ភ្នំពេញៈ លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​មាន​សុទិដ្ឋិនិយម​ថា ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​មួយ​ក្នុង​ចំណោម​ប៉ូល​សេដ្ឋកិច្ច​សំខាន់​របស់​កម្ពុជា បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​ឱ្យ​ក្រុមហ៊ុន​ចិន រៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​។

កាលពី​ថ្ងៃទី​ ១៧ តុលា រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​ជ្រើសរើស​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញ​ស៊ិនជិន​ (UPDIS) ​របស់​ប្រទេស​ចិន​ដើម្បី​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​ «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ​ដែល​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ថ្មី និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទិក និង​រមណីយដ្ឋាន​ក្នុង​តំបន់​។

ផែនការ​មេនេះ​អាច​ចំណាយពេល​សិក្សា​ ១៨ ​ខែ គឺជា​ផែនទី​បង្ហាញផ្លូវ​ដ៏សំខាន់​សម្រាប់​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ទៅជា​ «​ទីក្រុង Shenzhen ទី ​២» ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​ ២០១៥-២០២៥​។

លោក ឡុង ឌីម៉ង់ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសហ៊ុក​ផ្លូវការ​លោក ​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​ក្រុមការងារ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរក្រសួង​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១២ វិច្ឆិកា​ថា ក្នុង​បណ្ដា​ប៉ូល​សេដ្ឋកិច្ច​ដែលមាន​កាលានុវត្តភាព​សំខាន់ៗ​របស់​កម្ពុជា ខេត្ត​ព្រះសីហនុ​ជា​តំបន់​ដែលមាន​ឧត្ដមភាព​លេចធ្លោ​សម្រាប់​ការអភិវឌ្ឍ​។ លោក​បន្តថា ជាមួយ​នឹង​កាលានុវត្តភាព​នេះ ខេត្ត​ព្រះសីហនុ​បាន​ក្លាយជា​ខេត្ត​បាន​ទទួល​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​។

លោក​បញ្ជាក់ថា​៖ «​ផែនការមេ គឺជា​ត្រីវិស័យ​ក្នុង​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុបំណង និង​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ដើម្បី​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​ក្នុង​តំបន់​សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម និង​ការការពារ​បរិស្ថាន​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​»​។

លោក​បន្តថា​៖ «​កត្តា​ភូមិសាស្ត្រ និន្នាការ​វិវឌ្ឍន៍​ថ្មីៗ​សេដ្ឋកិច្ច​សកល និង​ចរន្ត​បំផ្លាស់ទី​នៃ​ប្រភេទ​ឧស្សាហកម្ម​ក្នុង​ពិភពលោក​មួយចំនួន​មកកាន់​តំបន់​អាស៊ី ដែល​បណ្ដាល​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ធំៗ ខេត្ត​ព្រះសីហនុ​នឹង​កាន់តែ​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការទាក់ទាញ និង​ស្រូបយក​វិនិយោគ​ពី​ខាងក្រៅ និង​អាច​ក្លាយ​ទៅ​ជា​ក្បាលម៉ាស៊ីន ឬ​ជា​ក្បាល​នាគ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​យើង​»​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ខែតុលា និយាយថា កម្ពុជា​បានកំណត់​ចក្ខុវិស័យ​ក្នុង​ការប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​ទាក់ទាញ និង​ស្រូបយក​ការវិនិយោគ​ពី​បរទេស​ដែល​អាច​ក្លាយជា​ «​ក្បាលម៉ាស៊ីន​ស្នូល​» ​ថ្មី​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់​លើ UPDIS ដែលមាន​បទពិសោធ​ជាង ៣០ ​ឆ្នាំ និង​បានបញ្ចប់​គម្រោង​ប្រមាណ ៥ ៨០០ ​គម្រោង​ជុំវិញ​ពិភពលោក ជាពិសេស​ជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុង​ការរៀបចំ​ផែនការមេ​របស់​ទីក្រុង Shenzhen ដែល​នឹង​ប្រើប្រាស់​បទពិសោធ​នេះ​ដើម្បី​រៀបចំ​ផែនការមេ​ប្រកប​ដោយ​គុណភាព​ខ្ពស់​សម្រាប់​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង តាមរយៈ​ការបង្ហាញ​ពី​ចក្ខុវិស័យ និង​ទិសដៅ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​»៕ LA