ក្រុមហ៊ុន ស៊ីភី ខេមបូឌា កំពុង​បង្កើន​ការពង្រីក​អាជីវកម្ម​វារីវប្បកម្ម​របស់ខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ណែនាំ​នូវ​វិធីសាស្ត្រ​ចិញ្ចឹម​ត្រី​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង និង​កំណើន​ចំនួន​ប្រជាជន​ក៏ដូចជា​ការផ្គត់ផ្គង់​មាន​តិច ដោយសារ​តែ​បរិមាណ​ត្រី​ធ្លាក់ចុះ​។

ក្រុមហ៊ុន​ ស៊ីភី ខេមបូឌា គឺជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​កសិឧស្សាហកម្ម​ និង​ចំណីអាហារ​ដ៏ធំ​ឈានមុខ​គេ​របស់​ប្រទេស​ថៃ​គឺ​ក្រុមហ៊ុន CPF ដែល​បាននិង​កំពុង​ប្រើប្រាស់​វិធីសាស្ត្រ​ជាច្រើន ដើម្បី​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ប្រកប​ដោយ​និរន្តរភាព ដែល​ត្រូវបាន​គាំទ្រ​ដោយ​​ការធ្វើ​អាជីវកម្ម​តាម​បែប​ទំនើប​ផ្តោតលើ​ការបង្កាត់​ពូជ​ត្រី ការផលិត​ចំណី​សត្វ និង​បច្ចេកទេស​ក្នុង​ការចិញ្ចឹម​។

ក្រុមហ៊ុន ស៊ីភី ខេមបូឌា បាន​កំណត់​ចក្ខុវិស័យ​រយៈពេល​វែង​របស់ខ្លួន​ក្នុង​ការផលិត​ផលិតផល​វារីវប្បកម្ម ដែល​មាន​គុណភាព​ខ្ពស់ សម្រាប់​តម្រូវការ​ក្នុងស្រុក និង​សម្រាប់​ការនាំចេញ ដែល​អាចជួយ​លើកស្ទួយ​សេដ្ឋកិច្ច​ជនបទ តាមរយៈ​ការបង្កើត​ឱកាស​ការងារ​ជាច្រើន​។

វារីវប្បកម្ម​គឺជា​អាជីវកម្ម​ស្នូល​មួយ​របស់​ក្រុមហ៊ុន CPF ដែល​បាន​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​វារីវប្បកម្ម​របស់ខ្លួន​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ ដែល​កំពុង​រីកចម្រើន​ជា​លំដាប់​។

ប្រព័ន្ធ​បញ្ចេញបញ្ចូល​ចរន្តទឹក​ត្រូវបាន​ត្រូតពិនិត្យ​យ៉ាង​ហ្មត់ចត់​។ Supplied

ក្រុមហ៊ុន CPF ប្រតិបត្តិការ​ជីវកម្ម​បសុសត្វ ដូចជា​ការចិញ្ចឹម​ជ្រូក មាន់ ជាដើម ហើយ​ចំពោះ​អាជីវកម្ម​វារីវប្បកម្ម​មាន​អាជីវកម្ម​ចិញ្ចឹម​ត្រី និង​បង្កង​ជាដើម​។ អាជីវកម្ម​របស់​ក្រុមហ៊ុន​រួមមាន ការផលិត​ចំណីសត្វ ការចិញ្ចឹម​សត្វ និង​ការកែច្នៃ​សាច់សត្វ ក៏ដូចជា​កែច្នៃ​អាហារ​។

លោក ស៊ីវៈភុន កាងកាន់ ប្រធាន​ចាត់ការ​ទូទៅ អាជីវកម្ម​វារីវប្បកម្ម​នៃ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ បាន​មានប្រសាសន៍​ថា​៖« ក្រុមហ៊ុន ស៊ីភី ខេមបូឌា បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​កាត់បន្ថយ​ការនាំចូល ជាពិសេស​ដើម្បី​លើកស្ទួយ​វិស័យ​វារីវប្បកម្ម​កម្ពុជា​ឱ្យមាន​​ការរីកចម្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច​​ និង​សង្គមជាតិ​»​។

