ភ្នំពេញៈ ថ្នាក់ដឹកនាំ​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​ឱ្យដឹងថា ខ្លួន​នឹងចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការផ្សព្វផ្សាយ និង​ណែនាំ​ឱ្យ​ម្ចាស់​គម្រោង​វិនិយោគ​នានា​លុបបំបាត់​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការផ្ដល់សេវា​អ៊ីនធឺណិត​ផ្ដាច់មុខ ព្រមទាំង​ប្តេជា​ជំរុញ​ឱ្យ​ប្រតិបត្តិករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ីនធឺណិត​បង្កើន​គុណភាព​សេវា​នៅតាម​បុរី​បន្ថែមទៀត​។

និយតករ​ទូរគមនាគមន៍​កម្ពុជា​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា បានចេញ​លិខិត​មួយ​ដោយ​ប្រាប់​ទៅ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​អំពី​ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការលុបបំបាត់​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការផ្តល់សេវា​អ៊ីនធឺណិត​ផ្តាច់មុខ​នៅតាម​បុរី អគារ​សហកម្មសិទ្ធិ និង​ទីប្រជុំជន​នានា​។ ជាមួយ​គ្នា​នេះ​ក្រសួង​ប្រៃសណីយ៍ ក៏បាន​បង្កើត​ក្រុមការងារ​លើកកម្ពស់​គុណភាព​សេវា​ទូរគមនាគមន៍​តាម​បុរី​ផងដែរ​។

តាមរយៈ​លិខិត​ខាងលើ និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ស្នើសុំ​ការសហការ​ពី​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ឱ្យ​ជួយ​ផ្សព្វផ្សាយ​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទៅដល់​ម្ចាស់​បុរី​នានា​ ដើម្បី​សហការ និង​ចូលរួម​អនុវត្ត​តាម​ការសម្រេច​របស់​រដ្ឋាភិបាល​, និង​បញ្ឈប់​រាល់​ការអនុញ្ញាត​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទាំងអស់​នៅក្នុង​បុរី​ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​ពី​និយតករ​ទូរគមនាគមន៍​ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ក្រុមការងារ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ធ្វើ​ការងារ​ជាមួយ​ប្រតិបត្តិករ​ទូរគមនាគមន៍​។

អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​ថា សមាគម​រីករាយ​ក្នុង​ការផ្សព្វផ្សាយ​ទៅ​ម្ចាស់​គម្រោង​នានា​អំពី​ការលុបបំបាត់​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការផ្ដល់សេវា​អ៊ីនធឺណិត​ផ្ដាច់មុខ ព្រោះ​កម្ពុជា​ជា​ប្រទេស​ប្រកាន់យក​នូវ​របប​ទីផ្សារសេរី​។ លោក​ថ្លែងថា​៖ «​សមាគម​នឹង​ខិតខំ​ផ្សព្វផ្សាយ ព្រោះ​វា​នឹង​ផ្តល់​ជា​ផលប្រយោជន៍​រួម​សម្រាប់​សាធារណជន​ទាំង​តម្លៃ និង​គុណភាព​»​។

ទន្ទឹមនេះ​លោក វណ្ណា ក៏បាន​លើកឡើង​ផងដែរ​ថា ការលុប​បំបាត់​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការផ្តល់​សេវា​អ៊ីនធឺណិត​ផ្តាច់មុខ​នៅតាម​បុរី អគារ​សហកម្មសិទ្ធិ នេះ​ក៏​នឹង​ជួប​បញ្ហា​នៃ​ការផ្តល់សេវា​ផងដែរ ព្រោះ​នៅមុន​ពេល​ចាប់ផ្តើម​សាងសង់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ឬ​សំណង់ តែង​រៀបចំ​បណ្តាញ​ក្រោម​ដី​ជាមុន ត្រង់ចំណុច​នេះ​សួរថា តើន​រណា​ជា​អ្នក​ត្រូវ​ចំណាយ​លើ​ការរៀបចំ​បណ្តាញ​? នេះ​ជា​បញ្ហា​ដែល​ត្រូវមាន​ការពិភាក្សា​រវាង​អ្នកពាក់ព័ន្ធ​ទាំងអស់​។

លោក​បន្ថែមថា​៖ «​កន្លងមក​មាន​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​មួយចំនួន​មិន​ព្រម​ចំណាយ​លើ​ការស្ថាបនា​បណ្តាញ​ទេ ប៉ុន្តែ​ចង់ភ្ជាប់​ប្រើ​បណ្តាញ​របស់​ក្រុមហ៊ុន​ដទៃ​ដែល​បាន​ស្ថាបនា​រួចហើយ​»៕ LA

វីដេអូ៖