ភ្នំពេញៈ អតិថិជន​ជិត ៣៨ ​ម៉ឺន​នាក់​បាន​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​មកកាន់​គ្រឹះស្ថាន​ទាំង ១១៥ ​ដែល​ជា​សមាជិក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែតុលា ដោយ​ថយចុះ​ជា​លំដាប់ ខណៈ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ កាន់តែ​មាន​ភាពធូរស្រាល​។

ក្នុង​នោះ​អតិថិជន​ជាង ៣៥ ​ម៉ឺន​នាក់​ (៩៤ ​ភាគរយ​) ​បាន​ទទួល​ការរៀបចំ​ឥណទាន​ក្នុង​ទំហំ​ឥណទាន​ជាង​ ១ ៧២០ ​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​របស់ CMA​។

លោក កាំង តុងងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​បាន​កើនឡើង​ខ្លាំង​ក្នុង​ខែឧសភា និង​មិថុនា ដោយ​ក្នុង​ ១ ​សប្តាហ៍​អាច​កើនឡើង​ដល់ ១ ​ម៉ឺន​នាក់ ប៉ុន្តែ​ចាប់ពី​ចុងខែ​កក្កដា ចំនួន​នៃ​ការស្នើសុំ​បាន​ធ្លាក់ចុះ​ត្រឹម​រយ​នាក់​ប៉ុណ្ណោះ​ក្នុង​ ១ ​សប្តាហ៍​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល ១០ ​សប្តាហ៍​ចុងក្រោយ​ចំនួន​ស្នើសុំ​ស្ថិតក្នុង​ចន្លោះ ១០០ ​ទៅ​ ៥០០ ​នាក់​ក្នុង​ ១ ​សប្តាហ៍​។ ផ្អែក​តាម​ទិន្នន័យ​នេះ​យើង​អាច​វាយតម្លៃថា ផលប៉ះពាល់​ពី​កូវីដ-១៩ បាន​ថយចុះ​ច្រើន ហើយ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ងើបឡើង​វិញ​សន្សឹម​»​។

លោក​បន្ថែមថា យ៉ាងណាក្តី CMA នឹង​បន្ត​តាមដាន​និន្នាការ​ផ្សេងៗ ដើម្បី​ការពារ​ផលប៉ះពាល់​ណាមួយ​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ​។

លោក ហួត អៀងតុង ប្រធាន​អគ្គនាយក​ធនាគារ​ហត្ថា ដែលជា​សមាជិក​របស់ CMA ដែរ​នោះ​បាន​និយាយថា ធនាគារហត្ថា បាន​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​ដល់​អតិថិជន​ស្ទើរ​គ្រប់គ្នា​ហើយ ដោយ​ការរៀបចំ​ឥណទាន​នេះ​បាន​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ពលរដ្ឋ និង​ធនាគារ​នៅ​អំឡុងពេល​វិបត្តិ​កូវីដ​ ១៩ ​នេះ​។

លោក​អះអាងថា​៖ «​សម្រាប់​ខាង​ធនាគារ​យើង អតិថិជន​ដែល​មក​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ លែង​សូវ​មាន​ច្រើន​ដូច​មុន​ទៀតហើយ​។ ការធ្វើ​ឥណទាន​ឡើងវិញ​គឺ​ផ្តល់​ពេល​ឱ្យ​អតិថិជន​ក្នុង​ការរក្សា​សាច់ប្រាក់ ដើម្បី​ពង្រឹង​អាជីវកម្ម​»​។

ទោះយ៉ាងណា បើតាម​លោក តុងងី គោលនយោបាយ​រៀបចំ​ឥណទាន​ឡើងវិញ​នឹង​ផុតកំណត់​ត្រឹម​ដំណាច់ឆ្នាំ​ ២០២១ ប៉ុន្តែ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​កំពុង​សិក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការពន្យារ​គោលនយោបាយ​នេះ ដោយសារ​អតិថិជន​មួយ​ចំនួន​នៅតែ​រង​ផលប៉ះពាល់​នៅឡើយ​។

យោងតាម​ធនាគារជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២១ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​រៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​ទំហំ​ប្រមាណ​ ២២,២ ពាន់​ពាន់​លាន​រៀល ស្មើនឹង ៥,៥ ពាន់​លាន​ដុល្លារ​៕ LA