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ផ្គត់ផ្គង់​ពូជ​ត្រី​ជាច្រើន​ប្រភេទ​រួមមាន ត្រី​​ទីឡាព្យ៉ា​ក្រហម ត្រី​អណ្តែង និង​​ត្រីប្រា ជាដើម​។ ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ពូជត្រី​ទីឡាព្យ៉ា​តាមបែប​ធម្មជាតិ ពីព្រោះ​វា​ជា​ពូជ​ត្រី​ដែល​មាន​គុណភាព​ល្អ​ធន់​នឹង​ជំងឺ អត្រា​រស់​ខ្ពស់ ធំ​លឿន និង​ជា​ពូជ​ត្រី​ល្អ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​។

កាលពី​ឆ្នាំមុន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា​៖ «​វារីវប្បករ​ទាំងអស់​យកចិត្ត​ទុកដាក់​បន្ថែមទៀត​លើ​ការអនុវត្ត​បច្ចេកទេស​ចិញ្ចឹម និង​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​ត្រី ដើម្បី​ច្បាម​យក រួច​ប្រើប្រាស់​កាលានុវត្តភាព​នៃ​វិបត្តិ​ជំងឺឆ្លង​កូវីដ​ ១៩ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

ឯកឧត្តម វេង សាខុន បាន​មាន​ប្រសាសន៍​ថា ផលិតកម្ម​វារីវប្បកម្ម​របស់​កម្ពុជា​បាន​កើនឡើង​ពី ៥០ ០០០ តោន ក្នុង​ឆ្នាំ​ ២០០៩ ដល់​ជាង ៣០០ ០០០ តោន ក្នុង​ឆ្នាំ​ ២០១៩​។ ក្រសួង​បានកំណត់​គោលដៅ​សម្រេច​ឱ្យបាន​ផលិតផល​វារីវប្បកម្ម​ចំនួន ៧៤០ ០០០ តោន​នៅ​ឆ្នាំ​ ២០២៤ ជាមួយ​នឹង​កំណើន​ជា​មធ្យម​ ២០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។

ក្រុមហ៊ុន CPF គឺជា​ក្រុមហ៊ុន​ប្រតិបត្តិការ​អាជីវកម្ម​កសិឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ ក៏ដូចជា​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ទៀត ដែល​ស្ថិតនៅក្រោម​ចក្ខុវិស័យ​អាជីវកម្ម​ «​ផ្ទះបាយ​ពិភពលោក​» ដែល​ផ្តោតលើ​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដែល​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការអភិវឌ្ឍ​នៅក្នុង​ស្រុក ជីវភាព​រស់នៅ និង​បរិស្ថាន​។

អាជីវកម្ម​វារីវប្បកម្ម​របស់​ក្រុមហ៊ុន CPF ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ប្រូបាយអូទិក (probiotic) ដែល​ការប្រើប្រាស់​សារធាតុ​គីមី​ត្រូវបាន​កាត់បន្ថយ​ឱ្យនៅ​តិច​បំផុត​។ ត្រី​ដែល​ចិញ្ចឹម​គឺ​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន ASC [Aquaculture Stewardship Council] ខណៈ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ចរន្តទឹក​ត្រូវ​ត្រូតពិនិត្យ​យ៉ាង​ហ្មត់ចត់ ជួយ​សន្សំសំចៃ​ទឹក និង​អាច​ចិញ្ចឹម​បង្កង​បាន​ផងដែរ ហើយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

ក្រុមហ៊ុន CPF គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​ការផលិត​ និង​លក់​ចំណី​សត្វ ហើយ​ផលិតផល​ចម្បងៗ​រួមមាន ចំណី​ជ្រូក ចំណី​មាន់ ចំណី​កង្កែប ចំណី​បង្កង និង​ចំណី​ត្រី​។

ក្រុមហ៊ុន CPF បង្កើន​ការលើកស្ទួយ​អាជីវកម្ម​កសិឧស្សាហកម្ម​​ និង​ចំណីអាហារ ហើយ​បាន​ពង្រីក​អាជីវកម្ម​នៅក្នុង​ប្រទេស​ជាច្រើន ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​ស្បៀង ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ទាំង​ប្រទេសជាតិ ប្រជាជន និង​ក្រុមហ៊ុន​៕