ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា លោក Park Heung-Kyeong បាន​សន្យា​នឹង​ជួយ​ជំរុញ​ភ្ញៀវទេសចរ​កូរ៉េ​ចាក់​វ៉ាក់សាំង​រួចរាល់​ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន នៅពេល​រដ្ឋាភិបាល​គ្រោង​នឹង​បើកទទួល​ភ្ញៀវទេសចរ​នៅ​ចុងខែ​វិច្ឆិកា​នេះ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា លោក ថោង ខុន នៅ​ទីស្ដីការក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា លោក Park Heung-Kyeong បាន​ប្រកាស​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​លើ​ការបើកទទួល​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ពេញលេញ និង​បាន​សន្យា​ជួយ​ជំរុញ​ភ្ញៀវទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត ដោយសារ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មាន​អត្រា​ខ្ពស់​ក្នុង​ការទទួល​បាន​ការចាក់​វ៉ាក់សាំង​ពេញលេញ​ដូចគ្នា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ដល់​ការរៀបចំ​របស់​ក្រសួង​ទេសចរណ៍ ជាពិសេស​លើ​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ការលើកកម្ពស់ និង​ការស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ និង​ក្រោយ​វិបត្តិ​កូវីដ-១៩ តាមរយៈ​ការដាក់ចេញ​ផែនការ​មេ​ និង​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​»​។

កម្ពុជា​គ្រោង​នឹង​ទទួល​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​លើកដំបូង​នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង និង​តំបន់​តារាសាគរ​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី​ ៣០ វិច្ឆិកា ឆ្នាំ​ ២០២១ មុននឹង​បន្តទៅ​សៀមរាប​អង្គរ​នៅ​ខែមករា ឆ្នាំ​ ២០២២​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន លើកឡើងថា ក្រោម​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បច្ចុប្បន្ន​កម្ពុជា​បាន​សម្រេច​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដល់​ប្រជាជន​ទូទាំងប្រទេស​បាន​ជាង​ ៨០ ​ភាគរយ​ហើយ​។ លោក​បាន​បន្តថា កន្លងមក​កម្ពុជា​ក៏​ទទួល​ភាពជោគជ័យ​ពី​ការបើក​ទេសចរណ៍​ផ្ទៃក្នុង​ផងដែរ​។

លោក​លើកឡើង​ថា​៖ «​លទ្ធផល​នៃ​ការបើក​ទេសចរណ៍​ផ្ទៃក្នុង គឺជា​ការដក​បទពិសោធ​ក្នុង​ការបើក​ទទួល​ទេសចរ​អន្តរជាតិ​ពេញលេញ​នាពេលខាងមុខ​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​ថា ភ្ញៀវទេសចរ​កូរ៉េ​ចូលចិត្ត​មក​ទស្សនា​នៅ​តំបន់​ប្រាសាទ និង​ធម្មជាតិ​នៅ​កម្ពុជា ហើយ​ការស្នាក់នៅ​របស់​ពួកគេ​គឺ​ភាគច្រើន​ចន្លោះ​ពី​ ៣-៥ ​យប់ គឺ​ប្រហាក់ប្រហែល​នឹង​ភ្ញៀវ​ជនជាតិ​ជប៉ុន​។

ទេសចរ​កូរ៉េ គឺ​មិន​ដូចនឹង​ភ្ញៀវទេសចរ​ពី​តំបន់​អឺរ៉ុប​នោះទេ ដោយ​​ពួកគេ​ចូលចិត្ត​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន ឬ​មគ្គុទ្ទេសក៍​ជនជាតិ​កូរ៉េ​ផ្ទាល់​តែម្តង​។

លោក​លើកឡើង​ថា​៖ «​ទោះ​មិនសូវ​ផ្តល់​ចំណូល​ដោយផ្ទាល់​ទៅដល់​មគ្គុទ្ទេសក៍​របស់​ក្រុមហ៊ុន​ក្នុងស្រុក ប៉ុន្តែ​វិស័យ​សណ្ឋាគារ កន្លែង​លក់ទំនិញ និង​ហាង​លក់​អាហារ​នៅតែ​អាច​បានទទួល​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​»​។

ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២១ ភ្ញៀវទេសចរ​កូរ៉េ​ធ្វើដំណើរ​មក​កម្ពុជា មាន​ចំនួន ២ ១៧១ ​នាក់ ធ្លាក់ចុះ ៩៥,៩ ​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​៕ LA