​បានដាក់​ចេញ​នូវ​ផែនការ និង​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​ដូចជា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​, ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​, យុទ្ធសាស្ត្រ​បើក​ទេសចរណ៍​ចាក់​វ៉ាក់សាំង និង​គោលនយោបាយ​ទេសចរណ៍​ផ្ទៃក្នុង​ជាដើម​។

កម្ពុជា​គ្រោង​នឹង​បើកទទួល​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​លើកដំបូង​នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង និង​តំបន់​តារាសាគរ​នៃ​ខេត្តកោះកុង​ចាប់ពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ មុននឹង​បន្តទៅ​តំបន់​សៀមរាប​អង្គរ​នៅ​ខែមករា ឆ្នាំ​ ២០២២​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​លើកឡើងថា ក្រោម​ការយកចិត្ត​ទុកដាក់​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បច្ចុប្បន្ន​កម្ពុជា​បាន​សម្រេច​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​ជាង​ ៨០ ​ភាគរយ​ហើយ​។ តាមរយៈ​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង ការអប់រំ​ប្រជាពលរដ្ឋ ព្រមទាំង​ភាពស៊ាំ​ក្នុង​សហគមន៍​បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​មូលដ្ឋាន​ប្រកបដោយ​ភាពកក់ក្តៅ​ក្នុង​ការបើក​សេដ្ឋកិច្ច​សង្គម​ជា​ជំហានៗ ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​។ លោក​បន្តថា កន្លងមក​កម្ពុជា​ក៏​ទទួល​បាន​ភាពជោគជ័យ​នៃ​ការបើក​ទេសចរណ៍​ផ្ទៃក្នុង​ផងដែរ ដោយមាន​ការអនុវត្ត​នូវ​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​នានា​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ដាក់ចុះ​ដោយ​ក្រសួង​ទេសចរណ៍ បន្ថែម​លើ​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ការលើកកម្ពស់ និង​ការស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​អំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ និង​ផែនការ​យុទ្ធសាស្ត្រ​ដទៃទៀត​ ដែល​មាន​ស្រាប់ ដើម្បី​ឈានទៅ​ការបើក​ប្រទេស​ទាំងមូល​ប្រកបដោយ​សុវត្ថិភាព​។

លោក​លើកឡើង​ថា​៖ «​លទ្ធផល​នៃ​ការបើក​ទេសចរណ៍​ផ្ទៃក្នុង គឺជា​ការដក​បទពិសោធន៍​ក្នុង​ការបើក​ទទួល​ទេសចរ​អន្តរជាតិ​ពេញលេញ​នាពេលខាងមុខ​»៕